អន្តរជាតិ
ម៉ាឡេស៊ី​បោះឆ្នោត​បង្គ្រប់​អាសនៈ ត្រួសត្រាយ​ផ្លូវ​ដល់​លោក អាន់​វ៉ា ជំនួស​តំណែង​លោក មហា​ធៀ​
13, Oct 2018 , 2:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបោះឆ្នោត​បង្គ្រប់​អាសនៈ​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ១៣ ខែតុលា​នេះ​នៅ​មណ្ឌលបោះឆ្នោត Port Dickson ដែលជា​ក្រុង​ស្ថិតនៅ​ភាគខាងត្បូង​ម៉ាឡេស៊ី​។ ការបោះឆ្នោត​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រឡប់​ចូល​នយោបាយ និង​ឈានទៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំបី​របស់​ម៉ាឡេស៊ី​ជំនួយ​លោក មហា​ធៀ មហាម៉ាត់​ផង​។


​ក្រោយ​ការឃោសនា​នយោបាយ​ពីរ​សប្តាហ៍​កន្លងមកនេះ ប្រជាជន​នៅ​ក្រុង Port Dickson ច្រើនជាង ៧៥០០០​នាក់​ចាប់ផ្តើម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី ១៣ ខែតុលា​នេះ​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រំពឹងថា ប្រជាជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​យ៉ាងតិច ៧០​ភាគរយ​នឹង​ទៅ​បោះឆ្នោត ហើយ​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​យប់​ថ្ងៃ​សៅរ៍​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការបោះឆ្នោត​បង្គ្រប់​អាសនៈ​នេះ​ធ្វើឡើង​ក្រោយពេល​សមាជិកសភា​ម្នាក់​នៃ​សម្ព័ន្ធ​បក្ស​កាន់អំណាច Pakatan Harapan ចុះ​ចេញពី​តំណែង​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ចូល​នយោបាយ​វិញ​។​
 
​ក្នុងការ​ឃោសនា​ពី​រស​ប្តា​ហ៍​មកនេះ លោក អាន់​វ៉ា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង និង​បាន​សន្យា​ចំពោះ​ប្រជាជន​ជា​អ្នកបោះឆ្នោត​ថា​លោក​នឹង​នាំមក​ការអភិវឌ្ឍ , រដ្ឋាភិបាល​ដែល​ស្អាតស្អំ និង​ជំរុញ​ទេសចរណ៍​ក្នុង​តំបន់​ផងដែរ​។ 
 
​នៅក្នុង​ការឃោសនា​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​វ័យ ៩៣​ឆ្នាំ​លោក មហា​ធៀ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាស​ត្រូវ​ចាស់​របស់លោក អាន់​វ៉ា​នោះ ក៏បាន​បង្ហាញខ្លួន​លើ​ឆាក​ជួបជុំ​សមាជិក​សមាជិកា​បក្ស​ជាមួយ​លោក អាន់​វ៉ា​។ វា​ជាការ​បង្ហាញខ្លួន​រួមគ្នា​លើកដំបូង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រហែល ២០​ឆ្នាំ​មកនេះ​ដែរ​។ លោក មហា​ធៀ បាន​ទទូច​ឲ្យ​អ្នកបោះឆ្នោត​គាំទ្រ​លោក អាន់​វ៉ា ដែលជា​អ្នក​ស្នង​តំណែង​លោក ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ម៉ាឡេស៊ី​ជាពិសេស​បញ្ហា​ពុករលួយ និង​សេដ្ឋកិច្ច​នោះ​។​
 
​យ៉ាងណាក៏ដោយ មណ្ឌលបោះឆ្នោត​ខាងលើ​មាន​ប្រជាជន​ចិន​ម៉ាឡេស៊ី​រស់នៅ​ច្រើន​ដែរ ហើយ​គេ​វាយតម្លៃថា លោក អាន់​វ៉ា នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ដណ្តើមយក​អាសនៈ​ក្នុងការ​បោះឆ្នោត​ថ្ងៃ​សៅរ៍​នេះដែរ​។​
 
​តាមពិតទៅ ការ​ឈ្នះ​បាន​អាសនៈ​នេះ​ជា​លក្ខខណ្ឌ​តម្រូវ​សំខាន់បំផុត​មួយ​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​រូបនេះ​ព្រោះ​លោក​ត្រូវ​ត្រឡប់​ចូល​ឆាកនយោបាយ​វិញ និង​ឈានទៅ​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​ជំនួស​លោក មហា​ធៀ​ម មហាម៉ាត់ នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​ជាងគេ​លើ​លោក​ផង​។​
 
​លោក អាន់​វ៉ា ធ្លាប់ជា​សមាជិក​អតីត​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional និង​កាន់តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង ប៉ុន្តែ​លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​និង​ពុករលួយ ដោយ​រដ្ឋាភិបាល​របស់​លោក មហា​ធៀ ឆ្នាំ ១៩៩៨ ក្រោយ​ពេលដែល​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​ល្អក់កករ​។ លោក អាន់​វ៉ា ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឆ្នាំ ២០០៤ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៥ លោក​ត្រូវបាន​គេ​កត់​ទោស​ម្តងទៀត​ក្រោម​បទ​ចោទ​ដដែល​ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​ម្តង​។ វា​យុទ្ធសាស្ត្រ​បិទផ្លូវ​សត្រូវ​នយោបាយ​របស់ខ្លួន ដោយសារ​លោក អាន់​វ៉ា មាន​ប្រជាប្រិយភាព​ខ្ពស់​។ 
 
​យ៉ាងណាមិញ ពេល​ស្ថិតក្នុង​ពន្ធនាគារ លោក អាន់​វ៉ា បាន​ចាប់ដៃ​ជាមួយ​លោក មហា​ធៀ ដោយ​ទុក​អតីតកាល​ជូរចត់​មួយ​ឡែក​ដើម្បី​បង្កើត​សម្ព័ន្ធ​នយោបាយ ហើយក៏​បានឈ្នះ​ការបោះឆ្នោត​សភា​កាលពី​ខែឧសភា​កន្លងទៅ​។ ក្រោយ​ការបោះឆ្នោត​នេះ លោក មហា​ធៀ បានស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក អាន់​វ៉ា ហើយ​ការលើកលែងទោស​នេះ​បើកផ្លូវ​ឲ្យ​លោក​ត្រឡប់​ចូល​នយោបាយ​ជាថ្មី​ដែរ​។ ម្យ៉ាងទៀត​ក្រោម​កិច្ចព្រមព្រៀង​នយោបាយ​រួមគ្នា​នេះ លោក អាន់​វ៉ា នឹងត្រូវ​ជំនួស​តំណែង​លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំបី​ផង​៕
 

Tag:
 ​ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com