ហេតុអ្វី​ប្រជាជន​ចិន​ខ្លះ​មាន​ឥរិយាបថ​មិនគួរ​ឲ្យ​ស្វាគមន៍​?
អន្តរជាតិ
ហេតុអ្វី​ប្រជាជន​ចិន​ខ្លះ​មាន​ឥរិយាបថ​មិនគួរ​ឲ្យ​ស្វាគមន៍​?
04, Feb 2019 , 7:30 pm        
រូបភាព
អ្នកទេសចរជនជាតិចិនឈរចាំឆ្លងផ្លូវនៅទីក្រុងសៀងហៃ (រូបភាព៖ AFP)
អ្នកទេសចរជនជាតិចិនឈរចាំឆ្លងផ្លូវនៅទីក្រុងសៀងហៃ (រូបភាព៖ AFP)
​ប្រជាជន​ចិន​កើនឡើង​គ្រប់​ទីកន្លែង​លើ​ពិភពលោក ហើយ​បាន​បង្កើត​បញ្ហា​ដូចគ្នា​។ ពួកគេ​មិនសូវ​គោរព​ច្បាប់ទម្លាប់ ខ្សោយ​សីលធម៌ គ្មាន​សណ្តាប់ធ្នាប់ មាន​ច​រិ​ត​ឈ្លើយ និង​កោងកាច​ជាដើម​។ ប៉ុន្តែ​មិនមែន​មានន័យថា រាល់​ប្រជាជន​ចិន​សុទ្ធតែ​អាក្រក់​បែបនេះ​ឬ​តំណាង​ឲ្យ​ប្រជា​ជាតិចិន​ទាំងមូល​ទេ​។​ប្រជាជន​ចិន​ខ្លះ​ក៏​មិន​ពេញ​ចិត្តនឹង​ប្រជាជន​គ្នាឯង​ដែរ​។ រដ្ឋាភិបាល​ចិន​ខ្លួនឯង​ដឹង និង​យល់ច្បាស់​ថា វា​ជា​បញ្ហា​ធំ និង​ធ្វើ​ឲ្យ​ចិន​ខូច​មុខមាត់​ដែរ​។ ដូច្នេះហើយ ក្រុង​ប៉េកាំង​ប្រឹង​ពង្រឹង​ការគ្រប់គ្រង​អ្នកទេសចរ​ដែល​បង្ករឿង​នៅ​បរទេស​នេះ​ដូចគ្នា​ដោយ​កំណត់​ឈ្មោះ​ពួកគេ​ក្នុង​បញ្ជីខ្មៅ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​បរទេស​ទៀត​។


 
​ខាងក្រោម​នេះ​អាចជា​មូលហេតុ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​ប្រជាជនមាន​ឥរិយាបថ​មិនគួរ​ឲ្យ​ស្វាគមន៍​បែបនេះ​៖
 
១.​ក្លាយជា​អ្នកមាន​ទ្រព្យ​មួយ​ពព្រិច​ភ្នែក​
 
​អាមេរិក​ចំណាយពេល​មិន​ក្រោម​១០០​ឆ្នាំ​ទេ​ដើម្បី​ឈាន​មកកាន់​តំណែង​មហាអំណាច​ដឹកនាំ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចពិភពលោក​នេះ​។ ចុះ​ចិន​វិញ​? ចិន​ទទួលយក​សេដ្ឋកិច្ច​មូលធននិយម និង​ស្ថិត​លើ​ផ្លូវ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច ក្រោយ​ការបើកចំហរ​សេដ្ឋកិច្ច​អំឡុង​ឆ្នាំ ១៩៧៨ ប៉ុណ្ណោះ​។​
 
