ជាតិ
លោក ប៉ា ច័ន្ទ​រឿន​៖ អវត្តមាន​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​៦​ឆ្នាំ ធ្វើ​ឲ្យ​កម្ពុជា​ហាក់​មាន​សម្បុក​តែ​រងា​
15, Oct 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ គឺជា​ខួប​៦​ឆ្នាំ​ហើយ នៃ​ការ​សោយ​ទិវង្គត​របស់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​។ ដ្បិត​ការយាង​ចាកចេញ​របស់​ព្រះអង្គ ឃ្លាតឆ្ងាយ​ពី​កូនចៅ ដែល​គ្មាន​ថ្ងៃ​ត្រឡប់​អស់ ៦​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​ពលរដ្ឋ​ទូទាំងប្រទេស នៅតែ​នឹករឭក និង​ចងចាំ​ស្នា​ព្រះ​ហ​ស្ថ​ព្រះអង្គ ។ វិ​រៈ​ភាព​ដ៏​ថ្លៃថ្លារ​របស់​ព្រះ​បរម​រតន​កោដ្ឋ បានធ្វើ​ឲ្យ​អ្នក​ទស្សនវិជ្ជា និង​សីលធម៌​កម្ពុជា យល់ឃើញថា ប្រទេស​កម្ពុជា​ហាក់​មាន​សម្បុក​តែ​រងា ក្រោយ​អវត្តមាន​ព្រះអង្គ ។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ កញ្ញា ថា​ន រស្មី​៖




​នេះ​ជា​បទ​ចម្រៀង​លា​ហើយ​កម្ពុជា ដែលជា​ព្រះរាជ​សំនៀង​របស់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ មុន​ពេលដែល​ព្រះអង្គ​បាន​ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។ ៦​ឆ្នាំ​ហើយ ដែល​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ បាន​ចាក​ចេញពី​កម្ពុជា​គ្មាន​ថ្ងៃ​យាង​ត្រឡប់​។ តែ​វីរៈភាព និង​ស្នា​ព្រះ​ហត្ថ​របស់​សម្ដេច​តា នៅតែ​ធ្វើ​ឲ្យ​កូន​ខ្មែរ​បន្ត​ចង់ចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន ជាពិសេស​លើ​ការបង្រួបបង្រួម​ជាតិ និង​ការទាមទារ​ឯករាជ្យ​ពី​បារាំង​។​
 
​ដោយ​ក្នុងពេល​ព្រះអង្គ​នៅ​គង់ប្រថាប់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ តែងតែ​ជា​អ្នកសម្របសម្រួល​លើ​កិច្ចការ​នយោបាយ​ជាមួយ​គណបក្សនយោបាយ​ទាំងឡាយ ក្នុងន័យ​ផ្សះផ្សារ​ជាតិ និង​ឯកភាព​ជាតិ​។ ដូច្នេះហើយ​ក្រោយ​អវត្តមាន​របស់​ព្រះអង្គ ទើបបានជា​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា មើលឃើញថា ប្រទេស​កម្ពុជា​បានប្រែក្លាយ​ជាមាន​សម្បុក​តែ​រងា​។​
 
​លោក ប៉ា ច័ន្ទ​រឿន បញ្ជាក់​៖«​ខ្ញុំ​ឃើញ​សង្គម​យើង​ផ្លាស់ប្ដូរ​ច្រើន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន នៅ​រយៈពេល​៦​ឆ្នាំ​មកនេះ​។ ជាពិសេស​បើ​ផ្ដោតទៅលើ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហាក់ដូចជា​ដើរ​ថយក្រោយ​។ កាលពី​សម្ដេច​តា​នៅមាន​ព្រះជន្ម​នៅឡើយ យើង​ឃើញថា ទ្រង់​តែងតែ​ជា​អ្នកសម្របសម្រួល ដើម្បី​ឲ្យ​ខ្មែរ​អាច​និយាយ​ជាមួយគ្នា ដើម្បី​កុំ​ឲ្យ​មានការ​ជាប់គាំង ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ជាតិ​ជាធំ​។ (​បច្ចុប្បន្ន​)​ដែល​មើលទៅ​ហាក់ដូចជា​ខ្មែរ​យើង មាន​សម្បុក​តែ​រងា ក្រោយ​ពេលដែល​អវត្តមាន​សម្ដេច​។ ជាពិសេស​គណបក្សនយោបាយ​ទាំង​២ ហាក់​មិនមាន​ផ្លូវ​ដែល​អាច​ចូល​តុ​ចរចា ដើម្បី​និយាយ​គ្នា​បាន​»​។​


