អន្តរជាតិ
ជប៉ុន​ត្រៀម​ដំឡើង​ពន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​សាធារណៈ ខណៈ​ចំនួន​ប្រជាជន​និង​សេដ្ឋកិច្ច​កាន់តែ​រួម​តូច
15, Oct 2018 , 11:53 am        
រូបភាព
​ជប៉ុន​នឹង​ដំឡើង​ពន្ធ​លើ​ការលក់ដូរ​នៅ​ថ្ងៃ​ចន្ទ​ទី ១៥ ខែតុលា​នេះ​ឲ្យ​ដល់​១០​ភាគរយ​។ បទបញ្ជា​ដំឡើង​ពន្ធ​នេះ​នឹង​ចាប់ផ្តើម​ចូល​ជា​ធរមាន​ពី​ខែតុលា​ឆ្នាំ ២០១៩ ខាងមុខ ហើយ​ការសម្រេច​បង្កើន​ពន្ធ​នេះ​គឺ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​រដ្ឋ​ដែល​កើនឡើង​ខ្ពស់​គួរ​ឲ្យ​បារម្ភ​។ ក្រៅពី​បំណុល ជប៉ុន​ត្រូវ​ដោះស្រាយ​បញ្ហា​ច្រើន​ជំពូក​ក្នុងនោះ​មានការ​ថយចុះ​នៃ​ចំនួន​ប្រជាជន និង​ការរួម​តូច​នៃ​សេដ្ឋកិច្ចជាតិ​ផង​។​

 
​បន្ទាប់ពី​មានការ​ពន្យារពេល​ដំឡើង​កម្រិត​ពន្ធ​លើ​ការលក់ដូរ​ជាច្រើន​ដង​មក​នោះ គេ​រំពឹងថា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹង​ប្រកាស​ដំឡើង​កម្រិត​ពន្ធ​ជា​ផ្លូវការ​លើ​ការលក់ដូរ​ពី ៨​ភាគរយ​ដល់ ១០​ភាគរយ​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែតុលា នេះ​។ 

 


​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ផ្អែកលើ​កាសែត​ជប៉ុន Yomiuri Shimbun រដ្ឋាភិបាល​លោក អា​បេ ប្រកាស​ដំឡើង​ពន្ធ​លើ​ការលក់ដូរ​នេះ នៅក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស​មួយ​ផង ហើយគរ​រំពឹងថា​វា​នឹងមាន​ការអនុម័ត​កញ្ចប់​ថវិកា​បន្ថែម​សម្រាប់​ឆ្នាំ ២០១៨ ផងដែរ​។​

១.​ការដំឡើង​ពន្ធ​បន្ថែម​នៅ​ជា​រឿងចម្រូងចម្រាស​
 
​ដើមឡើយ​ក្រុង​តូ​ក្យូ​មាន​ផែនការ​ដំឡើង​ពន្ធ​បន្ថែម​នេះ​តាំងពី​ខែតុលា​ឆ្នាំ ២០១៥​មកម្ល៉េះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​វិញ​ដោយសារ​មានការ​បារម្ភ​ថា ចំណាត់ការ​នេះ​អាច​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ជួប​វិបត្តិ ខណៈដែល​សេដ្ឋកិច្ច​នេះ​ផុយស្រួយ​ស្រាប់​។​
 
​តាមពិតទៅ​ជប៉ុន​បាន​ដំឡើង​ពន្ធ​លើ​ការប្រើប្រាស់​ជាច្រើន​ដង​រួចមកហើយ​កន្លងមក​។ ក្នុង​ខែមេសា​ឆ្នាំ ១៩៩៧ ជប៉ុន​ដំឡើង​ពន្ធ​ពី ៣​ភាគរយ​ដល់ ៥​ភាគរយ​។ កម្រិត​នេះ​ត្រូវបាន​ដំឡើង​ម្តងទៀត​នៅក្នុង​ខែមេសា​ឆ្នាំ ២០១៤ មកដល់ ៨​ភាគរយ​។ 
 
