ជាតិ
អគ្គិភ័យ ឆេះក្លឹបកម្សាន្តមួយកន្លែងនៅខេត្តកណ្ដាល បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រូបភាពពីស្នងការនគរបាលខេត្តកណ្ដាល
× នៅរសៀលថ្ងៃទី ១៣ តុលានេះ មានករណីអគ្គិភ័យឆេះក្លឹបកម្សាន្តមួយកន្លែងឈ្មោះថា ឌី ក្លឹប ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាល។
បុរសម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ត ដែលកំពុងសាងសង់ស្ថិតនៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ អគ្គិភ័យនេះ កើតឡើងនៅម៉ោងប្រមាណជិត ៣ រសៀល ថ្ងៃទី១៣ តុលានេះ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាល បុរសដែលស្លាប់ក្នុងករណីអគ្គិភ័យនេះ ជាជាងម៉ាស៊ីនត្រជាក់ មានទីលំនៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតក្លឹបកម្សាន្តនេះទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១២ គ្រឿង។ នេះបើតាមទំព័រហ្វេសប៊ុកដដែល៕
Tag:
ក្លិប
ឆេះ
កណ្ដាល
ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com