សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើងមានធនធានរ៉ែតម្លៃជាង៣,៣ទ្រីលានដុល្លារ
× កូរ៉េខាងជើងមានធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃប្រមាណ៣,៣ទ្រីលានដុល្លារឯណោះ។ នេះបើតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារធនធានរ៉ែកូរ៉េខាងត្បូង។ ធនធានរ៉ែដ៏ច្រើនមហាសាលនេះរបស់កូរ៉េខាងជើង អាចផលិតជាសម្ភារទំនើបៗដូចជាទូរសព្ទដៃជាដើម ខណៈកូរ៉េខាងត្បូងដែលជាប្រទេសផលិតសម្ភារមានបច្ចេកវិទ្យាខ្ពស់ ត្រូវនាំចូលវត្ថុធាតុពីប្រទេសផ្សេង។ ចិន ជាប្រទេសដែលទទួលបានសិទ្ធិស្ទើរទាំងស្រុងក្នុងការទាញយកធនធានរ៉ែទាំងនេះ។
ក្នុងរបាយការណ៍ផ្ញើទៅកាន់សភាកូរ៉េខាងត្បូង សាជីវកម្មរ៉ែកូរ៉េខាងត្បូង (KRC) ប៉ាន់ប្រមាណថា ធនធានរ៉ែរបស់កូរ៉េខាងជើងមានច្រើនជាងនៅកូរ៉េខាងត្បូង១៥ដងឯណោះ ដែលតាមតម្លៃទីផ្សារសព្វថ្ងៃ មានទំហំដល់ទៅជាង៣,៣ទ្រីលានដុល្លារឯណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap នៅថ្ងៃទី១១ ខែតុលា។
តាមរបាយការណ៍ដដែល កូរ៉េខាងជើងមានរ៉ែជាច្រើនមុខនៅកប់ក្រោមដីរបស់ខ្លួន។ ក្នុងនោះមានដូចជាម៉ាញេស៊ីតចំនួន៦ពាន់លានតោន, ក្រាហ្វីតចំនួន២លានតោន, ដែកចំនួន៥ពាន់លានតោន និងតង់ស្តែនចំនួន២៥០,០០០តោន។ មកទល់ពេលនេះ កូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងវិនិយោគចំនួន៤០ ជាមួយក្រុមហ៊ុនបរទេស ដែលក្នុងនោះ៩០ភាគរយនៃកិច្ចព្រមព្រៀង គឺធ្វើឡើងជាមួយចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។
សមាជិកសភាកូរ៉េខាងត្បូង Park Jung បង្ហាញក្ដីបារម្ភចំពោះឥទ្ធិពលរបស់ចិនក្នុងជំនួញរ៉ែរបស់កូរ៉េខាងជើង ហើយលោកក៏ស្នើឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលត្រួតពិនិត្យធនធានរ៉ែរបស់កូរ៉េខាងជើងឲ្យបានឆាប់តាមតែអាចធ្វើបាន។ សមាជិកសភាបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរូបនេះបន្តថា បើអាចទាញយករ៉ែទាំងនោះបាន សេអ៊ូលអាចប្រើប្រាស់ធនធានរ៉ែទាំងនេះបានរាប់សតវត្សរ៍ឯណោះ ដែលនេះតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានលឿន។
កន្លងមក ក្រុងសេអ៊ូលក៏បានស្រាវជ្រាវភោគទ្រព្យរ៉ែនៅកូរ៉េខាងជើងដែរ ក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េទាំងពីរនៅឆ្នាំ២០០០ ។ ប៉ុន្តែការស្រាវជ្រាវក៏ផ្អាកទៅវិញនៅឆ្នាំ២០១០ បន្ទាប់ពីទំនាក់ទំនងនៅឧបទ្វីបកូរ៉េមិនល្អ។ ធនធានរ៉ែរបស់កូរ៉េខាងជើងទាំងនោះ អាចផលិតជាទូរសព្ទស្មាតហ្វូត និងផលិតផលទំនើបៗជាច្រើនទៀត។ សព្វថ្ងៃ កូរ៉េខាងត្បូងត្រូវនាំចូលវត្ថុធាតុទាំងនេះពីបរទេសដើម្បីបំពេញតម្រូវការរបស់ខ្លួន។
ក្នុងករណីកូរ៉េខាងត្បូងអាចទាញយកធនធានរ៉ែទាំងនោះបាន កូរ៉េខាងត្បូងអាចកាត់បន្ថយថ្លៃចំណាយយ៉ាងច្រើនលើការនាំចូល ហើយម្យ៉ាងក៏អាចជួយកូរ៉េខាងជើងដែរ។ នេះក៏ព្រោះតែកូរ៉េខាងជើងមានតែធនធាន តែគ្មានសម្ភារគ្រប់គ្រាន់ឡើយ ហើយស្ថិតក្រោមទណ្ឌកម្មរបស់អន្តរជាតិទៅទៀត។ កូរ៉េខាងត្បូងពិតជាត្រូវការធនធានរបស់កូរ៉េខាងជើងដើម្បីផលិតទំនិញទំនើបៗ ដែលអាចលក់ក្នុងតម្លៃថ្លៃ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com