ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិចិត្រករ សុ​ផុន ច្នៃ​សំបក​ដប​ដែល​គេ​បោះចោល​ជាវ​ត្ថុ​សិល្បៈ​ផ្សេងៗ​
15, Oct 2018 , 8:19 am        
រូបភាព
​សៀមរាប​៖ ក្នុង​បំណង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់បា្លស្ទីក​នៅ​កម្ពុជា យុវជន​មួយរូប​បាន​ច្នៃ​សំបក​ដប​ធ្វើជា​វត្ថុ​សិល្បៈ​ផ្សេងៗ​។ ភើ សុ​ផុន ជា​វិចិត្រករ​គូរគំនូរ​មួយរូប ហើយ​បាន​ប្រើពេល​៥​ឆ្នាំ​មកហើយ ដើម្បី​ដំឡើង​វត្ថុ​សិល្បៈ​ដែល​ច្នៃ​ពី​សំបក​ដប​បា្ល​ស្ទីក​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មិនឱ្យ​តម្លៃ​។



សុ​ផុន បង្កើត​វត្ថុ​សិល្បៈ​ទាំងនេះ​ឡើង​ដើម្បី​ប្រាប់​ដល់​មហាជន​ថា សំបក​ដប​ដែល​គេ​បោះចោល​នោះ ក៏​អាច​ច្នៃ​ជាវ​ត្ថុ​ប្រើប្រាស់​ផ្សេងៗ​បាន​ផងដែរ ក្នុងនោះ​សារសំខាន់​របស់​យុវជន​រូបនេះ គឺ​ចង់ឱ្យមាន​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​ស្រទាប់​បរិយាកាស​ក្នុង​ភពផែនដី និង​ដែល​សាកលលោក​កំពុង​ព្រួយបារម្ភ​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖ 




ប្លា​ស្ទីក កំពុង​ក្លាយជា​កង្វល់​មួយ​សម្រាប់​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏បាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​ដែរ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក​នេះ​។ ដើម្បី​រួមចំណែក​ជួយ​សង្គម​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក វិចិត្រករ​មួយរូប​បាន​ច្នៃ​ដប​ប្លា​ស្ទីក​បង្កើតជា​វត្ថុ​សិល្បៈ​ផ្សេងៗ​ដែល​អាច​ប្រើ​សម្រាប់​ជា​អត្ថប្រយោជន៍​បាន​។​


 
​យុវជន ភើ សុ​ផុន បានចាប់ផ្តើម​មានគំនិត​ច្នៃ​សំបក​ដប​ប្លា​ស្ទីក​កាលពី​៥​ឆ្នាំមុន ពេលដែល​គេ​មើលឃើញ​ពី​សារប្រយោជន៍​សំបក​ដប​ទាំងនោះ ដែល​ត្រូវ​ពលរដ្ឋ​ឯទៀត​មិនឱ្យ​តម្លៃ​។ គេ​បាន​ប្រមូល​សំបក​ដប​ទឹក​សុទ្ធ​ដោយ​ខ្លួនឯង និង​មួយចំនួន​ទិញ​ពី​ស្ដង់​អេតចាយ​ក្នុង​ខេត្តសៀមរាប​ផង​។ 

​រូប​សិល្បៈ​របស់ ភើ សុ​ផុន ត្រូវបាន​យកទៅ​តាំង​បង្ហាញ​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​សៀមរាប​។ សណ្ឋាគារ ម៉េ​ម័​រ បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ហើយ​គាំទ្រ​ស្នាដៃ​សិល្បករ​ណា​ដែលមាន​គំនិត​ដូចគ្នានេះ​។ សុ​ផុន បានឱ្យដឹងថា រូបភាព​ដែល​តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​មើល​នៅ​ចុងខែ​កញ្ញា គឺជា​រូប​តួអក្សរ​ដែល​ផ្គុំ​ចេញ​ជា​អក្សរ «​ភ្នំពេញ​» ដែល​គេ​ប្រើប្រាស់​សំបក​ដប​ប្រហែល ៤​ទៅ​៥​ពាន់​។ ក្រៅពីនេះ ក៏មាន​រូប​ចេតិយ និង​មកុដ​ដែល​គេ​ច្នៃ​បាន​យ៉ាង​ស្រស់ស្អាត​ផងដែរ​។​


