អន្តរជាតិ
វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​បង្ខំ​ឲ្យ​ជប៉ុន​ព្យាយាម​ទាក់ទាញ​ពលករ​បរទេស​រាប់ម៉ឺន​នាក់​បន្ថែម​
12, Oct 2018 , 5:45 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១២ ខែតុលា បានបង្ហាញ​គម្រោង​មួយ​ដើម្បី​ទាក់ទាញ​ពលករ​បរទេស​ឲ្យ​មក​ធ្វើការ​ក្នុងប្រទេស​ខ្លួន ខណៈ​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី​នេះ កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​។ បញ្ហា​នេះ​បង្កឡើង​ដោយ​កំណើន​មនុស្ស​ចាស់ និង​ការថយចុះ​នៃ​កំណើនប្រជាជន​ក្នុងប្រទេស​។

 
​ផែនការ​ថ្មី​នេះ​មាន​គោលបំណង​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​រួមមាន កសិកម្ម​, សុខាភិបាល​, សំណង់​, សណ្ឋាគារ និង​ការសាងសង់​នាវា​ជាដើម​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​ដែលមាន​គោលដៅ​ទាក់ទាញ​ពលករ​បរទេស​នោះ ជប៉ុន​តម្រូវ​ឲ្យ​ពលករ​មាន​ជំនាញ​ស្របតាម​វិស័យ​ដែល​ខ្លួន​កំពុង​ខ្វះខាត​ខាងលើនេះ ហើយ​ពួកគេ​នឹង​អាច​ទទួលបាន​ទិ​ដ្ឋា​ការ​ពិសេស​មួយ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាចធ្វើ​ការ​នៅ​ប្រទេស​ជ​ប៉ុន រយៈពេល​៥​ឆ្នាំ​តែម្តង​។ លើសពីនេះ​ពលករ​ក្នុង​វិស័យ​ទាំងនោះ​ដែលមាន​សមត្ថភាព​ខ្លាំង និង​ប្រលង​ជាប់​ការសាកល្បង​សមត្ថភាព​ភាសា​ជប៉ុន​ថែមទៀត​នោះ នឹងត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​នាំយក​សមាជិកគ្រួសារ ព្រមទាំង​អាច​ទទួលបាន​សញ្ជាតិ​អចិន្ត្រៃយ៍​ផងដែរ​។  
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន Yoshihide Suga បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែតុលា​ថា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​បញ្ជូនទៅ​កាន់​រដ្ឋ​សភា​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​អាច​នឹង​ចូល​ជា​ធរមាន នា​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខ​។ 
 
​ទន្ទឹមនឹងនេះ​លោក Suga បានបញ្ជាក់​ទៀតថា ជប៉ុន​នឹងមិន​ពឹងផ្អែក​ខ្លាំង​ជ្រុល​ទៅលើ​ជនអន្តោប្រវេសន៍​បរទេស​នោះឡើយ​។ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​ជប៉ុន​នឹងមិន​ត្រូវ​ផ្លាស់ប្តូរ​នោះទេ​។ ការបកស្រាយ​របស់លោក​បែបនេះ​គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ដែលថា គម្រោង​ទាក់ទាញ​ពលករ​បរទេស​ថ្មី​នេះ អាចជា​ការផ្លាស់ប្តូ​រយ៉ា​ង​គំហុក​ក្នុង​គោលនយោបាយ​អន្តោប្រវេសន៍​ជប៉ុន និង​អាច​ឆ្ពោះទៅរក​ការទទួលយក​ចំនួន​ពលករ​បរទេស​ច្រើនសន្ធឹក​សន្ធាប់​ផង​នោះ​។ 
 
​ទាក់ទិន​នឹង​រឿងនេះ​រដ្ឋាភិបាល​ពុំទាន់​បានកំណត់​តួលេខ​ច្បាស់លាស់​ចំពោះ​ចំនួន​ពលករ​បរទេស​ក្នុង​សំណើ​ថ្មី​នេះ​នៅឡើយ​ទេ ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​បង្ហើប​ថា រដ្ឋាភិបាល​ត្រៀម​ទទួលយក ពលករ​បរទេស​ច្រើនជាង​៥០​ម៉ឺន​នាក់​ឲ្យ​មក​ធ្វើការ​ក្នុងប្រទេស​ជប៉ុន គិត​ត្រឹម​ឆ្នាំ​២០២៥​។ 
 
