អន្តរជាតិ
រឿង​ខ្លះៗ​ដែល​គួរ​ដឹង​ពីរ​ដ្ឋ​អាហ្វ្រិក​ខាងលិច «​ហ្កំ​ប៊ី​»​ដែល​រំលំ​របប​ផ្តាច់ការ​រើស​ប្រជាធិបតេយ្យ​
15, Oct 2018 , 8:59 am        
រូបភាព
រូបភាព៖ ប្រធានាធិបតីបច្ចុុប្បន្នលោក Adama  Barrow ដែលជំនួសតំណែងមេដឹកនាំផ្តាច់ការYahya Jammeh នៅឆ្នាំ ២០១៧
រូបភាព៖ ប្រធានាធិបតីបច្ចុុប្បន្នលោក Adama Barrow ដែលជំនួសតំណែងមេដឹកនាំផ្តាច់ការYahya Jammeh នៅឆ្នាំ ២០១៧
ដោយ: ថ្មីៗ
​រដ្ឋ​អាហ្វ្រិក​ខាងលិច ហ្កំ​ប៊ី​កំពុង​ស្ថិតនៅ​លើផ្លូវ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម ហើយ​រដ្ឋ​ដ៏​តូច​មួយ​នេះ​ក៏​កំពុង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ដែល​បែក​ប្រេះស្រាំ ដោយសារ​របប​ដឹកនាំ​ផ្តាច់ការ​មាន​រយៈពេល ២២​ឆ្នាំ​របស់លោក Yahya Jammeh ដែល​ទើប​រលំរលាយ​ចុងឆ្នាំ ២០១៦​។ នៅ​ដើម​សប្តាហ៍​ក្រោយ គណៈកម្មការ​ស្វែងរក​ការពិត ផ្សះផ្សា​ជាតិ និង​ប៉ះប៉ូវ​ផ្លូវចិត្ត​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ហើយ​។ 

 
​ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​មួយចំនួន​ដែល​អ្នក​គួរ​ដឹង​ពី​រដ្ឋ​អាហ្វ្រិក​ខាងលិច​ហ្កំ​ប៊ី​មុន​មានការ​បញ្ចប់​របប​ដឹកនាំ​ផ្តាច់ការ​ជាង​ពីរ​ទសវត្ស​ន៍​នោះ​៖
 
-​អាណានិគម​, រដ្ឋប្រហារ និង​របប​ផ្តាច់ការ​
 
​ហ្កំ​ប៊ី​មាន​ទីតាំង​ស្ថិតនៅ​អាហ្វ្រិក​ខាងលិច និង​ត្រូវបាន​គេ​ចាត់ទុកជា​រដ្ឋ​តូច​ជាងគេ​នៅលើ​ទឹកដី​អាហ្វ្រិក​ដែរ​។  ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ​តូច​មួយ​ប៉ុណ្ណោះ​ដែល​លាត​សន្ធឹក​នៅតាម​បណ្តោយ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ហើយ​ចំណែក​ដែន​គោក​វិញ ប្រទេស​នេះ​ហ៊ុមព័ទ្ធ​ដោយ​ប្រទេស​សេ​ណេ​ហ្កា​ល់​។ 
 
​នៅក្នុង​ឆ្នាំ ១៨៨៨ ទ័ព​អង់គ្លេស​ចាប់ផ្តើម​ឈ្លានពាន​ហ្កំ​ប៊ី និង​ដាក់​ប្រទេស​នេះ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។ ៨២​ឆ្នាំ​ក្រោយមក ប្រទេស​នេះ​ដណ្តើមបាន​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស និង​ឈានទៅ​ប្រកាស​ខ្លួន​ជា​សាធារណរដ្ឋ​ហ្កំ​ប៊ី​នៅ​ឆ្នាំ ១៩៧០​ផង​។ ពេលនោះ​ហើយ នាយករដ្ឋមន្ត្រី Dawda Jawara ត្រូវបាន​គេ​ចាត់តាំង​ជា​ប្រធានាធិបតី​។​
 
​នៅក្នុង​ឆ្នាំ ១៩៩៤ ប្រធានាធិបតី Jawara ត្រូវបាន​ទម្លាក់​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​ដែល​ដឹកនាំ​ដោយ​លោក Yahya Jammeh​។ លោក Jammeh ក្តោប​ក្តាប់​អំណាច និង​ដឹកនាំ​តាម​នយោបាយ​កណ្តាប់ដៃ​ដែក​រហូតដល់​មកដល់ ខែធ្នូ​ឆ្នាំ ២០១៦ ដែលជា​ពេល​លោក​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ប្រជែង​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង Adama Barrow​។ 
 
