អន្តរជាតិ
ទិវា​ប្រឆាំង​ទោស​ប្រហារជីវិត​៖ សហភាព​អឺរ៉ុប​សរសើរ​ឡាវ ដែល​មានទោស​ប្រហារជីវិត តែ​មិនដែល​ប្រើ​
13, Oct 2018 , 8:39 pm        
រូបភាព
ដោយ:
​ដូច​រៀងរាល់ឆ្នាំ​នាឱកាស នៃ​ទិវា​ប្រឆាំង​ទោស​ប្រហារជីវិត សហភាព​អឺរ៉ុប តែង​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្តេជ្ញាចិត្ត ធានា​ឲ្យ​បានការ​ផ្តល់​ប្រព័ន្ធយុត្តិធម៌ និង​ប្រឆាំង​បំផុត​ចំពោះ​ការអនុវត្ត​ទោស​ប្រហារជីវិត​។ ហើយក៏​មិន​ខុសពី​ពេលមុនៗ សហភាព​អឺរ៉ុប ក៏បាន​កើត​សរសើរ​ឡាវ ដែល​មិន​អនុវត្ត​ទោស​បែបនេះ​ផងដែរ​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​៩ តុលា​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​វៀងចន្ទន៍ សហភាព​អឺរ៉ុប បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជាមួយ​គ្រប់​ប្រទេស ដែល​រាប់បញ្ចូល​ទាំង​ឡាវ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ទៅមុខ​នៃ​ការលុបបំបាត់​ទោស​ប្រហារជីវិត​ជាស​កល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Laotian Times​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ សហភាព​អឺរ៉ុប បាន​លើកឡើងថា មកទល់ពេលនេះ មាន​រដ្ឋ​១៤៣​ហើយ ពោលគឺ​ស្ទើរតែ​៣​ភាគ​៤​នៃ​ប្រទេស​ទូទាំង​ពិភពលោក ដែល​រាប់បញ្ចូល​ទាំង​ប្រទេស​តំបន់​អឺរ៉ុប​ទាំងអស់ បាន​បដិសេធ​មិន​អនុវត្ត​ទោស​ប្រហារជីវិត​។ សហភាព​អឺរ៉ុប ក៏បាន​អះអាងថា គ្មាន​ហេតុផល​ណាមួយ ដែល​ប្រទេស​មួយចំនួន​ចោទថា​ការប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ត្រូវតែ​កាត់ទោស​ប្រហារជីវិត​ឡើយ​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ សហភាព​អឺរ៉ុប ក៏បាន​លើកសរសើរ​ពី​ឡាវ​ផងដែរ​។ « ទោស​ប្រហារជីវិត ត្រូវបាន​បញ្ញត្តិ​ក្នុង​ច្បាប់​របស់​ប្រទេស ហើយ​ច្បាប់​នេះ ក៏​នៅ​ជា​ធរមាន​ដដែល​។ ក៏ប៉ុន្តែ ជាង​២៥​ឆ្នាំ​មកនេះ ឡាវ មិនដែល​មានការ​កាត់​ប្រទេស​ជីវិត​ឡើយ​»​។ នេះ គឺជា​ការលើកឡើង​រប​ស់​សហភាព​អឺរ៉ុប​។​
 
​គួរកត់សម្គាល់​ផងដែរ ក្នុងចំណោម​ប្រទេស ដែល​នៅតែ​បន្ត​អនុវត្ត​ទោស​ប្រហារជីវិត ក៏​រាប់បញ្ចូល​ទាំង​សមាជិក​ភាគច្រើន​នៃ​ប្រទេស​អាស៊ាន​ដូចជា​ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម ជាដើម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com