អន្តរជាតិ
បោះឆ្នោត​រើស​មេភូមិ​មួយ​នៅ​ប៉េ​រូ សម្រេច​លទ្ធផល​ដោយ​ការបោះ​កាក់​
14, Oct 2018 , 1:59 pm        
រូបភាព
ដោយ: ធីតា
ការបោះ​កាក់​កំណត់ «​ក្បាល ឬ​កន្ទុយ​» ក្លាយជា​មធ្យោបាយ​នៃ​ការ​កាត់សេចក្តី​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ភូមិ​ដាច់ស្រយាល​មួយ នៅក្នុង​ប្រទេស​ប៉េ​រូ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រកាសថា បេក្ខជន​ពីររូប​ទទួលបាន​សំឡេងគាំទ្រ​ស្មើគ្នា​។​



​លោក Wilbert Estrada មកពី​គណបក្ស​កណ្តាល​និយម បាន​ក្លាយជា​មេភូមិ​ថ្មី​នៅ Tibillo ក្នុង​តំបន់ Ica ភាគ​និរតី​នៃ​ប្រទេស​ប៉េ​រូ ក្រោយ​ការបោះ​កាក់ ធ្លាក់​មក​ខាង «​កន្ទុយ​» ដែល​លោក​បានជ្រើសរើស ។​

​យោងតាម​កាសែត​បារាំង Le Figaro ការជ្រើសរើស​ថ្នាក់ដឹកនាំ​ភូមិ Tibillo កាលពី​ថ្ងៃទី​៧ ខែតុលា មាន​បេក្ខជន​សំខាន់​៤​រូប​ចូលរួម​ប្រកួតប្រជែង ដោយ​ការរាប់​សន្លឹកឆ្នោត​បង្ហា​ញ​ថា បេក្ខជន​ពីររូប​ទទួលបាន​សំឡេងគាំទ្រ​ម្នាក់​១០២​សំឡេង​ស្មើគ្នា ក្នុងចំណោម​សំឡេង​សរុប​៣៤៧ ។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រចាំ​តំបន់ Ica បាន​កាត់សេចក្តី​ដ៏​ប្លែក​មួយ ដោយ​ស្នើ​ឲ្យ​មេ​ប៉ូលិស​មួយរូប បោះ​កាក់​ដើម្បី​កំណត់​លទ្ធផល​ឈ្នះ​ចាញ់​។ លោក Estrada បានទទួល​ជ័យជម្នះ​លើ​បេក្ខជន​ឈ្មោះ Javier Gallegos ពី​គណបក្ស​ចលនា​ការងារ​ដើម្បី​ទំនើបកម្ម ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់ខ្លួន​។​

​លោក Estrada យក​ខាង «​កន្ទុយ​» រីឯ​លោក Gallegos យក​ខាង «​ក្បាល​»​។ ក្រោយ​មេ​ប៉ូលិស បោះ កាក់​បាន​ធ្លា​ក់ដោយ​ផ្ងារ​ខាង​កន្ទុយ​។ «​សូម​អរគុណ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុងភូមិ ខ្ញុំ​ពេញចិត្ត​ការសម្រេច​លទ្ធផល​បែបនេះ​ណាស់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ឱកាស​ដឹកនាំ​ភូមិ​ដាច់ស្រយាល​មួយ​នេះ​»​។ លោក Estrada ថ្លែង​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com