​ត្រឡប់មកវិញ ការសម្រេច​ដំឡើង​ពន្ធ​លើ​ការលក់ដូរ​ដល់ ១០​ភាគរយ​នេះ​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​បំណុល​សាធារណៈ​។ ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី ជប៉ុន​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​ជាប់បំណុល​ខ្ពស់​បំណុល​មួយ​។ ប៉ុន្តែ​ដោយសារ​បំណុល​ភាគច្រើន​ជា​ប្រភេទ​បំណុល​ក្នុងស្រុក វា​មាន​អាត្រា​ការប្រាក់​ទាប ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​បញ្ចៀស​បញ្ហា​វិបត្តិ​បំណុល​ដូចដែល​ប្រទេស​ក្រិ​ក​ប្រឈម​កន្លងមក​។ 
 
​ខាង​ក្រុមអ្នកតាមដាន​សេដ្ឋកិច្ច​បាន​វាយតម្លៃថា ការបង្កើន​ពន្ធ​ដល់ ១០​ភាគរយ​នេះ​មាន​សារសំខាន់​ដោយសារតែ​រដ្ឋាភិបាល​ជ​ប៉ុន​ត្រូវការ​ហិរញ្ញវត្ថុ​ដើម្បី​ទ្រទ្រង់​ការចំណាយ​លើ​សេវា​សន្តិសុខ​សង្គម ជាពិសេស​ប្រព័ន្ធ​សុខាភិបាល​សម្រាប់​ប្រជាជន​ជប៉ុន​ដែល​សម្បូរ​ដោយ​មនុស្ស​ចាស់ជរា​នោះ​។ 
 
​យ៉ាងណា​ក៏ ការប្រកាស​បង្កើន​ពន្ធ​ជា​រឿង​រសើប និង​ចម្រូងចម្រាស​ខ្លាំង​ដែរ ដូចដែល​បាន​រៀបរាប់​ខាងដើម​ស្រាប់​។ ប៉ុន្តែ​លើក​នេះ នាយករដ្ឋមន្ត្រី អា​បេ មាន​សុទិដ្ឋិនិយម​ថា វា​នឹងមាន​ផលប៉ះពាល់​ខ្លាំង​លើ​ការប្រើប្រាស់​ទំនិញ​និង​សេវា​ដូច​កាល​ឆ្នាំ ២០១៤​ឡើយ ដោយសារ​រដ្ឋាភិបាល​លោក​ដាក់ចេញ​កម្មវិធី​ឧ​ប​ត្ត​ម្ភ​ធន​ថ្មី​ផង​។ កាល​ឆ្នាំ ២០១៤ ពេល​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ដល់ ៨ ភាគរយ ការចំណាយ​លើ​ការប្រើប្រាស់​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ជប៉ុន​ខ្លាំង​គួរសម​ដែរ​។​
 
២.​សេដ្ឋកិច្ច​ជប៉ុន​កាន់តែ​ដុនដាប ខណៈ​ចំនួន​ប្រជាជន​ជប៉ុន​ថយចុះ​
 
​ដោយឡែក សេដ្ឋកិច្ច​ជប៉ុន​កាន់តែ​ប្រឈម​វិបត្តិ​ច្រើនឡើង​ដោយសារ​ប្រជាជន​ជប៉ុន​កាន់តែ​ច្រើនឡើង មាន​វ័យ​ចំណាស់ ហើយ​វា​ក៏មាន​ការ​ថមថយ​ចំនួន​ប្រជាជន​ផងដែរ​។ រាល​ការ​ថមថយ​ប្រជាជន និង​កើនឡើង​ចំនួន​ចាស់ជរា វា​មានន័យថា ការ​ថមថយ​កម្លាំង​ពលកម្ម​ដែលជា​កម្លាំងចលករ​នៃ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​កើតមាន​ដែរ​។ 
 
