ជាតិ
កម្ពុជា នឹងធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ពី​ការសង្គ្រោះ​យន្តហោះ​ពេល​ជួប​ឧបទ្ទវហេតុ​នៅ​ដើមខែ​វិច្ឆិកា
14, Oct 2018 , 8:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​ភ្នំពេញ​៖ នៅ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ខាងមុខនេះ អាកាសចរ​ស៊ីវិល នឹងធ្វើ​លំ​ហាត់​សមយុទ្ធ​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្គ្រោះ​យន្តហោះ​ក្នុងពេល​ជួប​ឧបទ្ទវហេតុ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​។ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ នៅពេល​ធ្វើ​លំ​ហាត់​សមយុទ្ធ​នេះ​ផងដែរ​។​


 
​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្គ្រោះ​យន្តហោះ​ពេល​មាន​ជួប​ឧបទ្ទវហេតុ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ (​កងកេង​) ។ ការរៀបចំ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នេះ អាកាសចរណ៍​ស៊ីវិល​សំណូមពរ​ឲ្យ​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការគ្នា ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​កើតមាន​ឧបទ្ទវហេតុ​យន្តហោះ​ធ្លាក់​ជាយថាហេតុ​។ 
 
​អាកាសចរ​ស៊ីវិល បញ្ជាក់ថា នៅ​ថ្ងៃ​កំណត់​មកដល់​គ្រប់​អង្គភាព​សង្គ្រោះ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ចាប់​ផ្តើមចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា ឆ្ពោះទៅកាន់​គោលដៅ​កើត​ឧបទ្ទវហេតុ ដែលមាន​សកម្មភាព​ដូចជា ការចេញ​ប្រតិបត្តិ​ការសម្រួល​ចរាចរ​របស់​កម្លាំង​នគរបាល​, ការចេញដំណើរ​របស់​រថយន្ត​ពន្លត់អគ្គីភ័យ ដោយមាន​បន្លឺ​ស៊ី​រ៉ែ​ន​ពី​គ្រប់​អង្គភាព​។ 
 
​ជាមួយគ្នានេះ រួមទាំង​សកម្មភាព ការចេញដំណើរ​របស់​រថយន្ត​ពេទ្យ​សង្គ្រោះ​មាន​បន្លឺសម្លេង​ស៊ី​រ៉ែ​ន​ពី​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន មណ្ឌល​សុខភាព និង​ពី​គ្រប់​ទីបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ដែលមាន​ទីតាំងនៅ​ជិត​កន្លែងកើតហេតុ​, ការចេញដំណើរ​របស់​រថយន្ត​កងទ័ព​ដឹកជញ្ជូន​កម្លាំង​សង្គ្រោះ និង​សកម្មភាព​ដឹកជញ្ជូន​ជនរងគ្រោះ (​សិប្បនិម្មិត​) ទៅកាន់​គោលដៅ​សង្គ្រោះ​..​។​ល​។​
 
​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមកុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​នៅពេល​ធ្វើ​លំ​ហាត់​សមយុទ្ធ ជាពិសេស​ការផ្សព្វផ្សាយ​ថា​ជាហេតុ​ការណ៍​ពិត​ឲ្យ​សោះ​៕
 

Tag:
 សមយុទ្ធ​
 ​ឧបទ្ទវហេតុ​
 ​យន្តហោះ​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com