ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំរបស់កម្ពុជា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ ពិធីសាសនាដ៏ធំនេះត្រូវបានប្រជាជនខ្មែរ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន មិនថាទៅរស់ទីណាឡើយ។ យ៉ាងណាមិញពិធីសាសនាធំមួយនេះ ត្រូវបានពលរដ្ឋខ្មែរលើ និងខ្មែរកម្ពុជាបន្តប្រតិបត្តិមិនអាក់ខាន ទោះមិនមានពេលឈប់សម្រាកដូចនៅប្រទេសកម្ពុជាក្ដី។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំជូនដោយកញ្ញា ថាន រស្មី ដូចតទៅ៖
ចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ គឺជាឱកាសដែលប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ ពិធីនេះត្រូវបានប្រារព្ធឡើងទូទាំងប្រទេសកម្ពុជា ហើយខ្មែរលើ និងខ្មែរកម្ពុជាក្រោម ក៏ចូលរួមប្រារព្ធដូចគ្នា។ ពិតណាស់កម្មវិធីបុណ្យជាតិ និងសាសនាដ៏ធំមួយនេះ ត្រូវបានប្រទេសកម្ពុជាយើង ប្រារព្ធឡើងយ៉ាងអធិកអធម ដោយពលរដ្ឋខ្មែរជាច្រើនបានទៅវត្តធ្វើបុណ្យ តាមវេន និងទៅតាមវត្តផ្សេងៗទៀតតាមពេលវេលាដែលអាចទៅបាន។
កម្មវិធីបុណ្យភ្ជុំបិណ្ឌដែលប្រារណ្ឌនៅកម្ពុជា ត្រូវបានអ្នកខ្មែរកម្ពុជាក្រោម មើលឃើញថាមានភាពអ៊ូអរជាងនៅខ្មែរកម្ពុជាក្រោម ដោយសារតែជនប្រុសស្រី ក្មេងចាស់ ទៅវត្តរៀងរាល់ថ្ងៃ។ ខុសប្លែកពីនៅកម្ពុជាក្រោម ហាក់មានសភាពស្ងាត់ ដោយសារពលរដ្ឋខ្មែរកម្ពុជាក្រោមនៅទីនោះមានការរវល់ច្រើន។ នេះបើតាមការបញ្ជាក់ពីលោក កែវ សំរេច ពលរដ្ឋខ្មែរកម្ពុជាក្រោមមកពីខេត្ត មាត់ជ្រូក ដែលវៀតណាមហៅថាចូវដុក។
សំឡេងលោក កែវ សំរេច៖ «ឡើងមកដល់នេះទៅវត្តឃើញមានមនុស្សច្រើនអីចឹងសប្បាយដែរ បើនៅក្រោមថ្ងៃធម្មតាចឹងមិនមានមនុស្សមកវត្តច្រើនទេ។ ទាល់តែថ្ងៃសូមសីល ថ្ងៃពេញបរមីអីបានមានយាយ តាចាស់ៗ មកវត្តច្រើន។ នៅនេះមនុស្សមកចង្ហាន់លោកអីមានរាល់ថ្ងៃ ហើយនៅពេញនេះ ពេលមកវត្តអ៊ូអរសប្បាយដែរ មានចាស់មានក្មេង»។