​ថ្វីបើ​ចាញ់ឆ្នោត​ក្តី លោក Jammeh មិនបាន​ចុះចេញ​ពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​ឡើយ​។ ប៉ុន្តែ​ចុងក្រោយ​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បង្ខំចិត្ត​ផ្ទេរអំណាច និង​រត់​ភៀសខ្លួន​ទៅ​ប្រទេស​អេ​ត្យូ​ពី ក្រោយ​ប្រទេស​ក្នុង​តំបន់​ជាច្រើន​បាន​អន្តរាគមន៍​ទាំង​ផ្នែក​នយោបាយ និង​បន្ទាប់មកទៀត​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​ផង​។​
 
-​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​
 
​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​កើតឡើង​យ៉ាងធ្ងន់ធ្ងរ​ក្នុង​របប​ដឹកនាំ​របស់លោក Yahya Jammeh ។ មេដឹកនាំ​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំពាន​សិទ្ធិមនុស្ស​ច្រើនយ៉ាង​មាន​ការធ្វើ​ទារុណកម្ម​, គាបសង្កត់​,​ធ្វើទុក្ខបុកម្នេញ​អ្នកប្រឆាំង​, ពុករលួយ​ជា​ប្រព័ន្ធ​, បក្សពួកនិយម និង ភាពក្រីក្រ​ជាដើម​។​
 
​លើសពី​ការ​បញ្ហា​ដែល​រៀបរាប់​ខាងលើ នៅក្នុង​ឆ្នាំ ២០១៣ លោក Jammeh បានប្រកាស​ដក​ហ្កំ​ប៊ី​ចេញពី​អង្គការ Commonwealth ហើយ​ឆ្នាំ​២០១៤ មេដឹកនាំ​រូបនេះ​បានប្រកាស​ពី​គម្រោង​បញ្ចប់​ការប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ​របស់​ហ្កំ​ប៊ី​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​ចុងឆ្នាំ ២០១៥ លោក​បានប្រកាស​ដាក់​ហ្កំ​ប៊ី​ជា​សាធារណរដ្ឋ​ឥស្លាម​និង​អនុវត្ត​ច្បាប់​ឥស្លាម​ជា​ផ្លូវការ​ដែរ​។​
 
-​ភាពក្រីក្រ និង​ចលនា​អន្តោប្រវេសន៍​

​ភាពក្រីក្រ និង​អន្តោប្រវេសន៍​អាចជា​អត្តសញ្ញាណ​នៃ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​។ ក្នុងចំណោម​ប្រជាជន​តិចជាង ២​លាន​នាក់ ប្រជាជន​ហ្កំ​ប៊ី​ប្រមាណ​ជាង ៦០​ភាគរយ​នៅ​ហ្កំ​ប៊ី​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ ហើយ​មួយ​ភាគបី​នៃ​ពួកគេ​គឺ​រកចំណូលបាន​តិចជាង ១,២៥​ដុល្លារ​មួយថ្ងៃ​។ ចំណែក​ផ​លិ​ផល​ក្នុងស្រុក​សរុប​របស់​ប្រជាជន​ម្នាក់ៗ​ត្រឹម​ឆ្នាំ ២០១៦​គឺ ៤៣០​ដុល្លារ​ប៉ុណ្ណោះ ដែល​ថយចុះ​ពី ៧៥០​ដុល្លារ​នៅ​ឆ្នាំ ១៩៩៣​។ 
 
​បើ​ក្រឡេក​ទៅ​មើល​វិស័យសេដ្ឋកិច្ច​វិញ ប្រទេស​នេះ​ពឹងផ្អែក​សំខាន់​លើ​វិស័យ​ទេសចរណ៍ និង​លុយ​បញ្ញើ​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​រស់នៅ​និង​ធ្វើការ​ងារ​នៅ​អឺរ៉ុប​។ ចំណែក​វិស័យ​ឧស្សាហកម្ម​វិញ ហ្កំ​ប៊ី​អន់​ខ្សោយ​ណាស់ ហើយ​ដំណាំ​សណ្តែកដី​ជា​ប្រភេទ​ដំណាំ​សំខាន់​ជាងគេ​បង្អស់​។ 
 
​ដោយសារ​បញ្ហា​ក្រីក្រ និង​សេដ្ឋកិច្ច​អន់​ខ្សោយ​នេះហើយ ប្រជាជន​ហ្កំ​ប៊ី​ច្រើន​សន្ធឹកសន្ធាប់​បាន​បន្ត​ចាកចោល​ប្រទេស​កំណើត​ទៅកាន់​អឺរ៉ុប​ដើម្បី​ស្វែងរក​ជីវិត​ដែល​ល្អប្រសើរ​ជាង​មុន​។ បើតាម​អង្គការ​អន្តរជាតិ​សម្រាប់​ជនអន្តោប្រវេសន៍ (IOM) ប្រជាជន​ហ្កំ​ប៊ី​ស្ថិត​ក្នុងចំណោម​ក្រុម​ចំណាកស្រុក​ភាគច្រើន​ដែល​ឆ្លងកាត់​សមុទ្រ​ម៉​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​ប្រទេស​អ៊ីតាលី​៕ 
 

Tag:
 ​ហ្កំ​ប៊ី​
  Yahya Jammeh
  អាហ្វ្រិក​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com