អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន​៖ កូរ៉េខាងជើង​ប្ដេជ្ញា​រំសាយ​នុយក្លេអ៊ែរ​ទាំងអស់ រាប់ទាំង​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ផង​
13, Oct 2018 , 10:59 pm        
រូបភាព
មេដឹកនាំកូរ៉េទាំងពីរនាជំនួបកន្លងមក (រូបភាព AFP)
មេដឹកនាំកូរ៉េទាំងពីរនាជំនួបកន្លងមក (រូបភាព AFP)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១២ ខែតុលា និយាយថា កូរ៉េខាងជើង​ដឹង​ពី​ភាពចាំបាច់​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​ក្នុង​ឃ្លាំង​របស់ខ្លួន​ដើម្បី​សម្រេច​ឲ្យ​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។ បើតាម​លោក មូ​ន មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មាន​ឆន្ទៈ​បោះបង់​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​មាន ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ប៉ុន្តែ​ការរំសាយ​នុយក្លេអ៊ែរ​ធ្វើឡើង​ពេលណា និង​តាមរបៀប​ណា គឺ​ស្ថិតក្នុង​ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​។​

 
​ពាក្យសន្យា​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​រាប់បញ្ចូល​គ្រប់យ៉ាង​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC នៅ​ថ្ងៃទី​១២ ខែតុលា មុន​ចាកចេញ​ទៅកាន់​ទ្វីបអឺរ៉ុប​។ យ៉ាងណាមិញ អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​អាមេរិក និង​កូរ៉េខាងជើង​ផ្ទាល់ ទោះជា​ការចរចា​រវាង​ភាគី​ទាំងពីរ​នាពេល​កន្លងមក​បាន​ជាប់គាំង​ដោយសារ​ជំហរ​មិនទាន់​ត្រូវ​គ្នា​ក៏ដោយ​។ 
 
«​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែល​លោក គីម ជុង​អ៊ុន ចង់បាន មិន​ត្រឹម​ចាប់ផ្ដើម​ត្រឹម​ការបញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល និង​ការកម្ទេច​ទីតាំង​ផលិត​នុយក្លេអ៊ែរ ឬ​អភិវឌ្ឍ​មី​ស៊ី​ល​នោះឡើយ​។ វា​គឺ​រាប់បញ្ចូល​ទាំងអស់ រាប់ទាំង​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ និង​គ្រឿង​បរិក្ខារ​នុយក្លេអ៊ែរ​នានា​ផង​។​» នេះ​ជា​ចម្លើយ​របស់លោក មូ​ន ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន BBC ។ 
 
​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បង្ហាញ​ជំហរ​របស់​កូរ៉េខាងជើង​ដែល​ចង់​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ក្នុង​កិច្ច​សម្ភាស​ដដែល លោក មូ​ន បន្តថា កូរ៉េខាងជើង​សន្យាថា គ្មាន​មូលហេតុ​អ្វីដែល​ខ្លួន​ត្រូវមាន​នុយក្លេអ៊ែរ ស្របពេល​ជួប​បញ្ហាលំបាក​ដូចជា​ទណ្ឌកម្ម​ឡើយ បើ​សុវត្ថិភាព​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​ធានា​ពិតប្រាកដ​មែន​នោះ​។​
 
​យ៉ាងណាមិញ លោក មូ​ន ដែល​បាន​ជួប​លោក គីម បី​ដង​រួចមកហើយ​នោះ មិនបាន​និយាយ​ពី​កាលបរិច្ឆេទ និង​វិធីសាស្ត្រ​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ ដោយ​ទុក​ឲ្យ​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជជែក​គ្នា​វិញ​។ ឯ​មូលហេតុ គឺ​ដោយសារ​កូរ៉េខាងជើង​ទាមទារ​ឲ្យ​អាមេរិក​ចាត់វិធានការ​តប​នឹង​ចំណាត់​ការដែល​ខ្លួន​អនុវត្ត​កន្លងមក​ដូចជា​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​ការបញ្ជូន​ធាតុ​ទាហាន​អាមេរិក​ទៅ​ស្រុក​វិញ​ជាដើម​។​
 
​មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ​ចង់បាន​ការបញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​អាមេរិក​នៅ​ស្ទាក់ស្ទើរ​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។ ម្យ៉ាង​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សមកម្ម​ភាព​បន្ថែមទៀត​សិន មុននឹង​ខ្លួន​ផ្ដល់​ការលើកទឹកចិត្ត​ដូចជា​ការផ្អាក​ទណ្ឌកម្ម​។ ម្យ៉ាង​ការបញ្ចប់​សង្គ្រាម​កូរ៉េ​នឹងធ្វើ​ឲ្យ​ទាហាន​អាមេរិក​ជិត​បី​ម៉ឺន​នាក់​នៅ​កូរ៉េខាងត្បូង ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ឬក៏​ត្រូវ​ដក​ត្រឡប់​ទៅវិញ​ផង​៕ 
​ 

Tag:
 ​កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com