​ប្រជាជន​ចិន​ទើប​មានលទ្ធភាព​កើប​លុយ​ចន្លោះ ២០ ទៅ ២៥​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ វេលា​ខ្លី​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ខ្លះ​ក្នុងចំណោម ១,៤ពាន់​លាន​នាក់​ត្រៀមខ្លួន​ធ្វើជា​អ្នកមាន​ឡើយ​។ ត្រៀមខ្លួន​នេះ​សំដៅលើ​ចំណេះដឹង ប្តូរ​ចិត្ត គំនិត អត្ត​ច​រិ​ក និង​ឥរិយាបថ​។ បើ​ក្លាយជា​អ្នកមាន​តាម​ដំណាក់កាល គេ​ក៏​ទំនងជា​អាច​ក្លាយជា​អ្នកមាន​ដែល​ថ្លៃថ្នូរ​។​
 
២. របត់​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​ពលរដ្ឋ​ចិន​អាត្មានិយម​និង​គ្មាន​ច្បាប់ទម្លាប់​
 
​កត្តា​ប្រវត្តិសាស្ត្រ​មាន​ឥទ្ធិពល​ធំ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចិន​មាន​ស្ថានភាព​ដូច​បច្ចុប្បន្ន​អ​ត្មា​និយម ចង់​រស់​តែឯង​និង​មាន​ឥរិយាបថ​មិនគួរ​ឲ្យ​ស្វាគមន៍​។ គេ​ត្រូវ​ដឹងថា ចិន​ឆ្លងកាត់​របត់​ប្រវត្តិសាស្ត្រ​ច្រើន​ទាំង​ហិង្សា​នយោបាយ​, បដិវត្តន៍ សង្គ្រាមស៊ីវិល​, ការឈ្លានពាន​ពី​សំណាក់​បរទេស​ដែល​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម​, អស្ថិរភាព​, អនាធិបតេយ្យ​, ភាពក្រីក្រ​....​។ រាប់​ត្រួសៗ ព្រឹត្តិការណ៍​សំខាន់ៗ​រួមមាន សង្គ្រាម​អាភៀន​ជាមួយ​អង់គ្លេស​ឆ្នាំ ១៨៣៩, ជប៉ុន​ឈ្លានពាន​ឆ្នាំ ១៩៣៧, ចលនា​បដិវត្តន៍​សេដ្ឋកិច្ច និង​សង្គម​មហាលោតផ្លោះ​មហាអស្ចារ្យ​ឆ្នាំ ១៩៥៨, បដិវត្ត​វប្បធម៌​ឆ្នាំ ១៩៦៦ ជម្រះ​កម្អែល​មូលធននិយម រួមទាំង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​ធាន​អាន​មេន​ឆ្នាំ ១៩៨៩​។ 
 
៣.​កង្វះខាត​ការអប់រំ​!!!
 
​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​ពីរ មាន​ប្រជាជន​សរុប​ប្រហែល​១,៤​ពាន់​លាន​នាក់ (​របាយការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ ២០១៧ ប្រជាជន​ចិន​យ៉ាងហោចណាស់ ៨០០​លាន​នាក់​រួច​ផុតពី​ភាពក្រីក្រ​)​។ 
 
​ប៉ុន្តែ​សំណួរ​គឺថា តើ​ការអប់រំ​នៅ​ចិន​បានផ្តល់​ឱកាស​ឲ្យ​ប្រជាជន​ភាគច្រើន​អាច​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ ល្មម​អាចមាន​សីលធម៌​សមរម្យ យល់ដឹង​ខុសត្រូវ គោរព​ច្បាប់ទម្លាប់ និង​ស័ក្តិ​សមជា​មនុ​ស្សមាន​ទំនួល​ខុសត្រូវ​ថ្លៃថ្នូរ ឬ​យ៉ាងណា​? 
 