 
ទម្រាំ​អាច​ផលិត​វត្ថុ​សិល្បៈ​ដែល​ច្នៃ​ចេញពី​សំបក​ដប​បាន សុ​ផុន ត្រូវ​ប្រើពេល​ចាប់ពី​មួយអាទិត្យ​ទៅ​ច្រើន​ខែ តាម​ទំហំ​រូប​តូច ឬ​ធំ​។ សម្រាប់​រូប​តូច សុ​ផុន ត្រូវ​អង្គុយ​ធ្វើ​ដល់​មួយអាទិត្យ ឯ​រូប​ធំ​ដូចជា​រូប​ចេតិយ​ជាដើម ត្រូវ​ចំណាយពេល​ចាប់ពី​២ ទៅ​៣​ខែ​ឯណោះ​។ សុ​ផុន ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​មានគំនិត​កែច្នៃ  មិនត្រូវ​មើលរំលង​សម្ភារ​ទាំងនោះ​ឡើយ​។​
 
​តំណាង​សណ្ឋាគារ​ម៉េ​ម័​រ ផា​ឡេស ដែល​គាំទ្រ​ស្នាដៃ និង​បាន​សម្រួល​ដល់ទី​តាំង​សម្រាប់​ការតាំង​បង្ហាញ​វត្ថុ​សិល្បៈ​របស់លោក សុ​ផុន បាន​លើកឡើងថា ការច្នៃប្រឌិត​របស់​វិចិត្រករ​រូបនេះ គឺ​ស្របតាម​គោលដៅ​តែមួយ​របស់​សណ្ឋាគារ ដែល​ចង់ឱ្យមាន​ការកាត់បន្ថយ​ថង់​ប្លា​ស្ទីក​ក្នុង​សណ្ឋាគារ​។ ជាមួយនឹង​គោលដៅ​នេះ ម៉េ​ម័​រ បានសម្រេច​ច្នៃ​គល់​ស្លឹកគ្រៃ​សម្រាប់ធ្វើ​បំពង់​បឺត ដើម្បី​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ផងដែរ​។ នេះ​បើតាម​ការលើកឡើង របស់លោក ងួន ឆៃ​។​


 
​សណ្ឋាគារ​ម៉េ​ម័​រ ផា​ឡេស បានចាប់ផ្តើម​ធ្វើ​យុទ្ធ​ការមិន​ឱ្យមាន​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​សណ្ឋាគារ ចាប់ពី​ដើមឆ្នាំ​២០១៨ គឺ​ចាប់ពី​សណ្ឋាគារ​បើក​ដំណើរការ​មក​។ ក្រៅពី​មិន​ប្រើ​បំពង់​បឺត​ជ័រ ម៉េ​ម័​រ​ក៏​មិន​ប្រើប្រាស់​ដប​ទឹក​ផងដែរ​។ សណ្ឋាគារ​នេះ មាន​ឧបករណ៍​បន្សុទ្ធ​ទឹកស្អាត​ប្រើប្រាស់​ដោយ​ខ្លួនឯង ដើម្បី​ចៀសវាង​ការប្រើប្រាស់​សំបក​ដប​ប្លា​ស្ទិ​ក​ផងដែរ​។ 


 
​អាច​ថា ម៉េ​ម័​រ​ជា​សណ្ឋាគារ​គំរូ​មួយ ដែល​ដាក់​គោលដៅ​កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក ដូច្នេះហើយ​ទើប​គំនិត​នេះ​ត្រូវបាន​អតិថិជន​ជា​ភ្ញៀវ សម្ដែង​ការគាំទ្រ​ជាខ្លាំង និង​ខ្លះទៀត​មានការ​ភ្ញាក់ផ្អើល ក៏ដូចជា​ចង់​រៀនសូត្រ​តាម​ផងដែរ​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ ក៏​ចង់ឱ្យ​សណ្ឋាគារ​ដទៃទៀត ចាប់ផ្តើម​រៀបចំ​គោលដៅ​នេះ បំណង​ជួយ​ឱ្យ​បរិស្ថាន​ល្អ​ទាំងអស់គ្នា នាពេល​អនាគត​៕
 

Tag:
 វិចិត្រករ​
 ​វត្ថុ​សិល្បៈ​
 ​សំបក​ដប​
 ​ប្លា​ស្ទិ​ក​
 ​បរិស្ថាន​
 ​ភើ សុ​ផុន​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com