ជាតិ
ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ដល់យោបល់ ៖ លោក ពេជ្រ ស្រស់ និង​លោក វ​ឌ្ឍ​នាសារ​ពង្ស ហាក់​សកម្ម​ខ្លាំង
15, Oct 2018 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​បង្កើត​ឡើងជា​ផ្លូវការ​រយៈពេល​ជិត​២​ខែ​មកហើយ​។ បញ្ហា​សង្គម និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើក​យកទៅដាក់​ពិភាក្សា ក្នុងជំនួប​ប្រចាំ​ខែលើក​ទី​១ កាលពី​ចុងខែ​កញ្ញា កន្លងមក​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពីររូប ដែល​មកពី​គណបក្សនយោបាយ​ផ្សេងគ្នា ក្នុងចំណោម​១៥​បក្ស ត្រូវបាន​គេ​មើលឃើញថា កំពុង​តែមាន​សកម្មភាព​លេចធ្លោរ នៅក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​។​

 
​គេ​មិនទាន់​មើលឃើញ​ពី​សកម្មភាព​របស់​សមា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ណា ដែល​លេចធ្លោរ​ជាង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ឡើយ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ទាំងពីរ​នេះ ហាក់​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្នុង​សិក្សា​បញ្ហា​ពលរដ្ឋ និង​មន្ទិលសង្ស័យ​មួយចំនួន ជុំវិញ​ភាពអយុត្តិធម៌​ក្នុងសង្គម​។​
 
​ជាក់ស្ដែង​ទាំង​លោក ពេជ្រ ស្រស់ និង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសារ​ពង្ស បាន​ចុះទៅ​ទីតាំង​តំបន់​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង បញ្ហា​ចាក់ដី​លុប​ពយ​កំ​ពេញ​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម ដែល​វា​ជា​ចំណែក​មួយ នាំ​ឲ្យ​មានការ​ដោះស្រាយ និង​បកស្រាយ​ពី​បញ្ហា​នានា ជុំវិញ​មន្ទិលសង្ស័យ​ទាំងនេះ​។ 
 
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហាដីធ្លី ដែល​លោក បាន​លើក​ទៅ​ពិភាក្សា​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នោះ គឺ​នៅ​ខេត្តកណ្តាល ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​ការរារាំង​សកម្មភាព​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពី​សំណាក់​អាជ្ញាធរ​។​
 
​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« យើង​ធ្វើការ​តាម​នីតិវិធី​ច្បាប់​ហើយ ។​ចំពោះ​ការទទួលយក​នោះ យើង​កំពុង​ជំរុញ ហើយ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ ឲ្យ​ខាង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ជ្រាប​»​។​
 
​បើតាម​លោក ពេជ្រ ស្រស់ លោក​នឹង​បន្ត​ជំរុញ​ការដោះស្រាយ​បញ្ហាដីធ្លី​ខាងលើ ហើយក៏​ត្រៀម​លើកយក​រឿង​ផ្លូវ​ខូច​នៅ​តំបន់​ប្រាសាទ​អង្គរ ទៅ​ពិភាក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២​ផងដែរ​។​
 
​ក្រៅពី​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសារ​ពង្ស ក៏បាន​ចុះទៅ​សិក្សា​លើ​តំបន់ ដែល​ជនជាតិ​វៀតណាម​កំពុង​រស់នៅ ក្នុង​ខេត្តកំពង់ឆ្នាំង និង​បញ្ហា​បរិស្ថាន​ជាដើម​។​
 
 
​កាលពី​ប្រជុំ​ប្រចាំខែ​ដំបូង​នៃ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​រកឃើញ​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​មួយចំនួន​នៅ​ខេត្តកណ្តាល សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​។ បន្ទាប់ពី​ប្រមូលបាន​ព័ត៌មាន និង​ទទួល​សូំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះ​ដីធ្លី​រួចហើយនោះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នឹង​ផ្ញើ​របាយការណ៍​នេះ ជូន​បន្តទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ជាគោលការណ៍​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ នឹង​បើក​កិច្ចប្រជុំ​ក្នុង​មួយខែ​ម្តង ពោលគឺ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ ដើម្បី​បូកសរុប​ការងារ និង​ផ្តល់យោបល់​ទៅ​រាជរដ្ឋាភិបាល ជុំវិញ​បញ្ហា​នានា​ដែល​ស្ថាប័ន​នេះ រកឃើញ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ទាំងអស់ នឹង​ធ្វើជា​ប្រធាន​ប្ដូរ​វេន រៀងរាល់​មួយខែ​ម្ដង​។ ហើយ​ក្នុង​រយៈពេល​៦​ខែម្ដង ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​ទាំងនោះ នឹងត្រូវ​ជួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នីមួយៗ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ខណៈ​អនុប្រធាន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៕
 

Tag:
 ​ពេជ្រ ស្រស់
 ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com