ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្ត​ត់​ផ្គង់​សម្រាប់តែ​ទីផ្សារ​កម្ពុជា​នោះទេ
10, Oct 2018 , 8:25 am        
រូបភាព
សម្តេច ហ៊ុន សែន ​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន «​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» ទីក្រុង​តូ​ក្យូ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨
សម្តេច ហ៊ុន សែន ​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន «​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» ទីក្រុង​តូ​ក្យូ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨
ដោយ: រួបរួម
​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន «​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» ទីក្រុង​តូ​ក្យូ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ជប៉ុន​ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​។ សម្តេច​បានលើកឡើង កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​តំបន់​មេគង្គ​ដែលមាន​សក្តានុពល និង​កាលានុវត្តភាព​ជាច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​។​



«​ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សា​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង ១៥​លាន​នាក់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់ ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ​៦៣០ លាន​នាក់ និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RECP) ដែលមាន​អតិថិជន​ប្រមាណ​៣​ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​»​។ នេះ​ជា​ថ្លែង​អះអាង​របស់​សម្តេច ហ៊ុន សែន​។​

​ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ សំដៅ​ស្វែងរក ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​ដែលមាន​ស្រាប់ និង​អនុវិស័យ​ពាក់ព័ន្ធ​, ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​, រៀបចំខ្លួន​ស​ម្រា​ការ​ឈោង​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​យុគសម័យ​ឌី​ជី​យល និង​ឈោង​ចាប់យក​ឱកាស​ក៏ដូចជា​ជំនះ​ផល​វិ​បាល​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក្នុង​គោលដៅ​បម្រើ​ឲ្យ​បេសកកម្ម​នៃ​ការដឹកនាំ​កម្ពុជា​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ 

​ក្រៅពី​បាន​គូស​បង្ហាញ​ពី​សក្តានុពល​នៃ​ផលិតផល​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​តំបន់ និង​ពិភពលោក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ ទីតាំង​ដ៏​អនុគ្រោះ​របស់​កម្ពុជា​សម្រាប់​ការវិនិយោគ កម្លាំង​ពលកម្ម​សម្បូរបែប និង​ការបើកចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។​

​ឆ្លៀតឱកាស​នៃ​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន «​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​» នោះដែរ សម្តេច ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៍​ឈ្លាសវៃ​របស់ អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ជប៉ុន ដែល​បានជ្រើសរើស និង​មានបំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ជប៉ុន​ដែល​មិនទាន់​បានមក​កម្ពុជា​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ ដើម្បី​ទាក់​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​»​។

​ជាមួយគ្នានេះ សម្តេច បាន​ធានាថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយផល និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៍​ដូចជា​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន​ប្រមាណ​បាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com