អន្តរជាតិ
ចិន ប្រាប់​អាមេរិក​កុំ​យក​សិទ្ធិមនុស្ស​ធ្វើ​ឧបករណ៍​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង​
13, Oct 2018 , 11:56 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang នាសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែតុលា។ (រូបភាពវ៉េបសាយក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang នាសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែតុលា។ (រូបភាពវ៉េបសាយក្រសួងការបរទេសចិន)
​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១២ ខែតុលា បាន​ប្រតិកម្ម​តប​ការលើកឡើង​របស់​កន្ល​ង​មក​របស់​មេដឹកនាំ​អាមេរិក ដែលថា ចិន​បាន​ដើរ​ថយក្រោយ​លើ​ការការពារ​សិទ្ធិមនុស្ស​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា រដ្ឋាភិបាល​ចិន​ចាត់ទុក​សិទ្ធិមនុស្ស​ជា​រឿង​សំខាន់ និង​បាន​ជំរុញ​ការការពារ​សិទ្ធិ​សាកល​នេះ​ផង ខណៈ​ប្រជាជន​ចិន​រីករាយ​សិទ្ធិ​របស់ខ្លួន​យ៉ាង​ទូលំទូលាយ​ដែលមាន​ចែង​ក្នុង​ច្បាប់​។ អាមេរិក​ទៅវិញ​ទេ​ដែល​ត្រូវ​មើល​ឡើងវិញ​ស្ថានភាព​សិទ្ធិមនុស្ស​របស់ខ្លួន​នោះ​។​

 
​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន មិន​ដូច​លើកឡើង​របស់​មេដឹកនាំ​អាមេរិក​។ នេះ​ជា​ចម្លើយ​របស់​ក្រុង​ប៉េកាំង​តប​ទៅកាន់​ការរិះគន់​របស់​មេដឹកនាំ​អាមេរិក​នាពេល​កន្លងមក​ជុំវិញ​ការធ្លាក់ចុះ​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​មហាអំណាច​ទី​ពីរ​របស់​ពិភពលោក​។ លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​រៀបរាប់​ពី​សមិទ្ធផល​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​ក្នុង​ការគោរព និង​លើកកម្ពស់​សិទ្ធិមនុស្សរ​បស់​ខ្លួន​។​
 
«​ចិន​បាន​រំដោះប្រជាជន​ច្រើនជាង​៧០០​លាន​នាក់​ឲ្យ​ផុតពី​ភាពក្រីក្រ និង​ផ្ដល់​ការងារ​ឲ្យ​ប្រជាជន​ចំនួន​៧៧០​លាន​នាក់​ទៀត​។ អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចិន​ជិត​៨០០​លាន​នាក់​បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​របស់​រដ្ឋាភិបាល​។ ចិន​មាន​អ្នក​គោរព​សាសនា​ជិត​២០០​លាន​នាក់ មាន​បព្វជិត​ជិត​៤​សែន​នាក់ និង​មាន​កន្លែង​ប្រតិបត្តិ​សាសនា​ចំនួន​១៤​ម៉ឺន​ទីតាំង​។​» នេះ​ជា​លើកឡើង​របស់លោក Lu នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១២ ខែតុលា​។ 
 
​តប​ទៅ​អាមេរិក​វិញ អ្នកនាំពាក្យ​ខាងលើ​ក៏​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ក្រុង​វ៉ាស៊ីនតោន ដោយ​អះអាងថា អាមេរិក​រុំ​រឹត​ដោយ​បញ្ហា​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់ ហើយ​អាមេរិក​ថែមទាំង​ដកខ្លួន​ចេញពី​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ទៅទៀត​។ ទន្ទឹមនឹង​ការបញ្ជា​ក់ថា អាមេរិក​គ្មាន​សិទ្ធិ​ចង្អុលមុខ​ប្រទេស​ផ្សេង​នោះ លោក Lu បានផ្ដល់​ដំបូន្មាន​ទៅ​អាម​រិ​ក​ដែរ​ថា គិតគូរ​ពី​ការបំពាន​សិទ្ធិមនុស្ស​ក្នុងស្រុក​ខ្លួនឯង​ទៅជា​ជាង​យក​សិទ្ធិមនុស្ស​ធ្វើជា​ឧបករណ៍​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។​
 
​សម្រាប់​មន្ត្រី​ក្រ​សួ​ការបរទេស​ចិន​ដដែល​នេះ គ្មាន​ប្រទេស​ណា​ដែល​អាច​អះអាងថា ខ្លួន​ល្អ​លើសគេ​លើ​គោរព​សិទ្ធិមនុស្ស​ឡើយ ដ្បិត​ជា​កិច្ច​ការដែល​តែងមាន​ការវិវត្ត​ជានិច្ច​។ ហេតុដូចនេះ​ទើប​ចិន​រក្សា​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការដើរ​តាមផ្លូវ​អភិវឌ្ឍ​សិទ្ធិមនុស្ស​ដែល​សម​ស្របតាម​លក្ខខណ្ឌ​របស់​ចិន ក៏ដូចជា​ជំរុញ​ការគោរព​សិទ្ធិ​មូលដ្ឋាន​ទាំងឡាយ​ដូចជា​សេរីភាព សិទ្ធិ​ស៊ីវិល និង​វប្បធម៌ និង​សិទ្ធិ​នយោបាយ​ជាដើម​។​
 
​ជុំវិញ​សិទ្ធិមនុស្ស​នេះ លោក Lu ក៏​ឆ្លៀត​លើកឡើង​ពី​ដែន​កំណត់​របស់​វា ដោយ​គូសបញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​ដែល​សិទ្ធិមនុស្ស​គ្មាន​ព្រំដែន និង​ដាច់ខាត​ឡើយ​។ លោក​រំឭកថា ប្រជាជន​ទាំងអស់​ត្រូវ​គិតគូរ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ពេល​អនុវត្ត​សិទ្ធិ​របស់ខ្លួន ហើយក៏​គ្មាន​នរណា​អាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ណាមួយ​ក្រោយ​របាំង​សិទ្ធិមនុស្ស​ដែរ​៕
 

Tag:
 ​ចិន​
  អាមេរិក​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com