​ក្នុងសម័យ​បដិវត្តន៍វប្បធម៌​ចន្លោះ​ពី​ឆ្នាំ ១៩៦៦​ដល់​ឆ្នាំ ១៩៧៦ អ្នកមានចំណេះដឹង​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​និង​គាបសង្កត់​ខ្លាំង​។  ដល់​ឆ្នាំ ១៩៧៨ នេះ​ទេ ស្រប​ពេលដែល​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ចាប់ផ្តើម​បើកចំហ​សេដ្ឋកិច្ច ទើប​វិស័យ​អប់រំ​ត្រូវគេ​យកចិត្តទុកដាក់ និង​ទទួលបាន​ការវិនិយោគ​នោះ​។ ចាប់ពីពេលនោះ​អប់រំ​ត្រូវគេ​កំណត់​ជា​វិស័យ​ចម្បង​មួយ​បន្ទាប់ពី​កសិកម្ម និង​ឧស្សាហកម្ម​។ 
 
​ប៉ុន្តែ​បើទោះជា​បែបនេះ​ក្តី ប្រព័ន្ធ​នយោបាយ​បិទ​, កត្តា​ប្រជាសាស្ត្រ​, អំពើពុករលួយ​, វិសមភាព​សង្គម និង ភាពក្រីក្រ សុទ្ធសឹង​ជា​ឧបសគ្គ​ចម្បង​ដែល​នៅ​បន្ត​រារាំង​ការអភិវឌ្ឍ​វិស័យ​អប់រំ​ទូទាំងប្រទេស និង​ធានាថា គ្រប់គ្នា​មានលទ្ធភាព​ទទួល​ចំណេះដឹង​មូលដ្ឋាន​ដដែល​។  
 
 ៤.​មិនសូវមាន​លំហូរ​ចូល​វប្បធម៌​ពី​ក្រៅ 
 
​មិនមែន​រាល់​ឥទ្ធិពល​វប្បធម៌​បរទេស​សុទ្ធតែ​អាក្រក់​ឡើយ​។ វា​អាចជួយ​បើក​ខួរក្បាល បើក​ចិត្ត ប្តូរ​ផ្នត់គំនិត និង​ធ្វើ​ឲ្យ​យើង​ភាពទំនើប​ស៊ី​វិ​ល័យ​។ អ្នកណា​ក៏​ដឹងថា ចិន​មាន​នយោបាយ​បិទ ចំហរ​តែ​សេដ្ឋកិច្ច​។ សេរីភាព​ទទួល​ព័ត៌មាន​ក្នុង និង​ក្រៅប្រទេស រួមជាមួយ​ការបញ្ចេញមតិ ត្រូវបាន​រឹតត្បិត និង​ស្ថិតក្រោម​ការតាមដាន​។  វា​មិន​ចម្លែក​ទេ​ដែល​ឥទ្ធិពល​វប្បធម៌​បរទេស​ពិបាក​ជ្រាបចូល​ក្នុងសង្គម​ចិន​។ 
 
៥.​មិនសូវ​មានឱកាស​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​
 
​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ជួយ​ប្តូរ​ផ្នត់គំនិត​ដូចគ្នា​។ តើ​រយៈពេល​យូរ​ប៉ុណ្ណា និង ​ប្រជាជន​ចិន​ច្រើន​ប៉ុណ្ណាអាចធ្វើដំណើរទៅក្រៅប្រទេសបាន? តាមពិតទៅ​វា​ទើប​មួយ​ទសវត្សរ៍​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​ដែល​ប្រជាជន​ចិន​ច្រើន​លាន​នាក់​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅបរទេស និង អាច​ស្វែងយល់​និង​រៀន​សូត្រ​ពី​ពិភព​ខាងក្រៅ​។ យោងតាម​សារព័ត៌មាន South China Morning Post ក្នុង​ឆ្នាំ ១៩៩៧ ប្រជាជន​ចិន​ត្រឹម ៨,៤​លាន​នាក់​ប៉ុណ្ណោះ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។ ប្រជាជន​ចិន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​កើន​ដល់ ៨៣ លាន​នាក់​ក្នុង​ឆ្នាំ ២០១២, កើន​ដល់ ១០០​លាន​នាក់​នា​ឆ្នាំ ២០១៤ និង​កើន​ដល់​លើស ២០០​លាន​នាក់​ក្នុង​ឆ្នាំ ២០១៧៕
 

Tag:
 ​ចិន​
  សេដ្ឋកិច្ច​
  សីលធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com