អន្តរជាតិ
អ្នកណាខ្លះ មាន​សិទ្ធិ​ដាក់ពាក្យ​ប្តឹងទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)?
10, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​រយៈពេល​៧​ទសវត្សរ៍​មកហើយ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICJ ត្រូវបាន​បង្កើតឡើង​តាមរយៈ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​លក្ខន្តិកៈ​បន្ថែម​ផ្សេងទៀត​។ ជា​អង្គភាព​យុត្តិធម៌​ស្នូល​របស់​អង្គការសហប្រជាជាតិ តុលាការ ត្រូវមាន​សមាសភាព​ចៅក្រម ១៥ រូប ហើយ​មាន​តួនាទី​ពីរ​សំខាន់ រួមមាន​ដោះស្រាយ​វិវាទ​ផ្នែក​ច្បាប់​ដែល​ប្តឹង​ដោយ​រដ្ឋ​ភាគី​ភាគី និង​ផ្តល់​អនុសាសន៍​ដល់​ពួកគេ​។​

 
​ជាគោលការណ៍ មានតែ​រដ្ឋ​សមាជិក​នោះទេ ដែល​អាចដាក់​ពាក្យបណ្តឹង​បាន​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ពោលគឺ​មានតែ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ទាំង ១៩៣ ប៉ុណ្ណោះ​។ តុលាការ​គ្មាន​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​បុគ្គល​, អង្គការ​មិនមែន​រដ្ឋាភិបាល​, សហគ្រាស ឬ​ស្ថាប័នឯកជន​ឡើយ​។ តុលាការ​នេះ​រឹតតែ​មិនអាច​ផ្តល់​ប្រឹក្សា ឬ​ជួយ​អង្គភាព​ទាំងនេះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​អាជ្ញាធរ​របស់​រដ្ឋ​ណាមួយ​ផងដែរ​។ 
 
​ក្រៅពី​មិន​ទទួល​បណ្តឹង​បុគ្គល ឬ​ភាគី​មិនមែនជា​រដ្ឋ​សមាជិក តុលាការ​យុត្តិធម៌​អន្តរជាតិ ក៏​គ្មាន​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​លើ​បទល្មើស ដែលជា​ការចោទប្រកាន់​ទៅលើ​បុគ្គល​ណាមួយ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដ្បិត​តុលាការ​នេះ ក៏​មិនមែនជា​ប្រភេទ​តុលាការ​ព្រហ្មទណ្ឌ​នោះឡើយ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ តុលាការ អាច​ជំនុំជម្រះ​តែ​លើ​វិវាទ​ដែល​ស្នើ​ដោយ​រដ្ឋ​ណាមួយ ឬក៏​រដ្ឋ​ច្រើន​។ នេះ ក៏​មានន័យថា តុលាការ គ្មាន​សមត្ថកិច្ច​ដោះស្រាយ​ទៅ​វិវាទ​ដោយ​ការយល់ឃើញ​របស់ខ្លួន​បានឡើយ​។ ច​រិ​ក​លក្ខណៈ​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​ភាពខុសគ្នា​ជាមួយនឹង​បណ្តា​តុលាការអន្តរជាតិ​មួយចំនួន​របស់​អឺរ៉ុប និង​អាមេរិក ដែល​ផ្តល់​សិទ្ធិ​ឲ្យ​បុគ្គល​អាចដាក់​ពាក់​បណ្តឹង​បាន​នោះ​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ សេចក្តីសម្រេច ឬ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​វិញ គឺជា​ប្រភេទ​សេចក្តីសម្រេច ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​អនុវត្ត ចុងក្រោយ ហើយ​បិទផ្លូវ​ការប្តឹង​ជំទាស់​។ ក៏ប៉ុន្តែ ភាគី អាច​ស្នើ​ឲ្យ​តុលាការ​បកស្រាយ​ទៅលើ​សេចក្តីសម្រេច​នោះបាន និង​ស្ន​ឲ្យ​ពិនិត្យឡើងវិញ​ក្នុងករណី​ដែលមាន​ភាពមិនប្រក្រតី​ជាក់ស្តែង​៕ 
 

Tag:
 ICJ
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com