ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារមួយក្នុងក្រុងសៀមរាបច្នៃគល់ស្លឹកគ្រៃជាបំពង់បឺតជំនួសការប្រើប្លាស្ទីក
× សៀមរាប៖ ដោយមើលឃើញពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់ប្លាស្ទីកដ៏ច្រើនសន្ធឹកនាពេលបច្ចុប្បន្ន ថ្នាក់ដឹកនាំនៃសណ្ឋាគារមួយក្នុងក្រុងសៀមរាប បានរកឃើញពីវិធីសាស្ដ្រថ្មីមួយ ជំនួសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកក្នុងសណ្ឋាគារខ្លួន។ សណ្ឋាគារនេះបានច្នៃស្រទាប់គល់ស្លឹកគ្រៃ ជាបំពង់បឺត ជំនួសឱ្យការប្រើប្រាស់បំពង់បឺតជ័រ។
សណ្ឋាគារ ម៉េម័រ ផាឡេស កំពុងអនវុត្តន៍គោលការណ៍មិនប្រើប្រាស់ប្លាស្ទីកដំបូងគេនៅក្នុងក្រុងសៀមរាប។ អ្នកគ្រប់គ្រងសណ្ឋាគារនេះ បានឱ្យដឹងថា ម៉េម័របានបង្កើតគល់ស្លឹកគ្រៃ ជំនួសទុយោប្លាស្ទីក ចាប់ពីសណ្ឋាគារនេះបើកដំណើរការកាលពីដើមឆ្នាំ ២០១៨មក។
លោក ងួន ឆៃ បានបន្ថែមថា សណ្ឋាគារលោកមិនមានប្រើប្រាស់ដបទឹក ហើយក៏គ្មានការទិញទឹកពីក្រៅមកដែរ។ ជំនួសមកវិញ សណ្ឋាគារម៉េម័រ បានទិញម៉ាស៊ីនបន្សុទ្ធទឹកដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងសណ្ឋាគារផ្ទាល់ខ្លួន ក្នុងបំណងមិនចង់ឱ្យមានសំបកដបប្លាស្ទីកចរាចរក្នុងសណ្ឋាគារ។លោក ងួន ឆៃ បានឱ្យដឹងទៀតថា គោលការណ៍នេះ ត្រូវបានភ្ញៀវភ្ញាក់ផ្អើល កោតសសើរ និងអ្នកខ្លះចង់រៀនតាមផងដែរ។
ក្រៅពីការបំពង់បឺតស្លឹកគ្រៃ សណ្ឋាគារនេះក៏មានធុងបរិច្ចាគមួយ ដែលសម្រាប់ដាក់សម្ភារចាស់ៗ លែងប្រើ ដែលបានពីសាធារណជន ឬភ្ញៀវដែលមកស្នាក់នៅផងដែរ។ សម្ភារទាំងនោះ នឹងត្រូវបាននាំទៅចែកជូនអ្នកភូមិក្រីក្រដាច់ស្រយាលនៅក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក ងួន ឆៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com