កីឡាអន្តរជាតិ
អន្តរជាតិ
Koscielny ចូលនិវត្តន៍​ពី​ជម្រើសជាតិ​បារាំង ព្រោះ​អន់ចិត្ត​ដែល Deschamps កន្តើយ​នឹង​របួស​ខ្លួន​
15, Oct 2018 , 3:20 pm        
រូបភាព
Laurent Koscielny បានសម្រេច​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​បន្ទាប់ពី​រូបគេ​បាន​រិះគន់​លោក Didier Deschamps ដែល​ព្រងើយកន្តើយ​ពី​ដំណើរការ​ព្យាបាល​របួស​របស់ខ្លួន​។​

 
​ខ្សែការពារ និង​ជា​ប្រធាន​ក្រុម Arsenal រូបនេះ​បានទទួល​រងរបួស​នៅពេល​ប៉ះ Atletico Madrid ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League តាំងពី​ខែឧសភា​កន្លងទៅ ដែល​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ខកខាន​ចូលរួម​ជាមួយ​មាន់គក​បារាំង​ក្នុងការ​ប្រកួត World Cup នៅ​រុស្ស៊ី​ទៀតផង​។​
 
Koscielny ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៣​ឆ្នាំ​បាន​លើកឡើងថា​៖«​មាន​អ្នកខកចិត្ត​ចំពោះ​គាត់ អំឡុងពេល​គាត់​ឈប់សំរាក​ដោយសារ​របួស​នោះ​។ នៅពេលដែល​អ្នក​ស្ថិតក្នុង​ស្ថាន​ភាពល្អ​អ្នកមាន​មិត្តភក្តិ​ច្រើន តែ​នៅពេលដែល​អ្នក​ញាំញី​ដោយ​របួស​រយៈពេល​យូរ​នោះ អ្នក​ត្រូវបាន​បំភ្លេចចោល​។ គាត់ [Deschamps] បាន​ទូរ​សព្ទ​មក​ខ្ញុំ​ម្តង​នៅ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​នៅ​ខែកញ្ញា​។ មាន​មនុស្ស​ជាច្រើន​ខកចិត្ត​នឹង​ខ្ញុំ មិន​ត្រឹមតែ​គ្រូបង្វឹក​ប៉ុណ្ណោះ​ទេ​»​។​


Koscielny រងរបួសជើងអំឡុងពេលប៉ះ AT-Madrid ពាន Europa League
 
​ខ្សែការពារ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ​រូបនេះ ធ្លាប់បាន​ប្រកាស​ពី​ការចូលនិវត្តន៍​ពី​ជម្រើសជាតិ​ម្តង​ដែរ កាលពី​ឆ្នាំ​២០១៧ ពោលគឺ​មុន​ការប្រកួត World Cup ២០១៨​នេះ ហើយ​ថែមទាំង​និយាយថា ទោះ​មិនមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​ក៏ដោយ តែ​រូបគេ​នៅតែ​មិន​ផ្លាស់ប្តូរ​ចិត្ត​ដែរ​។​
 
Koscielny បានបង្ហាញ​ខ្លួន ៥១​ប្រកួត​ឲ្យ​ជម្រើសជាតិ​បារាំង ពោលគឺ​តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១១ និង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ European Championships ក្នុង​ឆ្នាំ ២០១២ និង ២០១៦ ក៏ដូចជា​ការប្រកួត World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​ផងដែរ​៕
​  

Tag:
 ​បាល់ទាត់​
  Laurent Koscielny
  Didier Deschamps
  ចូលនិវត្តន៍​
© រក្សាសិទ្ធិដោយ thmeythmey.com