ជាតិ
គម្រោងនាំអំបិលចូលកម្ពុជា ចំនួន៣ម៉ឺនតោន នឹងពន្យារពេលទៅខែវិច្ឆិកាវិញ
× ភ្នំពេញ៖ អំបិលចំនួន៣ម៉ឺនតោន ដែលកម្ពុជា គ្រោងនាំចូលពីបរទេស ក្នុងខែតុលានេះ ត្រូវបានពន្យាពេលនាំចូលនៅខែវិច្ឆិកា ឆ្នាំ២១០៨ វិញ។ បើតាមការអះអាងរបស់លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប មូលហេតុដែលការនាំចូលអំបិលត្រូវពន្យាពេល ដោយសារច្បាប់ និងសំណើរដែលបានដាក់ទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មិនទាន់ទទួលបាននៅឡើយ។
លោក ប៊ុន បារាំង បានប្រាប់សារព័ត៌មានថ្មីៗថា សមាគមន៍ផលិតអំបិល បានដាក់សំណើរសុំគោលការណ៍នាំចូលអំបិលពីបរទេសទៅរដ្ឋាភិបាលរួចហើយ នៅតែរង់ចាំសេចក្តីសម្រេចប៉ុណ្ណោះ។ លោកបានបន្តថា ហេតុផលនៃការពន្យាពេលនេះ ព្រោះសំណើ និងច្បាប់នាំចូលនេះ ទើបបានឆ្លងទៅដល់មន្ត្រីពាក់ព័ន្ធទទួលបន្ទុក។ ដូច្នេះច្បាប់ និងគោលការណ៍នាំចូលទាំងនោះ អាចធ្វើរួចរាល់នាចុងខែតុលា។
ជាការអះអាងសាជាថ្មី របស់ប្រធានសហគមន៍ផលិតអំបិលកំពត-កែប រូបនេះ បានបញ្ជាក់ថា៖ «អំបិលចំនួន៣ម៉ឺន ដែល នាំចូលពីចិន២ម៉ឺន និងពីថៃ១ម៉ឺនតោន នឹងមកដល់កម្ពុជា នៅក្នុងវិច្ឆិកាខាងមុខ»។
កាលពីឆ្នាំ២០០៨ អំបិលដែលកម្ពុជាបាននាំចូលជាលើកទី១ ពីប្រទេសចិន មានចំនួន៦ម៉ឺនតោន ដើម្បីតម្រូវបំពេញតម្រូវការក្នុងស្រុក។ ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវអំបិលប្រើប្រាស់ប្រមាណ១០ម៉ឺនតោន។នេះបើតាមលោក ប៊ុន បារាំង។
សូមបញ្ជាក់ មូលហេតុដែលសហគមន៍ផលិតអំបិលកំពត-កែប សម្រេចការនាំចូលអំបិលនេះ ដោយសារតែអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលខ្លាំង និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ក្នុងអំឡុងពេលប្រមូលផលអំបិល៕
Tag:
អំបិល
ប៊ុន បារាំង
កំពត
កែប
© រក្សាសិទ្ធិដោយ thmeythmey.com