ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ចាត់ទុក​ការសម្រេច​របស់​EU គឺជា​ទង្វើ​អយុត្តិធម៌​ដល់​កម្ពុជា​
11, Oct 2018 , 11:28 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms) បណ្ដោះអាសន្ន​ពី​កម្ពុជា​នេះ បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​ក្តីកង្វល់ និង​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អនាគត​សេដ្ឋកិច្ចកម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប​បែបនេះ គឺជា​ទង្វើ​អយុត្តិធម៌​មកលើ​ប្រទេស​កម្ពុជា ដែល​ខំប្រឹងប្រែង​ងើប​ចេញពី​ប្រទេស​អភិវឌ្ឍ​តិចតួច​នេះ​។​



​នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា កំពុងដំណើរការ​ក្រោម​ការតាមដាន​និង​ពិភាក្សា​របស់​គណៈកម្មកា​រ​អឺរ៉ុប​។ ដំណើរការ​នីតិវិធី​នេះហើយ ដែល​សហភាព​អឹ​រ៉ុ​ប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​ពី​កម្ពុជា​ ដើម្បី​ទុកពេល​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដំណើការ​នីតិវិធី​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ​និងប្រមូល​ព័ត៌មាន​ជុំវិញ​ស្ថាន​ការណ៍​ប្រទេស​កម្ពុជា មុននឹង​សម្រេច​ចុងក្រោយ​​។ ដំណើរការ​នីតិវិធី​របស់​គណៈកម្មកា​រ​អឺរ៉ុប ត្រូវការ​រយៈពេល​១​ឆ្នាំ​។​
 
​រដ្ឋាភិបាល​កម្ពុជា មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​សហភាព​អឹ​រ៉ុ​ប ដែល​ដំណើរការ​នីតិវិធី​លើ​កម្ពុជា​ឡើយ​។ រដ្ឋាភិបាល ចាត់ទុក​សេចក្តីសម្រេច​សហភាព​អឺរ៉ុប​នេះ គឺជា​សកម្មភាព​អយុត្តិធម៌​មួយ ដែល​គ្មាន​តម្លាភាព​ក្នុងការ​អនុវត្ត​មកលើ​កម្ពុជា បើទោះជា​រដ្ឋាភិបាល បាន​គោរព​តាម​អនុសញ្ញា​អន្តរជាតិ ដែល​ផ្សារភ្ជាប់​នឹង​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ជាពិសេស​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​ក្តី។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប បានបញ្ជាក់​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដោយ​ឈរលើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប ដែល​មិនបាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ដែល​សហភាព​អឺរ៉ុប​បាន​យក​ធ្វើជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេចចិត្ត​លំអៀង​របស់ខ្លួន​»​។​
 
​ដោយ​មិន​អស់ចិត្ត​នោះ រដ្ឋាភិបាល បាន​តបសម្ដី​វិញ​ថា សហភាព​អឹ​រ៉ុ​ប កំពុង​បំពេញ​តួនាទី​ខ្លួន​មិន​ត្រឹមត្រូវ ព្រោះ​ការសម្រេច​នេះ គឺ​អាចមាន​ហេតុផល​ខាង​នយោបាយ​លាយឡំ​នៅ​ពីក្រោយ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែល​ការពារ​ចំណុច​វិជ្ជមាន​រដ្ឋាភិបាល ក្នុង​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ ផ្សះផ្សា​ជាតិ គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​នោះ បាន​និយាយ​ចំៗ​ដូច្នេះ​ថា​៖«​សហភាព​អឹ​រ៉ុ​ប​មិន​ត្រឹមតែ​បដិសេធចោល​តថភាព​ដូចនេះ​ទេ ប៉ុន្តែ​ភាព​ស្ងប់ស្ងៀម និង​ការគាំទ្រ​ជា​ចំហរ​របស់ខ្លួន ចំពោះ​សកម្មភាព​ខុសច្បាប់ និង​ប្រាសចាក​លទ្ធិប្រជាធិបតេយ្យ​នៃ​ក្រុម​មួយចំនួន ដោយមាន​កិច្ចការពារ​ពី​ស្ថាប័ន​ខ្លះ​របស់​សហភាព​អឺរ៉ុប ច្បាស់​ណាស់​ថា បាន​វៀរចាក​យ៉ាង​ឆ្ងាយ​ពី​គន្លង​នៃ​ភាពត្រឹមត្រូវ​។ ដោយហេតុនេះ វា​ច្បាស់​ណាស់​ថា ពិត​ជាមាន​ហេតុផល​ខាង​នយោបាយ​នៅ​ពីក្រោយ​សេចក្តីសម្រេច​មកលើ​ប្រទេស​កម្ពុជា​»​។​
 
​និយាយ​បែបនេះហើយ ក្រសួង​បរទេស​កម្ពុជា បាន​និយាយ​បែប​ការទូត​ថា ប្រសិនបើ​ស្ថាប័ន​អឺរ៉ុប​សម្រេច​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​ផ្អែកលើ​ជំហរ​ខាងលើនេះ វា​នឹងធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា តាំងចិត្ត​កាន់តែ​មុតមាំ​ថែមទៀត ក្នុងការ​ការពារ និង​រក្សា​សកម្មភាព​ត្រឹមត្រូវ និង​ស្របច្បាប់​របស់ខ្លួន​។ 
 
អត្ថបទទាក់ទង
 
 
«​ជា​លទ្ធផល​នោះ​ការសម្រេច​បែបនេះ អាច​នឹងធ្វើ​ឲ្យ​បាត់បង់​ទាំងស្រុង​នូវ​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន នៃ​គោលនយោបាយ​អឺរ៉ុប ដែល​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​រហូតមក​ដល់ពេលនេះ​។ ការជ្រើសរើស​យក​វិធានការ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរឹង​បែបនេះ ជាជាង​ការប្រកាន់យក​កិច្ចសន្ទនា​ប្រកបដោយ​លក្ខណ​ស្ថាបនា​នោះ អាច​នឹង​ផ្ដល់​ផល​អវិជ្ជមាន​បញ្ច្រាស់​ម​ក​វិញ​ទេ​។ ស្ថាប័ន​អឺរ៉ុប​តែងតែ​បដិសេធ​មិន​ទទួលស្គាល់​ហេតុការណ៍​មិនអាច​ប្រកែក​បាន ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ​នៃ​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យភាព ក្នុងការ​ចាត់វិធានកា​រ​នានា​តាមផ្លូវ​ច្បាប់​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋា​ភិ​បាល ដែល​ស្នើ​ឲ្យ​សហភាព​អឹ​រ៉ុ​ប ជួយគោរព​ដល់​អធិបតេយ្យភាព និង​សេចក្តីថ្លៃថ្នូរ​របស់​កម្ពុ​ជា​ ​​។​
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕
 

Tag:
 ប្រាក់ សុខុន
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com