សង្គមអន្តរជាតិ
អន្តរជាតិ
តើសមាជិកអាស៊ានបានជួយអ្វីខ្លះដល់ឥណ្ឌូណេស៊ីដែលរងគ្រោះដោយរញ្ជួយដី និងរលកស៊ូណាមិ?
× គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏មហន្តរាយ បានវាយប្រហារកោះស៊ូឡាវេស៊ីរបស់ឥណ្ឌូណេស៊ីនៅថ្ងៃទី២៨ ខែកញ្ញា ដែលសម្លាប់មនុស្សជាង២ពាន់នាក់ និងច្រើនជាងមួយម៉ឺននាក់ទៀតរបួស។ ក្នុងស្មារតីសាមគ្គីភាពក្នុងតំបន់ ប្រទេសសមាជិកអាស៊ានដទៃទៀតបានផ្ដល់ជំនួយចាំបាច់ភ្លាមៗទាំងថវិកា និងសម្ភារទៅឲ្យឥណ្ឌូណេស៊ីដើម្បីជួយសង្គ្រោះប្រជាជនដែលកំពុងត្រូវការជំនួយយ៉ាងខ្លាំង។ ប្រទេសក្រៅតំបន់ និងអង្គការអន្តរជាតិនានាក៏បានផ្ដល់ជំនួយសង្គ្រោះជាបន្តបន្ទាប់ដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យឥណ្ឌូណេស៊ីរួចហើយនូវទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ ខណៈកាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភទឹកចំនួន៥ម៉ឺនដុល្លារទៅឲ្យសមាគមកាកបាទក្រហមឥណ្ឌូណេស៊ីដែរ។ ក្រៅពីកម្ពុជា សមាជិកអាស៊ានផ្សេងទៀងដូចជា ថៃបានផ្ដល់ទឹកប្រាក់មនុស្សធម៌ចំនួន១៥២,១៩៧ដុល្លារ, ម៉ាឡេស៊ីផ្ដល់ទឹកប្រាក់ចំនួន២៤១,០០០ដុល្លារ, សិង្ហបុរីចំនួន១៧២,០០០ដុល្លារ និងហ្វីលីពីនចំនួន៣០ម៉ឺនដុល្លារ។
បន្ថែមពីលើជំនួយហិរញ្ញវត្ថុ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក៏ជួយជាសម្ភារចាំបាច់សម្រាប់ការជួយសង្គ្រោះ ការរុករក និងជម្រកបណ្ដោះអាសន្នផងដែរ។ ព្រុយណេដែលបានពង្រាយក្រុមសង្គ្រោះបន្ទាន់ និងវាយតម្លៃរបស់អាស៊ាន (ASEAN-ERAT) ចំនួន២នាក់ទៅកាន់កោះស៊ូឡាវេស៊ី និងកំពុងរកមើលការផ្ដល់ជំនួយ។ ម៉ាឡេស៊ីវិញក៏បានពង្រាយឧទ្ធម្ភាគចក្ររបស់ខ្លួនដើម្បីសម្រួលការដឹកជញ្ជូនផ្លូវអាកាស និងក្រុម ASEAN-ERAT ចំនួន៤នាក់ដែរ។
សិង្ហបុរីឯណោះវិញ ក៏បានបញ្ជូនឧទ្ធម្ភាគចក្រ និងសមាជិក ASEAN-ERAT ចំនួន៥នាក់ ទៅកាន់តំបន់រងគ្រោះដើម្បីចូលរួមប្រតិបត្តិការសង្គ្រោះនេះ។ លើសពីនោះ រដ្ឋាភិបាលសិង្ហបុរីក៏បានផ្ដល់ជំនួយជាសម្ភារចំបាច់សម្រាប់ការប្រើប្រាស់ដូចជាតង់ជម្រកបណ្ដោះអាសន្ន ភួយ ចំណីអាហារ ថ្នាំសង្កូវ និងដបទឹកអនាម័យ។ រីឯក្រុងម៉ានីលក៏បានបញ្ជូនសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀតដែលមានតម្លៃចំនួន២០ម៉ឺនដុល្លារទៀត។ នេះបើតាមរបាយការណ៍របស់ AHA Center ។
ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន សហគមន៍អន្តរជាតិក៏មិនបានឈរឱបដៃមើលការលំបាករបស់ប្រជាជនឥណ្ឌូណេស៊ីដែរ។ ចិន អូស្ត្រាលី ជប៉ុន ស្វ៊ីស រុស្ស៊ី ដាណឹម៉ាក និងអាមេរិកជាដើម សុទ្ធតែបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅឯកោះស៊ូឡាវេស៊ី។ យន្តហោះជាច្រើនគ្រឿងត្រូវបានពង្រាយ និងដើម្បីដឹកជញ្ជូនសម្ភារចំបាច់នានា៕
Tag:
អាស៊ាន
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com