ជាតិ
សៀមរាប៖អាជ្ញាធរកែលម្អសួនច្បារក្រោយព្រះអង្គចេកព្រះអង្គចម សម្រួលការទស្សនាសត្វច្រឹង
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមកែលម្អសួនច្បារថ្មីបន្ថែមទៀត ដើម្បីបម្រើសេវាកម្មភ្ញៀវទេសចរក្នុងខេត្តមួយនេះ។ សួនច្បារក្រោយព្រះអង្គចេក ព្រះអង្គចម ដែលទេសចរនិយមទស្សនាសត្វច្រឹង រស់នៅលើដើមឈើធំៗ ត្រូវបានកែលម្អក្រាលការ៉ូឡា។ អាជ្ញាធរបញ្ជាក់ថា គម្រោងនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវ ក៏ដូចជាលើកសោភ័ណភាពទីក្រុងផងដែរ។
រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងផ្តើមកែលម្អសួនច្បារមួយចំនួនក្នុងក្រុងសៀមរាប មានសួនច្បារស្ពាថ្មព្រះរាជដំណាក់ ដោយធ្វើការក្រាលការ៉ូឡាជំនួសវាលស្មៅចាស់។ កម្រោងនេះ ក៏អនុវត្តន៍នៅវាលស្មៅក្រោយទីសក្ការៈព្រះអង្គចេកព្រះអង្គចមផងដែរ។ គម្រោងនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាបអះអាងថា ដើម្បីលើកសោភ័ណភាពក្រុងសៀមរាប និងសម្រួលដល់ការទស្សនារបស់ទេសចរ ដែលនិយមទស្សនាសត្វច្រឹងដ៏ច្រើនសន្ធឹក នៅលើដើមឈើធំៗ។
នៅតំបន់ខាងលើនេះ រដ្ឋបាលខេត្តសៀមរាបក៏បានធ្វើការកែលម្អ និងក្រាលការ៉ូឡាជំនួសវាលស្មៅនៅតាមបណ្តោយជុំវិញស្ទឹងសៀមរាប ចាប់ពីស្ពានវត្តរាជបូព៌ ដល់ស្ពានព្រះរាជដំណាក់ផងដែរ។ក្នុងពេលចុះពិនិត្យការដ្ឋានកាលពីដើមខែ តុលា លោកអភិបាលខេត្តសៀមរាប ពន្យល់ថា ការរៀបចំនេះដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យអុំទូក ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ៕
Tag:
សួនច្បារ
ព្រះអង្គចេកព្រះអង្គចម
សត្វច្រឹង
© រក្សាសិទ្ធិដោយ thmeythmey.com