អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ពហុភាគី​និយម និង​សមាហរណកម្ម​សំខាន់​ណាស់​សម្រាប់​អាស៊ាន​
12, Oct 2018 , 8:39 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី ស៊ាន​ឡុង បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន បន្ត​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ពហុភាគី​និយម និង​គាំទ្រ​សមាហរណកម្ម​តំបន់​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​ឥ​ណ្ឌួ​ណេ​ស៊ី  ចូ​កូ វី​ដូ​ដូ (Joko Widodo) ក្រោយ​កិច្ចប្រជុំ​បណ្តា​ប្រមុខ​ដឹកនាំ​អាស៊ាន រួមជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (WB) នៅ​កោះ​ប៉ា​លី​ថ្ងៃ ១១ ខែតុលា លោក លី ស៊ាន​ឡុង បានលើកឡើង​ពី​សារសំខាន់​នៃ​ប្រព័ន្ធ​ពហុភាគី និង​ការបន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។ 
 
​បើតាម ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក លី បាន​និយាយ​បែបនេះ​៖ «​អាស៊ាន​នៅតែ​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ប្រកាន់យក​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ផ្អែកលើ​ច្បាប់ និង​បើកចំហរ ដែល​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ក្នុងពេល​ប៉ុន្មាន​ទសវត្ស​ន៍​ចុង​ក្រោយនេះ​»​។ 
 
​ដើម្បី​សម្រេចបាន​គោលដៅ​ខាងលើ នាយករដ្ឋមន្ត្រី​វ័យ​៦៦​ឆ្នាំ​រូបនេះ​លើកឡើងថា សិង្ហ​បុរី​សម្រេច​កំណត់​យក «​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ជា​មូលបទ​ចម្បង​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន ក្នុង​ឆ្នាំ​២០១៨​នេះ​ថែម​ទៀតផង​។ 
 
​បន្ថែម​ពីនេះ លោក លី ក៏បាន​កត់សម្គាល់​ផងដែរ​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​អាស៊ាន​ជួបប្រទះ​ជុំវិញ​ការឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ បញ្ហា​ទាំងនោះ​រួមមាន ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​, កំណើន​យ៉ាង​លឿន​រហ័ស​នៃ​នគររូបនីយកម្ម និង​កំណើន​មនុស្ស​វ័យ​ចំណាស់​ក្នុង​តំបន់​ជាដើម​។ 
 
«​ស្របពេល​យើង​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​សមា​ហណកម្ម​សេដ្ឋកិច្ច វា​ពិតជា​សំខាន់​ណាស់​ដែល​អាស៊ាន​គួរតែ​អនុវត្ត​គោលដៅ​របស់ខ្លួន ឲ្យ​ស្រប​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជា​លទ្ធផល​នោះ​កំណើនសេដ្ឋកិច្ច នឹង​ផ្តល់នូវ​ការរីកចម្រើន​យ៉ាង​ប្រាកដ ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ​របស់​យើង​»​។ លោក​លី បាន​ពន្យល់​បែបនេះ​។ 
 
​ក្នុងនាម​ជា​ប្រធាន​អាស៊ាន លោក លី បញ្ជាក់ថា សិង្ហ​បុរី​ផ្តោត​សំខាន់​លើក​កា​រព​ន្លឿ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​តាមរយៈ​ការដាក់ចេញ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដែលមាន​គោលដៅ​លើកស្ទួយ និង​ពង្រឹង​ការកសាង​សមត្ថភាព បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​តំបន់​អាស៊ាន​។  គំនិត​ផ្តួចផ្តើម​ទាំងនោះ​មានការ​ដំឡើង​កម្រិត​ម​ជ្ឈ​មណ្ឌល​សម្រាប់​សមា​ហណកម្ម​អាស៊ាន ក្នុងប្រទេស​កម្ពុជា​, វៀតណាម និង​ឡាវ ទៅជា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សិង្ហ​បុរី​។ 
 
​លើសពីនេះទៅទៀត ដើម្បី​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់ សិង្ហ​បុរី​ក៏បាន​បង្កើត​ការិយាល័យ​ហេដ្ឋារចនាសម្ព័ន្ធ ឬ​រចនាសម្ព័ន្ធ​អាស៊ី (Infrastructure Asia) កាលពី​ខែមេសា​កន្លងទៅ​ដើម្បី​គាំទ្រ​ការអនុវត្ត និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
 លោក​លី បាន​អះអាង​បែបនេះ និង​បង្ហាញ​ក្តី​សង្ឃឹមថា សកម្មភាព​ទាំងអស់នេះ​នឹង​ផ្តល់​សន្ទុះ​ដល់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​បណ្តា​សមាជិក​អាស៊ាន​។ 
 
​ជា​ចុងក្រោយ លោក លី បានលើកឡើង​ជាថ្មី​ថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជា​គោលដៅ​រួមមួយ​សម្រាប់​បណ្តា​សមាជិក​អាស៊ាន​។ លោក​និយាយ​ដូច្នេះ​ថា​៖ «​វា​គ្មាន​គំរូ​ជាក់លាក់​ណាមួយ​ទេ​សម្រាប់​ប្រទេស​ទាំងអស់ ប៉ុន្តែ​យើង​មាន​ពេលវេលា​ច្រើន​គួរសម​សម្រាប់​រៀនសូត្រ​ពីបទ​ពិសោធន៍​គ្នា​ទៅវិញទៅមក  ហើយ​យើង​អាច​ទទួលបាន​ផលប្រយោជន៍​ដ៏​សមប្រកប​សម្រាប់​យើងទាំងអស់គ្នា​»៕
 

Tag:
 ​អាស៊ាន​
  សិង្ហ​បុរី​
  ឥណ្ឌូណេស៊ី​
  លី ស៊ាន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com