ជាតិ
សេដ្ឋកិច្ច
ស្ដង់ពិព័រណ៍១៧៣ មកពី៨០ប្រទេស ចូលរួមតាំងពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិលើកទី២
× ភ្នំពេញ៖ ស្តង់ពិព័រណ៍១៧៣ មកពីប្រទេសចំនួន៨០ បានចូលរួមតាំងពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិលើកទី២ ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ។ ក្រៅពីនេះក៏មាន៥០០ក្រុមហ៊ុន ដែលមកពីស្ថាប័នទេសចរណ៍ជាតិ ស្ថាប័នមកពីតំបន់អាស៊ានបូក៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលរួមតាំងពិព័រណ៍ទេសចរណ៍នេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី១១-១៣តុលា នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងព្រឹតិ្តការណ៍ខាងលើ នាថ្ងៃទី១១តុលា ថា ពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិលើកទី២នេះ មានការកើនឡើងជិត៥៦ភាគរយនៃចំនួនស្តង់ បើធៀបទៅនឹងឆ្នាំ២០១៧ មាន១១០ស្តង់។
រដ្ឋមន្ត្រីរូបនេះ បានបន្តថា ការកើនឡើងនេះ បានបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ Cambodia Travel Mart (CTM) គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារសំខាន់ក្នុងការជំរុញ ការផ្សព្វផ្សាយលក់កញ្ចប់ទស្សនៈកិច្ច រវាងអ្នកទិញ និងអ្នកលក់ ជំនាញទេសចរណ៍។ ជាពិសេសវាជាឱកាសមួយ សម្រាប់ឲ្យពួកគេធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលើការធ្វើដំណើរទេសចរណ៍ និងចែករំលែកបទពិសោធន៍នានា ក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត។
ព្រឹត្តិការណ៍នេះ បានបង្ហាញថាកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុង និងក្រៅតំបន់ ពីការទស្សនាលំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិ ដូចជា MICE Event ជាក់ស្ដែង ព្រឹត្តិការណ៍ពិព័រណ៍ CTM នាពេលនេះ។
ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ក្នុងពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិលើកទី២នេះ ថា វិស័យទេសចរណ៍ បានធ្វើឲ្យកម្ពុជា ទទួលបានសិទ្ធិស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងលើឆាកអន្តរជាតិ តាមរយៈការទទួលបាននូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នទេសចរណ៍អន្តរជាតិល្បីៗនានាជាបន្តបន្ទាប់។
លោក បន្ថែមដូច្នេះថា៖វិស័យទេសចរណ៍នៅកម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ គឺជា« មាសបៃតង»ដែលកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនទេសចរណ៍រាល់ឆ្នាំ។
គួរបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៣,៩លាននាក់ កើន១១.៧ភាគរយ។ ជាមួយគ្នានេះ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,២លាននាក់ នៅបំណាច់ឆ្នាំ២០១៨នេះ៕
Tag:
ទេសចរណ៍
ពិព័រណ៍
ថោង ខុន
ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com