 
​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ដែល​មើលឃើញថា​ប្រទេស​កម្ពុជា កំពុងមាន​ភាព​រកាំរ​កូ​ស​ក្នុង​វិស័យ​នយោបាយ លោក​ជឿជាក់ថា ប្រសិនជា​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​គង់នៅ​វិញ ម្ល៉េះ​ប្រហែលជា​អាចជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​នេះ​។ សម្រាប់​លោក ប៉ា ច័ន្ទ​រឿន សម្ដេច​តា ហាក់ដូច​ជាដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​នៅ​ចំ​កណ្ដាល ដែល​អាច​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ជ្រក​ក្រោម​ម្លប់​បាន​។ ក្នុងនាម​ជា​អ្នកសិក្សា​ទស្សនវិជ្ជា​លោក ប៉ា ច័ន្ទ​រឿន ចង់​ឲ្យ​កូន​ខ្មែរ​ចងចាំ​ពី​ព្រះរាជឱង្ការ​របស់​ព្រះអង្គ ដែល​ណែនាំ​ឲ្យ​កូន​ខ្មែរ​មាន​សាមគ្គី​គ្នា​។​
 
​លោក ប៉ា ច័ន្ទ​រឿន បន្ថែមថា​៖ «​ជា​កូនចៅ​របស់​ព្រះអង្គ​ខ្មែរ​យើង​គួរតែ​ចងចាំ​វីរៈភាព​របស់​ព្រះអង្គ​ក្នុងការ​ជំរុញ​ឲ្យ​មានការ​បង្រួបបង្រួម​ផ្សះផ្សារ​ជាតិ ការអភិវឌ្ឍ​នៅក្នុង​សង្គម ត្រូវ​ចាំ​រាជឱង្ការ​របស់​ព្រះអង្គ​ឲ្យ​មាន​សាមគ្គីភាព​។ លោក​ជា​ក្សត្រ​មួយអង្គ​ដែល​មិនមាន​ជាប់​ពាក់ព័ន្ធ​អំពើរ​ពុករលួយ​ណា​ឡើយ ដែល​កូន​ខ្មែរ​ត្រូវ​ចងចាំ និង​ជួយ​អភិរក្ស​អាគារ​ដែល​បាន​បន្សល់ទុក​ពី​ជំនាន់​សង្គមរាស្ត្រនិយម ដែល​ដឹកនាំ​ដោយ​ព្រះអង្គ​»​។​
 
​មិន​ត្រឹមតែ​អ្នកតាមដាន​ស្ថានការណ៍​សង្គម ដែល​នឹករលឹក​ពី​ស្នា​ព្រះ​ហត្ថ​របស់​សម្ដេច​តា​ឡើយ​។ សូម្បីតែ​លោក សុខ ក្ដាត ឯណេះ​វិញ ដែលជា​និស្សិត​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ក៏​បានតែ​នឹករលឹក​ដល់​ស្ថា​ដៃ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ដូចគ្នា​។ ក្រៅពី​ការ​នឹករលឹក​យុវជន​វ័យ​២៥​ឆ្នាំ​រូបនេះ បានលើកឡើង​ពីអ្វី​ដែល​សម្ដេច​តា​បាន​បន្សល់ទុក​ផងដែរ​។​
 
