កីឡាអន្តរជាតិ
អន្តរជាតិ
ពូទីន សុំឪពុក Nurmagomedov កុំដាក់ទោសកូនខ្លាំងពេក ក្រោយហក់វាយក្រុម McGregor ឆៅៗ
× ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានស្នើសុំឪពុករបស់កីឡាករ Khabib Nurmagomedov ថា«កុំដាក់ពិន័យកូនខ្លួនខ្លាំងពេក»បន្ទាប់ពីកីឡាករវាយក្នុងទ្រុង UFC រូបនេះមានជម្លោះហិង្សាភ្លាមៗក្រោយពេលយកឈ្នះជើងខ្លាំង Conor McGregor នៅសង្វៀននាទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅ។
អ្នកវាយក្នុងទ្រុងសញ្ញាតិរុស្ស៊ី Nurmagomedov បានផ្តួលកីឡាករ McGregor នៅត្រឹមទឹកទី៤ ដើម្បីការពារខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight របស់គេ ក្នុងកម្មវិធី UFC 229។ ប៉ុន្តែក្រោយទទួលជ័យជម្នះដោយសុំចុះចាញ់ពីសំណាក់កីឡាករអៀរឡង់ ភ្លាមៗនោះក៏មានជម្លោះកើតឡើងពេញសង្វៀន ហើយកីឡាករ Nurmagomedov បានលោតចេញពីទ្រុងទៅវាយក្រុមរបស់ McGregor ឆៅៗតែម្តង។
គណៈកម្មាធិការអត្តពលកម្មរដ្ឋ Nevada បានដាក់ទណ្ឌកម្មលើសកម្មភាពហិស្សានេះ និងបានដកហូតខ្សែក្រវ៉ាត់របស់ Nurmagomedov ខណៈដែលស្ថាប័នខ្លួនកំពុងស៊ើបអង្កេត។ ប៉ុន្តែ ប្រធានសហព័ន្ធ UFC លោក Dana White មិនយល់ស្របនឹងការដកហូតនេះទេ ដោយលើកឡើងថាខ្សែក្រវ៉ាត់គួរតែឲ្យ Nurmagomedov រក្សាទុកខ្លួនឯងបើទោះបីរូបគេត្រូវបានហាមឃាត់ក៏ដោយ។
ជុំវិញទង្វើមិនសមរម្យជាអ្នកកីឡារបស់កីឡាកររុស្ស៊ីវ័យ៣០ឆ្នាំរូបនេះ ក៏បានធ្វើឲ្យឪពុករបស់គេមានការមិនពេញចិត្តផងដែរ និងត្រៀមដាក់ពិន័យកូនឲ្យតឹងរឹងជាង UFC ទៅទៀត។
«ខ្ញុំបានព្រមានគាត់រួចហើយ ចំពោះខ្ញុំវិន័យគឺជារឿងសំខាន់បំផុត»។ លោក Abdulmanap Nurmagomedov បន្ថែមដូច្នេះ។
យ៉ាងណាក៏ដោយ នៅក្នុងជំនួបរវាងឪពុកកូនជាមួយលោកពូទីននៅថ្ងៃទី១០ ខែតុលា ដើម្បីជាការអបអរដែល Khabib Nurmagomedov អាចយកឈ្នះជើងខ្លាំងលំដាប់ពិភពលោក McGregor បាននោះ មេដឹកនាំក្បាលម៉ាស៊ីនរបស់រុស្ស៊ីរូបនេះបានស្នើសុំលោក Abdulmanap Nurmagomedov «កុំដាក់ទោសកូនខ្លួនឯងខ្លាំងពេក» ចំពោះហេតុការណ៍ហិង្សានោះ៕
Tag:
Khabib Nurmagomedov
Conor McGregor
UFC
ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com