បុរសវ័យជាង២០ឆ្នាំ ដែលមកកំសាន្តរាជធានីភ្នំពេញនាឱកាសបុណ្យភ្ជុំបិណ្ឌរូបនេះបានឲ្យដឹងថា មូលហេតុដែលពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោមមិនសូវមានក្មេងៗចូលរួមច្រើនព្រោះបុណ្យភ្ជុំបិណ្ឌ មិនមែនជាពិធីបុណ្យជាតិវៀតណាម ដូច្នេះពលរដ្ឋខ្មែរកម្ពុជាក្រោមជាប់រវល់ធ្វើការរៀនសូត្រ មិនបានឈប់សម្រាកនោះទេ។ ទើបធ្វើឲ្យភ្ជុំបិណ្ឌនៅទឹកដីកម្ពុជាក្រោមមិនមានភាពអ៊ូអរដូចនៅកម្ពុជាកណ្ដាល។ «នៅមាត់ជ្រូកពេលកាន់បិណ្ឌមានពុទ្ធបរិស័ទទៅច្រើនដែរ តែចាស់ៗច្រើនជាងក្មេង។ ព្រោះអីក្មេងខែនេះគេចូលកងវិញហើយ អ្នកខ្លះរៀនជិត អ្នកខ្លះរៀនឆ្ងាយ ដូច្នេះមិនសូវបានទៅវត្ត។ តែនៅនេះក្មេងៗវ៉ាកងអីចឹងមានក្មេងៗមកវត្តច្រើន»។
មិនមែនមានតែលោក កែវ សំរេច អ្នកខេត្តមាត់ជ្រូក (ចូវដុក) ទេដែលឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តលោកមិនសូវមានភាពអ៊ូអរ សូម្បីតែកញ្ញា រិន សុខលក្ខិណា ជាអ្នកខេត្តក្រមួនស (វៀតណាមហៅ គៀនយ៉ាង)ក៏លើកឡើងថាខេត្តកញ្ញាមិនមានសភាពអ៊ូអរដែរ។ ហេតុនេះហើយទើបធ្វើឲ្យស្ត្រីវ័យ ២៩ឆ្នាំរូបនេះ មិនធ្វើដំណើរទៅលេងស្រុកកំណើតឡើយ ដោយរង់ចាំរដូវបុណ្យចូលឆ្នាំចិនមកដល់ ទើបអ្នកខេត្តក្រមួនស រូបនេះទៅស្រុកជុំបងប្អូននៅទីនោះ។
ទោះមិនសូវមានភាពអ៊ូអរច្រើន តែពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោមហាក់មានសាមគ្គីភាពច្រើន ដោយពលរដ្ឋតាមវេននីមួយៗ បានរៃប្រាក់ អង្ក ចូលគ្នាហើយទៅសម្រាន្តនៅវត្តតែម្ដងដើម្បីរៀបចំបោះបាយបិណ្ឌ និងម្ហូបអាហារ ជូនដល់ព្រះសង្ឃ។
កញ្ញា រិន សុខលក្ខិណា បញ្ជាក់ថា៖«នៅកម្ពុជាក្រោមយើងពេលយើងកាន់បិណ្ឌចាស់ៗដាក់វេន តាមភូមិ យើងប្រមូលលុយ អ្នកខ្លះអត់លុយឲ្យគេឲ្យអង្ក ឲ្យនេះឲ្យនោះ ហើយពេលព្រឹក យាយៗ តាៗ ឬអ្នកទំនេរគេទៅវត្តដាំបាយដណើបយើង។ នៅនេះគេធ្វើនំលក់ តែនៅក្រមួនស ស្រុកខ្ញុំគេ អត់ធ្វើលក់ទេ គេធ្វើផ្ទាល់តែម្ដងអង្ក ដែលបានពីរៃគ្នាហ្នឹង។ ហើយទៅសម្រាកនៅវត្តហ្មងដើម្បីដាំបាយធ្វើចង្ហាន់លោក និងបោះបាយបិណ្ឌ»។
អាជីវករលក់ភេសជ្ជៈមុខវត្តសាមគ្គីរង្សី មកពីខេត្តក្រមួនស (គៀនយ៉ាង) រូបនេះ ក៏បានបន្ថែមថា ការបុណ្ឌភ្ជុំបិណ្ឌនៅខេត្តកញ្ញា ក៏មិនបានសម្រាកដូចខេត្តផ្សេងៗទៀតនៅកម្ពុជាក្រោមដែរ។ តែនៅ៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌទើបពលរដ្ឋនៅទីនេះ ដាក់ច្បាប់សម្រាក ទោះត្រូវកាត់ប្រាក់ខែក៏ដោយ។
