កីឡាអន្តរជាតិ
អន្តរជាតិ
Henry ទំនង​ឡើង​ជំនួស​តំណែង Jardim នៅ Monaco
12, Oct 2018 , 8:19 pm        
រូបភាព
Thierry Henry ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ទំនងជា​អាច​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម AS Monaco បន្ទាប់ពី​លោក Leonardo Jardim បានសម្រេច​ចាកចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។


 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​ពាន World Cup ឆ្នាំ​១៩៩៨ ធ្លាប់មាន​ប្រវត្តិ​ស៊ុត​បាល់​បញ្ចូល​ទី​លើសពី ៤០០ គ្រាប់ និង​ទទួលបាន​ពាន​កិត្តិយស​ជាច្រើន​ពី​ក្លិប​ធំៗ​ដែល​រូបគេ​បាន​ប្រកប​អាជីព​។ 


Thierry Henry កាលនៅជាកីឡាកររបស់ AS Monaco
 
​បន្ទាប់ពី​ការប្រកាស​របស់​ក្លិប Monaco ពី​ការចាកចេញ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៤៤​ឆ្នាំ Jardim ដែល​បាន​ដឹកនាំ​ក្រុម​អស់​រយៈពេល​៤​ឆ្នាំ​ដោយបាន​ឈ្នះ​ពាន Ligue 1 មួយ​លើក និង​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Champions League មួយ​លើក​នោះ ក៏មាន​ការចុះផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​ល្បីៗ​ថា​ក្លិប​នេះ​កំពុង​ចរចា​ដើម្បី​នាំយក Henry មក​ដឹកនាំ​ជំនួស​វិញ​។​
 
​បច្ចុប្បន្ន Monaco ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៨ ក្នុង​តារាង​ក្របខណ្ឌ Ligue 1 ដោយ​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៩ ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក Jardim ដែល​បាន​ដឹកនាំ​ក្លិប​នេះ​ឈ្នះ​ពាន​កំពូល​បារាំង​នៅ​ឆ្នាំ​២០១៧ ជា​លើក​ទី​១ ចាប់តាំងពី​ឆ្នាំ​២០០០​មក​។​
 
Henry អតីត​ខ្សែប្រយុទ្ធ Arsenal, Barcelona និង Juventus ដែលមាន​វ័យ​៤១​ឆ្នាំ ក៏ត្រូវ​បាន​ទាក់ទង​នឹង​ការងារ​ជា​អ្នកចាត់ការ Aston Villa ផងដែរ ខណៈ​ពេលនេះ​រូបគេ​នៅ​ជា​ជំនួយការ​គ្រូបង្វឹក​កលោក Roberto Martinez របស់​ជម្រើសជាតិ​បែលហ្ស៊ិក​នៅឡើយ​។​


 
Henry បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​របស់ខ្លួន​នៅ Monaco នេះឯង ដោយ​នាំ​ក្រុម​ឈ្នះ​ជើងឯក Ligue 1 នៅ​រដូវ​កាល ១៩៩៦-៩៧​។ កាលនោះ Monaco ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Jean Tigana និង​សម្បូរ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​ដូចជា David Trezeguet, Emmanuel Petit, John Collins, Enzo Scifo និង​អ្នកចាំទី Fabien Barthez ជាដើម​៕
 

Tag:
 ​បាល់ទាត់​
  Monaco
  Thierry Henry
  Leonardo Jardim
© រក្សាសិទ្ធិដោយ thmeythmey.com