ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្ត​ព្រះសីហនុ​៖ បញ្ហា​កំប្លោក​មិនបាន​ធ្វើ​ឲ្យ​ខូចគុណភាព​ទឹកសមុទ្រ​ទេ គ្រាន់តែ​បាត់បង់​សោភ័ណភាព​ឆ្នេរ​ប៉ុណ្ណោះ​
11, Oct 2018 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចេញមុខ​អះអាងថា បញ្ហា​កំប្លោក និង​ត្រគាត ដែល​កំពុង​អណ្ដែត​លើ​ផ្ទៃសមុទ្រ មិនបាន​ធ្វើ​ឲ្យ​ខូចគុណភាព​ទឹកសមុទ្រ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​បាត់បង់​សោភ័ណភាព​ឆ្នេរ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ការចេញមុខ​ពន្យល់​របស់​រដ្ឋបាលខេត្ត​នេះ ធ្វើឡើង​ស្របពេល​ពលរដ្ឋ​មួយចំនួន សម្ដែង​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ​។​


 
​កំប្លោក និង​ត្រគាត​ជាច្រើន បាន​រសាត់​ពី​ប្រទេស​វៀតណាម​មកដល់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​។ បន្ទាប់ពី​មាន​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ បាន​ចុះទៅ​សម្អាត​ជា​បន្តបន្ទាប់​នៅតាម​ឆ្នេរ​មួយចំនួន​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​សាធារណជន​យ៉ាង​ដូច្នេះ​ថា​៖ «​សូមកុំ​មានការ​ព្រួយបារម្ភ ព្រោះ​បញ្ហា​នេះ មិនបាន​ធ្វើ​ឲ្យ​ខូចគុណភាព​ទឹកសមុទ្រ ឬ​ឆ្នេរ​ខ្សាច់​នោះទេ គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេរ​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ក្រោយពី​ការសម្អាត​រួចរាល់​ឆ្នេរ​ខ្សាច់ នឹង​មក​សភាព​ស្រស់ស្អាត​ដូចដើម​វិញ​»​។ 
 
​រដ្ឋបាលខេត្ត ក៏បាន​ស្នើ​ដល់​បងប្អូន​អាជីវករ​ដែល​កំពុង​ប្រកប​អាជីវកម្ម​តាម​ឆ្នេរ​ចូលរួម​សម្អាត​ឆ្នេរ​ដែលមាន​កំប្លោក​នៅមុខ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ ។ សូមបញ្ជាក់​ចាប់ពី​ថ្ងៃទី ៩ តុលា រហូតមកដល់​ថ្ងៃនេះ កំប្លោក និង​ត្រគាត​ជាច្រើន បាន​ហូរ​អណ្តែត​រសាត់​លើ​សមុទ្រ និង​ទើ​លើ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​៕

Tag:
 ព្រះសីហនុ​
  កំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com