អន្តរជាតិ
លោក ប៉ុមប៉េអូ ៖ អាមេរិកចង់ឃើញមជ្ឈិមបូព៌ាដូចអ៊ីស្រាអែល រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (រូបភាព AFP)
× រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាត់ទុកអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន ជាគម្រូសម្រាប់ប្រទេសទាំងអស់នៅតំបន់មជ្ឈិមបូព៌ាទាំងមូល អាចយកតម្រាប់តាម។ ប៉ុន្តែលោក ប៉ុមប៉េអូ ក៏ឆ្លៀតរិះគន់អ៊ីរ៉ង់ដែលជាសត្រូវទីមួយរបស់អ៊ីស្រាអែល និងចោទថា គាំទ្រភេរវកម្មពេញតំបន់ទាំងមូល។ មិនត្រឹមអ៊ីរ៉ង់ឡើយ រដ្ឋមន្ត្រីអាមេរិកក៏វាយប្រហារអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ផង។
នាកម្មវិធីអាហារពេលល្ងាចថ្ងៃទី១០ ខែតុលា ដែលរៀបចំដោយវិទ្យាស្ថានជ្វីហ្វដើម្បីសន្តិសុខជាតិអាមេរិក (JINSA) ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ បាននិយាយលើកសរសើរអ៊ីស្រាអែលដែលអាមេរិកចង់ឃើញមជ្ឈិមបូព៌ារៀនតាម ហើយអ៊ីស្រាអែលមាននូវអ្វីដែលប្រទេសនៅមជ្ឈិមគ្មាន។ ប៉ុន្តែអ៊ីស្រាអែលដែលជាប្រទេសជ្វីហ្វតែមួយគត់នៅមជ្ឈិមបូព៌ា មិនសូវមានគេរាប់រកឡើយ តែជាប្រទេសដែលរីកចម្រើនខ្លាំងមិនថាយោធា និងសេដ្ឋកិច្ចឡើយ។
«អ៊ីស្រាអែលជាប្រទេសប្រជាធិបតេយ្យ និងរីកចម្រើន។ អ៊ីស្រាអែលត្រូវការសន្តិភាព មានសេរីភាពសារព័ត៌មាន និងមានសេដ្ឋកិច្ចលូតលាស់ដែរ។» នេះជាលើកឡើងរបស់លោក ប៉ុមប៉េអូ មុនបន្តថា អ្វីដែលអ៊ីស្រាអែល គឺជាអ្វីដែលអាមេរិកចង់ឃើញមជ្ឈិមបូព៌ាមានដែរ។
ទន្ទឹមគ្នានឹងការលើកមុខមាត់របស់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏ពន្លះអ៊ីរ៉ង់ និងអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ។ អ៊ីរ៉ង់ដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែល ត្រូវបានលោក ប៉ុមប៉េអូ ចាត់ទុកជាប្រទេសដែលពោរពេញដោយមេដឹកនាំពុករលួយ រំលោភបំពានសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឯង ហើយថែមទាំងជួយឧបត្ថម្ភក្រុមភេរវករជ្រុលនិយមនៅគ្រប់ជ្រុងទាំងអស់នៅមជ្ឈិមបូព៌ាទៅទៀត។
ងាកទៅលោក អូបាម៉ា វិញ ប្រមុខការទូតអាមេរិករូបនេះបានរិះគន់អតីតប្រធានាធិបតីរូបនេះ ទោះជាបានចរចាបញ្ចប់សំណុំរឿងនុយក្លេអ៊ែរដោយសន្តិភាពរហូតសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអ៊ីរ៉ង់សម្រេចចិត្តផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងន័យថា កិច្ចព្រមព្រៀងនេះមិនអាចទប់ស្កាត់អ៊ីរ៉ង់បាន លោក ប៉ុមប៉េអូ លើកឡើងថា លោក អូបាម៉ា គិតថា បើធ្វើសម្បទានឲ្យអ៊ីរ៉ង់ ដឹកលុយទាំងយន្តហោះឲ្យអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងកែប្រែ តែវាមិនដូចនោះឡើយ។
តាមពិតទៅ អាមេរិកធ្លាប់ដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការដោះស្រាយជម្លោះនានានៅមជ្ឈិមបូព៌ា ជាពិសេសវិបត្តិរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែក្រោយការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក ត្រាំ នៅដើមឆ្នាំ២០១៧ ជំហរអាមេរិកដែលគេធ្លាប់ទទួលយកបាន បែរជាងាកខ្លាំងទៅរកអ៊ីស្រាអែលទៅវិញ ហើយអាមេរិកក៏ចាប់ផ្ដើមមានឥរិយាបថតឹងរ៉ឹងខ្លាំងជាងមុនក្នុងការដោះស្រាយបញ្ហារាប់ទាំងពីទំនាក់ទំនងជាមួយអ៊ីរ៉ង់ផង៕
Tag:
អាមេរិក
អ៊ីរ៉ង់
អ៊ីស្រាអែល
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com