កូរ៉េខាងត្បូងនិងអាមេរិកនឹងចាប់ផ្តើមពិភាក្សាគ្នាជាថ្មីទៀតនៅដើមសប្តាហ៍ក្រោយលើការទាមទាររបស់លោក ដូណាល់ ត្រាំ ឲ្យកូរ៉េខាងត្បូងបង្កើនថ្លៃចំណាយលើថ្លៃការពារ។ ក្រុងសេអ៊ូលមិនចង់ឲ្យមានការបង្កើនសព្វាវុធឬទ័ពអាមេរិកបន្ថែមឡើយ ប៉ុន្តែខ្លួននៅចាត់ទុកវត្តមានកងទ័ពអាមេរិកជិត ៣ម៉ឺននាក់ជារឿងចាំបាច់។
ទីភ្នាក់ងារព័ត៌មាន Yonhap ចុះផ្សាយនៅថ្ងៃសុក្រទី ១២ ខែតុលា ដោយស្រង់សម្តីក្រសួងការបរទេសកូរ៉េខាងត្បូងថា កិច្ចពិភាក្សារវាងកូរ៉េខាងត្បូង និងអាមេរិកលើការឈានទៅសម្រាលបន្ទុកនៃការចំណាយរបស់អាមេរិកនៅកូរ៉េខាងត្បូងនឹងមានរយៈពេលពីរថ្ងៃចាប់ផ្តើមឡើងពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ វាជាកិច្ចប្រជុំលើទីប្រាំបីហើយ។
ក្រសួងដដែលនេះបានបញ្ជាក់ថា កិច្ចពិភាក្សានឹងផ្តោតសំខាន់លើការទាមទាររបស់អាមេរិកដែលឲ្យកូរ៉េខាងត្បូងបង្កើនថវិកាសម្រាប់ជួយរម្លែកបន្ទុកអាមេរិកដែលមានកងទ័ពប្រហែល ២៨០០០នាក់នៅឈរជើងនៅទីនោះផង។ វាមានលេចធ្លាយព័ត៌មានផងដែរថា អាមេរិកចង់ឲ្យកូរ៉េបង្កើនការចំណាយដល់៥០ភាគរយបន្ថែមទៀតលើការចំណាយបច្ចុប្បន្ន។
នៅក្នុងពេលធ្វើសវនកម្មរបស់សភាលើកិច្ចការងាររបស់ក្រសួងការបរទេសនៅដើមសប្តាហ៍នេះ សមាជិកសភាមកពីបក្សសេរីភាពកូរ៉េដែលជាបក្សប្រឆាំងដ៏ធំមួយ Chung Jin-seok បានអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េ បង្កើនការចំណាយឲ្យដល់ ១,៥ទ្រីលានវ៉ុន ឬ ១,៣ ពានលានដុល្លារអាមេរិក ខណៈដែលការចំណាយបច្ចុប្បន្នមានត្រឹម ៩៦០ ពាន់លានវ៉ុន ឬ៨៤៨ លានដុល្លារប៉ុណ្ណោះ។
រដ្ឋបាលអាមេរិកចង់ឲ្យកូរ៉េខាងត្បូងចំណាយបន្ថែមលើការពង្រាយអាវុធយុទ្ធសាស្ត្រក្នុងលក្ខខណ្ឌធម្មតា និងស្ថានភាពអាសន្ននៅលើទឹកដីកូរ៉េ និងក្នុងប្រតិបត្តិការផ្សេងទៀតផង។ សព្វាវុធយុទ្ធសាស្ត្រនោះមានរួមបញ្ចូលទាំងយន្តហោះបំបាំងកាយ, នាវាដឹកយន្តហោះចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងជំទាស់ដាច់ខាតលើការបង្កើនសព្វាវុធ ឬវត្តមានកងទ័ពជាលក្ខខណៈទ្រង់ទ្រាយធំនោះ ប៉ុន្តែរដ្ឋាភិបាលនេះនៅតែយល់ស្របចំពោះការធានារក្សាវត្តមានកងទ័ពអាមេរិកប្រមាណ ២៨៥០០នាក់ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនដដែល។
តាមពិតទៅ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយដែលការចរចាគ្នាលើការចែករំលែកបន្ទុកនៃការចំណាយយោធារវាងសម្ព័ន្ធមិត្តទាំងពីរនេះ។ តាំងពីពេលឃោសនាបោះឆ្នោតឆ្នាំ ២០១៦ មក លោក ត្រាំ បានបន្តលើកឡើងជាញឹកញាប់ថា អាមេរិកចង់ឲ្យទាំងកូរ៉េខាងត្បូង និងជប៉ុនបង្កើនការចំណាយលើថ្លៃការពារដែលអាមេរិកផ្តល់ឲ្យជាពិសេសវត្តមានកងទ័ពអាមេរិករាប់ម៉ឺននាក់ដែលកំពុងឈរជើងនៅជប៉ុន និងឧបទ្វីបកូរ៉េផងនោះ។