​បើតាម​សារព័ត៌មាន Financial Times ចំនួន​ប្រជាជន​ជប៉ុន​ចាប់ផ្តើម​ថយចុះ​នៅក្នុង​ឆ្នាំ ២០១០ ដោយ​ប្រជា​ជននេះ​ថយចុះ​ប្រហែល ១,៣​លាន​នាក់​។ របាយការណ៍​អង្គការសហប្រជាជាតិ​បង្ហាញថា នៅត្រឹម​ឆ្នាំ ២០៦៥ ចំនួន​ប្រជា​ជននេះ​នឹងត្រូវ​ចុះ​ដល់ ២៨ លាន​នាក់​បន្ថែមទៀត ឬ​ស្មើនឹង ២២​ភាគរយ​។ 
 
​ចំណែក​ចំនួន​ចាស់ជរា​វិញ​នោះ​កើនឡើង​ឆាប់រហ័ស​ដែរ​។ ចាប់ពី​ឆ្នាំ ២០០០ ចំនួន​ប្រជាជន​ជប៉ុន​ដែល​ស្ថិតក្នុង​វ័យ​អាចធ្វើ​ការងារ​បាន​ថយចុះ ១៣​ភាគរយ ហើយ​នៅត្រឹម​ឆ្នាំ ២០៤០ យ៉ាងហោចណាស់​ប្រជាជន​ជប៉ុន​ម្នាក់​ក្នុងចំណោម​បីនាក់​នឹងមាន​អាយុ​លើស ៦៥​ឆ្នាំ​ដែល​វា​មានន័យថា វា​មាន​ភាគរយ​ខ្ពស់បំផុត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ឯទៀត​លើ​ពិភពលោក​។​
 
​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​នៅ​ដើមខែ​កញ្ញា​នេះ​ថា  បញ្ហា​នោះ​ដែល​ជប៉ុន​ត្រូវ​ជួបប្រទះ​នោះ​គឺ ការរួម​តូច​នៃ​សេដ្ឋកិច្ច​។ អង្គការ​នេះ​ព្យាករ​ថា ក្នុង​រយៈពេល​ប្រហែល ៤០​ឆ្នាំ​ទៀត​សេដ្ឋកិច្ច​ជប៉ុន​ថយចុះ​អស់ មួយ​ភាគ​បួន​ដោយសារ​ការរួម​តូច​នៃ​ចំនួន​ប្រជា​ជននេះ​។ 
 
​យ៉ាងណាមិញ ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ចាស់ជរា វា​ជា​បន្ទុក​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​ត្រូវ ដោះស្រាយ​។ បញ្ហា​ធំ​នោះ​គឺ កែទម្រង់​ប្រព័ន្ធ​សន្តិសុខ​សង្គម ផ្តោត​សំខាន់​លើ​ប្រាក់​សោធន​និវត្តន៍ និង​ធានារ៉ាប់រង​សុខភាព​សម្រាប់​។ ប៉ុន្តែ​រដ្ឋាភិបាល​លោក អា​បេ បាន​សន្យា​សម្រេច​វា​ឲ្យ​បាន​នៅពេល​ខាងមុខ​ផងដែរ​។ 
 
​ជុំវិញ​វិបត្តិ​កង្វះខាត​កម្លាំង​ពលកម្ម​ដោយសារ​ប្រជាជន​ថយចុះ​និង​កាន់តែ​ចាស់ រដ្ឋាភិបាល​លោក អា​បេ ក៏​ដាក់ចេញ​គោលនយោបាយ​ថ្មី​ទាក់ទាញ​ប្រជាជន​ដែលមាន​ជំនាញៗ​ពី​បរទេស​ដើម្បី​បំពេញ​តាម​វិស័យ​ដែល​ខ្វះខាត​។ ជនបរទេស​ដែលមាន​សមត្ថភាព មាន​ជំនាញ​បច្ចេកទេស និង​ភាសា នឹង​អាច​ទទួលបាន​ទិដ្ឋាការ​ពិសេស​រយៈពេល​ដល់​ប្រាំ​ឆ្នាំ និង​បានទទួល​សិទ្ធ​នាំយក​គ្រួសារ​ទៅ​រស់នៅ​ជាមួយ និង​អាច​បាន​សញ្ជាតិ​ជប៉ុន​ផងដែរ​៕
 
 

Tag:
 ជប៉ុន​
  ពន្ធ​លក់ដូរ​
  សេដ្ឋកិច្ច​
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com