អន្តរជាតិ
វៀតណាម រៀបចំ​ធ្វើ​បទបញ្ជា​ថ្មី​ទប់ស្កាត់​មន្ត្រីជាន់ខ្ពស់​ប្រព្រឹត្ត​អំពើពុករលួយ និង​បង្ហាញ​គំរូ​ដល់​ថ្នាក់ក្រោម​
14, Oct 2018 , 10:39 am        
រូបភាព
ដោយ:
​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រជុំពិភាក្សា​ធ្វើ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​ដើម្បី​គ្រប់គ្រង​ទាំង​មន្ត្រីជាន់ខ្ពស់​បក្ស និង​មន្ត្រី​រដ្ឋាភិបាល​។ គោលដៅ​នៃ​កា​រៀបចំ​បទបញ្ជា​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​សេចក្តីថ្លៃថ្នូ​របស់​មន្ត្រីជាន់ខ្ពស់ ដែលជា​គំរូ​សម្រាប់​ថ្នាក់ក្រោម ក៏ដូចជា​ពង្រឹង​ការទទួលខុសត្រូវ​មន្ត្រី​កាន់តំណែង​ជាន់ខ្ពស់​ផងដែរ​។​


 
​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ដើមខែ​តុលា​កន្លងទៅ បាន​បើក​កិច្ចប្រជុំ​សមាជិក​បក្ស​ជាន់ខ្ពស់ ដែល​ត្រូវ​ប្រព្រឹត្តទៅ​រយៈពេល​បួន​ថ្ងៃដើម្បី​ពិភាក្សា​លើ​ការធ្វើ​បទបញ្ជាផ្ទៃក្នុង​មួយ ក្នុង​គោលដៅ​កំហិត​ដល់​មន្ត្រីជាន់ខ្ពស់​ទាំង​ក្នុង​បក្ស និង​ក្នុង​រដ្ឋាភិបាល ឲ្យ​បង្ហាញ​ពី​ការទទួលខុសត្រូវ និង​គំរូ​ល្អ​ដល់​មន្ត្រី​ថ្នាក់ក្រោម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​

អត្ថបទទាក់ទង

 
​នា​កិច្ចប្រជុំ​នោះ អគ្គលេខាធិការ​បក្ស លោក Nguyen Phu Trong បាន​ទទូច​ឲ្យ​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​ចូលរួម​បង្កើត​ក្រឹត្យក្រម​ផ្លូវការ​មួយ​ដើម្បី​កំណត់​ឲ្យ​ច្បាស់​ពី​ស្តង់ដារ​ក្រមសីលធម៌​របស់​សមា​ជិ​កប​ក្ស ពិសេស​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​តែម្តង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​
 
​តាម Vietnam News សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​នេះ នឹង​ក្លាយជា​ឧបករណ៍​គោលនយោបាយ​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​បង្កើន​ការទទួលខុសត្រូវ​រប​ស់​ពួកគេ ហើយ​ក្រឹត្យក្រម​ថ្មី​នេះ ក៏​អាច​នឹងមាន​វិសាលភាព​ដល់​សាច់ញាតិ​របស់​មន្ត្រីជាន់ខ្ពស់ ពោលគឺ ក្រុមគ្រួសារ មិនអាច​ទាញ​ផលប្រយោជន៍​ពីមុខ​តំណែង​ជាន់ខ្ពស់​នោះ​ដើម្បី​បង្កើន​របរ​រកស៊ី​ជាដើម​។ 
 
​ជាពិសេស​នោះ បើ​សេចក្តីព្រាង​នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ប​ក្ស​កុម្មុយនីស្ត​វៀតណាម​មួយ​នេះ ពិតជា​ត្រូវ​បានអនុម័ត​មែន​នោះ ការហាមឃាត់​មន្ត្រីជាន់ខ្ពស់​ក្នុង​ការទិញ​អចល​ទ្រព្យ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ក្រៅប្រទេស ក៏ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ផងដែរ​។ ពោលគឺ គ្រប់​មន្ត្រី​បក្ស​ទាំងអស់ ត្រូវ​ធានា​ឲ្យ​បាន​បទ​វិន័យ​ផ្ទាល់ខ្លួន​យ៉ាងច្បាស់​លាស់​ដើម្បី​ជា គំរូ​ដល់​មន្ត្រី​ថ្នាក់ក្រោម​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មុនពេល​នៃ​ការចាប់ផ្តើម​ការធ្វើ​សេចក្តីព្រាង​នៃ​បទបញ្ជាផ្ទៃក្នុង​នេះ វៀតណាម បានទទួល​មេរៀន និង​ជា​សារ​ព្រមាន​មួយ​ពាក់ព័ន្ធ​ការដឹកនាំ​ក្នុង​បក្ស​។ នោះ​គឺ នៅ​ដើមឆ្នាំ​កន្លងទៅ​វៀតណាម បាន​រកឃើញ និង​កាត់ទោស​មន្ត្រីជាន់ខ្ពស់​ជាង​២០​នាក់ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​រលួយ​យ៉ាងធ្ងន់ធ្ងរ​។ ពួកគេ សុទ្ធសឹងតែ​ទទួលបាន​ការទុកចិត្ត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម​ឲ្យ​ទៅកាន់​តំណែង​សំខាន់ៗ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​៕ 
 

Tag:
 វៀតណាម​
  ពុករលួយ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com