កញ្ញា រិន សុខលក្ខិណា បញ្ជាក់ថា៖ «អ្នកខ្លះមានពេលគេទៅវត្តច្រើន អ្នកខ្លះមិនសូវមានពេលយូរទៅម្ដង។ មានតែយាយៗទៅច្រើន ព្រោះមានការងារច្រើនមិនបានសម្រាកទេ។ តែយើងអាចដាក់ច្បាប់បានទាំងចូលឆ្នាំ ទាំងភ្ជុំ តែត្រូវគេកាត់ប្រាក់ខែយើង។ អីចឹងភ្ជុំ៣ថ្ងៃចុងក្រោយទើបមានមនុស្សច្រើន។ ស្រណោះនៅស្រុកដែរ ដែលមិនបានទៅស្រុក»។
មិនមែនមានតែខ្មែរកម្ពុជាក្រោម ឬខ្មែរយើងឡើយដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌសូម្បីតែខ្មែរលើ ដែលមានដូចជា ខេត្តសុរិន្ទ ខេត្តបូរីរ៉ាម ខេត្តស៊ីសាកេត និងខេត្តត្រាត ដែលមានជនជាតិដើមខ្មែររស់នៅទីនោះ ក៏មានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ តែពិធីបុណ្យនៅទីនោះមិនមានកម្មវិធីបោះបាយបិណ្ឌនោះទេ តែមានកម្មវិធីចាក់កញ្ជើ ដែលយកចំណីអាហារ បន្លែ ផ្លែឈើ ពីផ្ទះនីមួយៗមកចាក់នៅមុខវិហារដើម្បីឧទ្ទិសជូនដល់ដូនតាដែលបានចែកឋានទៅ។ នេះបើតាមការឲ្យដឹងពីលោក ច័ន្ទ សុធាសូរ្យ ជាជនជាតិខ្មែរសុរិន្ទ រស់នៅខេត្តសុរិន្ទផ្ទាល់តែម្ដង។
លោក ច័ន្ទ សុធាសូរ្យ បញ្ជាក់ថា៖«ចាប់ពីថ្ងៃ១រោច ដល់១៣រោចគេទៅវត្ត ហើយ១៣រោចគេសែនដូនតា នៅស្រុកសុរិន្ទគេហៅសែនដូចតា។ គេរៀបចំសំណែនមានម្ហូបចំណី អន្សមនំ ផ្លែឈើ គេស្រោចទឹកហៅដូនតា ដែលបានចែកឋានទៅ។ ថ្ងៃចុងក្រោយគេទៅវត្តរៀបចំចង្ហាន់ប្រគេនលោក។ នៅទីនេះមិនមានពិធីបោះបាយបិណ្ឌទេ មានតែពិធីចាក់កញ្ជើ ដែលយកកញ្ជើដែលដាក់នំអន្សមទៅចាក់នៅមុខឧបោសថ»។
ពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តសុរិន្ទ បូរីរ៉ាម ស៊ីសាកេត និងខេត្តត្រាត ដំបូងឡើយគេហៅបុណ្យបិណ្ឌតូច បិណ្ឌធំ តែក្រោយៗមក ពិធីនេះក៏បានពលរដ្ឋខ្មែរនៅទីនោះភាគច្រើនហៅថាពិធីសែនដូនតា។ បើតាមលោកគ្រូបង្រៀនថ្នាក់វិទ្យាល័យ វ័យជាង៥០ឆ្នាំខាងលើ បន្ថែមថា ទោះរដ្ឋបាលមិនបានឲ្យច្បាប់ឈប់សម្រាក តែខ្មែរនៅទីនោះតែងតែដាក់ច្បាប់សម្រាកការងារ៣ថ្ងៃ ដើម្បីមកធ្វើបុណ្យជូនដូនតា មិនខុសគ្នាពីខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរយើងឡើយ។
ពិតណាស់ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្ឌជាតិ និងសាសនាដ៏ធំមួយរបស់កម្ពុជា ដែលជាការរំលឹកនឹកគុណដល់បុព្វការីជនដែលបានចែកឋានទៅ។ ដូច្នេះហើយមិនថាខ្មែរដែលគោរពុទ្ធសាសនា ទៅរស់នៅដល់ទីណាទេ មិនដែលរំលងឡើយនូវពិធីបុណ្យឧទ្ទិសកុសល ជូនដូនតា និងជួបជុំសាច់ញាតិ ដ៏ធំមួយនេះឡើយ៕