​យ៉ាងណាមិញ​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ បាន​អះអាងថា កំណែទម្រង់​ថ្មី​នេះ​ពុំបាន​ធ្វើឡើង ក្នុង​គោលបំណង​រុះរើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​ជប៉ុន​ដែលមាន​ទាំងស្រុង​ឡើយ​។ ចំណែក​ការទទួលយក​ជនអន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ​ក៏​នឹង​មិនអាច​កើតឡើង​នោះដែរ​។ 
 
​កន្លងមក ក្រុម​អ្នកជំនួញ​ធ្លាប់បាន​បញ្ចុះបញ្ចូល​រដ្ឋា​ភិ​បាលជ​ប៉ុន​ឲ្យ​មានការ​បន្ធូរបន្ថយ​ការ​រឹ​ត្បិត​ក្នុង​ច្បាប់​អន្តោប្រវេសន៍​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិបាក​ស្វែងរក​ពលករ​។ ជប៉ុន​ជាទី​កន្លែង​ដែល​និកម្មភាព (​គ្មាន​ការងារ​ធ្វើ​) ទាប​ត្រឹមតែ​២,៥​ភាគរយ ខណៈ​កន្លែង​ការងារ​មាន​ច្រើនជាង​ចំនួន​ពលករ​ដែល​ស្វែងរក​ការងារ​ធ្វើ​ទៀត​។​
 
​បើ​ពិ​តទៅ​ជប៉ុន​មាន​ទំនៀមទម្លាប់​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ទទួលយក​ពលករ​គ្មាន​ជំនាញ​ពី​បរទេស ហើយ​បច្ចុប្បន្ន ប្រទេស​កោះ​អាស៊ី​បូព៌ា​មួយ​នេះ​ក៏បាន​កំណត់​ចំនួន​សម្រាប់​ផ្តល់​សញ្ជាតិ​ដល់​បុគ្គល ដែលមាន​ជំនាញ​ខ្ពស់​ថែម​ទៀតផង​។ ច្បាប់​នេះ​ត្រូវបាន​អនុគ្រោះ​ដល់​ជនជាតិ​អាមេរិក​ខាងត្បូង ដែលមាន​ដើមកំណើត​ជប៉ុន​តែមួយ​ប៉ុណ្ណោះ​។ 
 
​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន ពលករ​បរទេស​ប្រមាណ​១,២៨​លាន​នាក់​បានធ្វើការ​ក្នុងប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០១៧ ដែល​ចំនួន​នេះ​គឺ​ច្រើនជាង​២​ដង បើ​ធៀប​នឹង​ចំនួន​ពលករ​បរទេស​កាល​ពីមួយ​ទសវត្ស​ន៍​មុន​។ យ៉ាងណាមិញ​ពលករ​ច្រើនជាង​៤៥​ម៉ឺន​នាក់ ជា​ប្តី​/​ប្រពន្ធ​របស់​ពលរដ្ឋ​ជប៉ុន​, ជនជាតិ​កូរ៉េ​ដែល​តាំងទី​ជា​យូរ​មកហើយ​ក្នុងប្រទេស​ជប៉ុន ឬក៏​ជនបរទេស​ដែលមាន​ដើមកំណើត​ជប៉ុន ជាជាង​ពលករ​ដែល​មកកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ 
 
​ទិន្នន័យ​ដដែល​បាន​បង្ហាញថា ជនបរទេស​ប្រមាណ​៣០​ម៉ឺន​នាក់​ផ្សេងទៀត​ជា​សិស្ស​ឬ​និស្សិត ដែល​ត្រូវបាន​គេ​អនុ​ញ្ញា​ឲ្យ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​អំឡុងពេល​សិ​ស្សា​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ត្រឡប់​ទៅកាន់​មាតុប្រទេស​វិញ​នាពេល​ក្រោយ​ទៀត​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៧​កន្លងទៅ ជប៉ុន​មាន​ពលករ​ជំនាញ​ពី​បរទេស​តិចជាង ២៤​ម៉ឺន​នាក់ និង​អ្នក​ហាត់​ការ​ពី​បរទេស​ប្រមាណ​២៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុងប្រទេស​។ ជាមួយគ្នានេះ​ក្រុង​តូ​ក្យូ​ក៏មាន​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ដែល​ទទួលយក​ចំនួន​ពលករ​ជា​ផ្នែក​គិលានុបដ្ឋាយិកា និង​ថែទាំ​ក្នុង​ចំនួន​កំណត់​ច្បាស់លាស់​មួយ​ពី​ប្រទេស​ខ្លះ​នៅ​ទ្វីបអាស៊ី​ផងដែរ​៕
 

Tag:
 ជប៉ុន​
  ពលករ​បរទេស​
  ច្បាប់​អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com