អន្តរជាតិ
ហេតុអ្វី​បានជា​ព្យុះ​មានឈ្មោះ​?
11, Oct 2018 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​មួយឆ្នាំៗ ព្យុះ​មិនតិចជាង​២០​ឡើយ​បាន​បោកបក់​ពី​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទៅកាន់​តំបន់​ដីគោក និង​ប្រទេស​កោះ​នៃ​ទ្វីបអាស៊ី​។ Mangkhut, Barijat គឺជា​ព្យុះ​ដែល​បាន​វាយប្រហារ​ប្រទេស​នានា​របស់​អាស៊ី ហើយ​បង្ក​ជា​មហន្តរាយ​ទឹកជំនន់ និង​បំណាក់​ដី​ធ្ងន់ធ្ងរ ដែល​សម្លាប់​មនុស្ស​រាប់​សិប​នាក់ ព្រមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ហេតុអ្វី​បាន​ព្យុះ​កំណាច​ទាំងនោះ មានឈ្មោះ​? ហើយ​ផ្ដល់​ប្រយោជន៍​អ្វី​?

 
​ព្យុះ​ត្រូវបាន​ដាក់ឈ្មោះ​ដោយ​មជ្ឈមណ្ឌល​ព្រមាន​ពី​ខ្យល់ព្យុះ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្ដល់ព័ត៌មាន​ទៅ​ឲ្យ​សាធារណជន និង​ងាយស្រួល​ទំនាក់ទំនង​រវាង​ស្ថាប័ន​ព្យាករ​ដំណើរ​របស់​ព្យុះ​នីមួយៗ​ផង​។ ឧទាហរណ៍ គេ​ងាយស្រួល​ចាំ​ព្យុះ Peter ជាជាង​ការកំណត់​អត្តសញ្ញាណ​ព្យុះ​ដោយ​ប្រើ​លេខ ឬ​តាមរយៈ​ខ្សែរយៈទទឹង​របស់​វា​។ វា​កាន់តែ​ស្រួល​សម្រាប់​ការប្រើ​ឈ្មោះ នៅពេល​ដែលមាន​ព្យុះ​ជាច្រើន​បោកបក់​ក្នុង​មួយឆ្នាំៗ​។​
 
​ឈ្មោះ​ព្យុះ​នីមួយៗ ត្រូវបាន​រៀបចំ​ស្រេច​ទៅតាម​ទីតាំង​ដែល​ព្យុះ​កើតមាន​ដំបូង​។ ការដាក់​ឈ្មោះ​ព្យុះ​នេះ ផ្ដើម​ជាដំបូង​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ក្នុងការ​ដាក់ឈ្មោះ​ព្យុះ Hurricane ដែល​ល្បឿន​ខ្យល់​មាន​ដល់​៧៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ទើប​មានឈ្មោះ​។ តៗ​មក មជ្ឈមណ្ឌល​តាមដាន​ខ្យល់ព្យុះ​នៅតាម​តំបន់​ជាច្រើន​នៅ​ប៉ាស៊ីហ្វិក ឥណ្ឌា និង​អូស្ត្រាលី ក៏​ប្រើ​របៀប​ដាក់ឈ្មោះ​នេះដែរ​។​
 
​ដំបូង ព្យុះ​ត្រូវបាន​ដាក់ឈ្មោះ​តាម​ឈ្មោះ​ព្រះ​តាម​ថ្ងៃ​នីមួយៗ​ក្នុង​ប្រតិទិន​គ្រិស្តសាសនា​។ សព្វថ្ងៃនេះ ព្យុះ​ដំបូង​ត្រូវបាន​ដាក់ឈ្មោះ​ដែល​ផ្ដើម​ដោយ​អក្សរ A ហើយ​ព្យុះ​ទី​ពីរ​ផ្ដើម​ដោយ​អក្សរ B រួច​អនុវត្តតាម​លំដាប់​អក្សរ​ទៀត​។ ពេលខ្លះ ក្នុង​ឆ្នាំ​លេខ​គូ ព្យុះ​នៅ​លំដាប់​លេខ​សេស​ត្រូវបាន​ដាក់ឈ្មោះ​បុរស ឯ​ឆ្នាំ​លេខ​សេស ព្យុះ​នៅ​លំដាប់​លេខ​សេស​នឹងមាន​ឈ្មោះ​ស្រី​។​
 
​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ជា​អ្នកកំណត់​ឈ្មោះ​ព្យុះ​អន្តរជាតិ ជំនួស​ទីភ្នាក់ងារ​ព័ត៌មាន​ឧតុនិយម​អន្តរជាតិ​។ ទីភ្នាក់ងារ​ជប៉ុន​ប្រមូល​ឈ្មោះ​៣៥​ពី​បញ្ជី​ឈ្មោះ​ចំនួន​១៤០ ដែល​បញ្ជូនមក​ដោយ​ប្រទេស និង​តំបន់​ចំនួន​១៤ ។ ឈ្មោះ​ព្យុះ​ដែល​បង្ក​ការខូចខាត​ច្រើន នឹងត្រូវ​ដាក់​ឲ្យ​ចូលនិវត្តន៍ ហើយ​ជំនួស​ដោយ​ឈ្មោះ​ថ្មី​។ Wukong, Haishen និង​Fengshen ជា​ឈ្មោះ​ព្យុះ​ដាក់​តាមរបៀប​ចិន​៕
 
 

Tag:
 ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com