អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​ប្រឈម​នឹង​ការដកខ្លួន​របស់​មេដឹកនាំ​អាជីវកម្ម​នានា​បន្ទាប់ពី​ហេតុការណ៍​បាត់​ខ្លួន​អ្នកកាសែត​អារ៉ាប់​ម្នាក់​
13, Oct 2018 , 7:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​លោក Steven Mnuchin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែងថា លោក​នឹងចូលរួម​សន្និសីទ​ស្តីពី​ការ​វិយោគ​ទុន​ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ចុងខែ​នេះ ខណៈ​មានការ​អះអាង​កាន់តែខ្លាំង​ឡើង​ថា អ្នកកាសែត​ជនជាតិ​អ៉ា​រាប់​ដែល​បាន​បាត់​ខ្លួន​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​អារ៉ាប់​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។​


 
​លោក Mnuchin បាន​ថ្លែង​តាមរយៈ​សារព័ត៌មាន CNBC​ថា​៖ «​ខ្ញុំ​មាន​គម្រោង​ទៅ​ចូលរួម​សន្និសីទ​នេះ​។ ប្រសិនបើ​មាន​អ្វី​កើតឡើង​និង​មានការ​ផ្លាស់ប្តូរ​នោះ យើង​នឹង​ពិនិត្យមើល​លើ​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​ខ្ញុំ​មាន​គម្រោង​ទៅ​ចូលរួម​សន្និសីទ​នោះ​»​។​
 
​ធនាគារ​ល្បីឈ្មោះ​ធំៗ​ក៏​នឹងចូលរួម​សន្និសីទ​ស្តីពី​ការផ្តួចផ្តើម​វិនិយោគទុន​ធំៗ​នាពេល​អនាគត​ដែល​នឹង​រៀបចំឡើង​ក្នុង​ទីក្រុង​រី​យ៉ា​ត ផងដែរ បើទោះជា​មាន​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ និង​មេដឹកនាំ​អាជីវកម្ម​នានា​បាន​ដកខ្លួន​ចេញពី​សន្និសីទ​នេះ និង​ផ្តាច់ទំនាក់ទំនង​អាជីវកម្ម​ធំៗ​ជាមួយ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​ក៏ដោយ​។​
 
​លោក Richard Branson មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​នឹង​បញ្ឈប់​ការចរចា​ជុំវិញ​ការវិនិយោគ​ក្នុងប្រទេស​អារ៉ាប់​នៅក្នុង​គម្រោង​បណ្តាក់ទុន​របស់​ក្រុមហ៊ុន Virgin Group របស់លោក​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន Virgin Group លោក​បានប្រកាសថា​៖ «​អ្វីដែល​ទើប​កើតឡើង​ជុំវិញ​ការបាត់​ខ្លួន​របស់លោក Jamal Khashoggi អ្នកកាសែត​ជនជាតិ​អារ៉ាប់​ក្នុងប្រទេស​តួ​ក​គី ហើយ​ប្រសិនបើ​អ្វីដែល​បាន​រាយការណ៍​គឺជា​ការពិត​នោះ វា​នឹង​បង្ហាញ​យ៉ាងច្បាស់​ថា​យើង​នឹង​ផ្លាស់ប្តូរ​ការវិនិយោគរ​បស់​យើង​ជាមួយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​លោក Steve Case សហ​ស្ថាបនិក​ក្រុមហ៊ុន AOL, នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Uber លោក Dara Khosrowshahi និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Viacom លោក Robert Bakish​បានប្រកាសថា ពួកគេ​នឹងមិន​ចូលរួម​សិន្ន​សីទ​ក្នុង​ទីក្រុង​រី​យ៉ា​ត​នេះ​ទេ​៕
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com