រថយន្ត
អន្តរជាតិ
ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ រង​ការរិះគន់​រឿង​ចូល​រថយន្ត​ទំនើប​រាប់សិប​គ្រឿង​ដើម្បី​ដឹក​មេដឹកនាំ​មក​ប្រជុំ APEC
15, Oct 2018 , 7:19 pm        
រូបភាព
រូបភាព៖ The Australian
រូបភាព៖ The Australian
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ (Papua New Guinea) រង​ការរិះគន់​ខ្លាំង​នៅ​សប្តាហ៍​នេះ​ក្រោយ​នាំចូល​រថយន្ត​ទំនើបៗ ៤០​គ្រឿង​ដើម្បី​ដឹក​មេដឹកនាំ និង​ប្រតិភូ​បរទេស​មក​ចូលរួម​ប្រជុំ APEC ខែក្រោយ​។ ប្រជាជន​នៃ​កោះ​ប៉ាស៊ីហ្វិក​នេះ​បង្ហាញ​ការខឹង​សម្បារ​នឹង​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ផ្ទុះឡើង​ជាថ្មី​នៃ​ជំងឺ​ស្វិតដៃជើង  និង​ប្រទេស​ទាំងមូល​ស្ថិតក្នុង​ភាពក្រីក្រ​ដោយ​បន្ត​ពឹង​ជំនួយ​បរទេស​នៅឡើយ​។ 


 
​រថយន្ត​ទំនើប​ស៊េរី Maserati ៤០​គ្រឿង​ដែល​រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ កុម្ម៉ង់​ទិញ​ពី​អ៊ីតាលី​នោះបាន​មកដល់​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ហើយ​នៅ​ដើម​សប្តាហ៍​នេះ​តាម​យន្តហោះ​ប៊ូ​អ៊ីង​ពីរ​គ្រឿង​។ គេ​មិនដឹងថា រថយន្ត​ទាំងនោះ​មានតម្លៃ​ប៉ុន្មាន​ពិតប្រាកដ​ទេ ប៉ុន្តែ​បើតាម​តម្លៃ​ទីផ្សារ​លក់​ចេញ​នៅ​អូស្ត្រាលី​វា​អាច​ស្ថិតនៅ​ចន្លោះ​ពី​២​សែន​ដល់ ៣,៤​សែន​ដុល្លារ​ឯណោះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អូស្ត្រាលី ABC មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា រថយន្ត​ទំនើប​ទាំងនេះ បាន​ដឹកជញ្ជូន​មកដល់​កំពង់ផែ Moresby  ហើយ​វា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​មេដឹកនាំ​ពិភពលោក​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​ខែវិច្ឆិកា​ខាងមុខ​។​
 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ Justin Tkatchenko បាន​និយាយថា អាជ្ញាធរ​ទទួលបន្ទុក​រៀបចំ APEC ចំណាយលុយ​លើ​ការទិញ​រថយន្ត​ទាំងនេះ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ក្រោយ​ចប់​កម្មវិធី រថយន្ត​ទាំងនោះ​នឹងត្រូវ​លក់​ចេញ​វិញ​។ 
 
​លោក​បន្ថែមថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការទិញ​រថយន្ត​ទាំង​នេះដែរ ដូច្នេះ​រដ្ឋាភិបាល ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ មិន​ខាតបង់​អ្វី​នោះឡើយ​។ យ៉ាងណាក៏ដោយ លោក​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​សរុប​នៃ​រថយន្ត​ទាំងនោះ​ពេល​នាំចូល និង​តម្លៃ​ប្រហាក់ប្រហែល​សម្រាប់​ការលក់​ចេញ​វិញ​ឡើយ​។  
 
​ការបកស្រាយ​របស់រ​ដ្ឋ​មន្ត្រី​រូបនេះ​ទំនងជា​ឆ្លើយតប​នឹង​មតិ​រះ​គន់​និង​ការខឹង​សម្បារ​របស់​ប្រជាជន​និង​មន្ត្រី​តំបន់​មួយចំនួន បន្ទាប់ពី​លេច​លឺដំណឹង​ថា​មាន​ការនាំ​រថយន្ត​ទំនើប​រាប់សិប​គ្រឿង​នេះ ខណៈដែល​កោះ​ប៉ាស៊ីហ្វិក​នេះ​ប្រឈម​នឹង​បញ្ហា​ច្រើន​ទាំង​ភាពក្រីក្រ​និង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ស្វិតដៃជើង​ជាថ្មី​ផង​នោះ​។​
 
 អភិបាលខេត្ត​ភាគ​ខាងជើង​លោក  Gary Juffa បាន​ថ្លែង​ដោយ​ការខកចិត្ត​ថា វា​ប្រៀ​ដូចជា​ការ​ទះ កំផ្លៀង​ប្រជាជន​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​មួយ​ដៃ​ដូច្នេះ​ដែរ ព្រោះ​បច្ចុប្បន្ន​ប្រជាជន​កំពុង​រងទុក្ខវេទនា ហើយ​បញ្ហា​ប្រឈម​ក៏​ច្រើន​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​ច្បាប់​ផង​។​
 
១៨ ឆ្នាំមុន ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ប្រកាសថា លែងមាន​ករណី​ជំងឺ​ស្វិតដៃជើង​ហើយ ប៉ុន្តែ​ឆ្នាំនេះ ករណី​ស្វិតដៃជើង ១៤​ករណី​កើតឡើង ហើយ​ម្នា​ក់បាន​ស្លាប់​។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង ហើយ​ម្យ៉ាងទៀត​រដ្ឋាភិបាល​ក៏​គ្មាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ទៀត​។​
 
​ជុំវិញ​ការរៀបចំ​កិច្ចប្រជុំ​នេះដែរ អូស្ត្រាលី​ដែលជា​មិត្ត​ជិតខាង ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​នោះ បានចេញ​ថវិកា​ប្រមាណ ១០០​លាន​ដុ​លា្ល​រ​សម្រាប់​ជួយ​រដ្ឋាភិបាល​នេះ រៀបចំ​ផ្នែក​សន្តិសុខ និង​ដើម្បី​ធានាថា កិច្ចប្រជុំ​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន​៕ 

Tag:
 ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com