​លោក សុខ ក្ដាត បញ្ជាក់ថា​៖ មកដល់​ខួប​៦​ឆ្នាំ​នៃ​ការចាកចេញ​របស់​ព្រះអង្គ គឺ​ទីមួយ​ខ្ញុំ​មានការ​នឹករលឹក​។ ទី​២​ខ្ញុំ​មើលឃើញ​នៅ​ស្នាដៃ​ជាច្រើន​ដែល​ព្រះអង្គ​ទុក​ឲ្យ ដូច​នៅ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ធ្យូងថ្ម ផ្លូវដែក ហើយ​និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​សុទ្ធ​តែមាន​ស្នាដៃ និង​ជា​ស្នាម​នៃ​ការអភិវឌ្ឍ នៃ​ការធ្វើ​ឲ្យ​រីកចម្រើន​នៅ​សម័យ​ព្រះបាទ​សីហនុ ដែល​ទ្រង់​បាន​គ្រប់គ្រង និង​ការពារ​ប្រទេស​ខ្មែរ​យើង​។​
 
​ក្រៅពី​ការ​នឹករលឹក​យុវជន សុខ ក្ដាត ក៏​ចង់​ឲ្យ​កូន​ខ្មែរ​នៅតែ​បន្ត​ចងចាំ​នូវ​វីរៈភាព​របស់​សម្ដេច​តា ជាពិសេស​ចូលរួម​អភិរក្ស និង​ថែរក្សា​នូវ​សមិទ្ធផល ដែល​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​បាន​បន្សល់ទុក​ឲ្យ​។​
 
​លោក សុខ ក្ដាត បន្ថែមថា​៖«​ប្រជាជន​ទាំងអស់​ជាពិសេស​យុវជន ក្នុងនាម​ជា​អ្នកសិក្សា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​គួរតែ​ស្គាល់​នូវ​ស្នាដៃ នៃ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នីមួយ ដូចជា​ព្រះបាទ​សីហនុ​ជាដើម​។ ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​សប្បាយ​និង​ភាព​រីកចម្រើន​សម័យ​ទំនើប​ពេក ភ្លេច​ថ្នាក់ដឹកនាំ​សម័យមុន​អី ព្រោះនេះ​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​ក្នុងការ​ដឹកនាំ​ប្រទេស​របស់​ថ្នាក់ដឹកនាំ​របស់​ខ្មែរ​យើង​ផងដែរ​។​
 
​កុំថាឡើយ​តែ​អ្នកសិក្សា​ពី​នយោបាយ សូម្បីតែ​អាជីវករ​នៅតាម​ដងផ្លូវ​ក៏​នៅតែ​ចងចាំ​ពី​ស្នា​ព្រះ​ហត្ថ​របស់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ​ដែរ​។ អ្នកស្រី ស្រីមុំ ជា​អ្នកលក់​ភេ​ជ្ជៈ​តាម​ដងផ្លូវ​អ្នកស្រី​នៅតែ​ចង់ចាំ និង​នឹករលឹក​ដល់​សម្ដេច​តា ទោះជា​និយាយ​ទាំង​មាន​ភាព​ខ្មាសអៀន​ខ្លះ​ក្ដី​។​
 
​អ្នកស្រី ស្រីមុំ​បញ្ជាក់ថា​៖« ខ្ញុំ​នៅតែ​ចាំ​ស្នាដៃ​របស់​ព្រះអង្គ​ព្រោះ​គាត់​ជា​អ្នក​ទាមទារ​ឯករាជ្យ​ដល់​ប្រទេស​កម្ពុជា គាត់​កសាង​ស្នាដៃ​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ហើយ​គាត់​ក៏​ជា​អ្នកសម្របសម្រួល​នយោបាយ​មួយរូប​ផងដែរ​»​។​
 
​សម្រាប់​យុវជន ឆាយ មី​ត ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៤ បាន​លើកឡើងថា រាល់​ពេលដែល​សិក្សា​អំពី​សម័យ​សង្គមរាស្ត្រនិយម លោក​តែងតែ​នឹករលឹក​ដល់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​។ ដូចជា​ការទាមទារ​ឯក​រាជ្យ និង​ការដឹកនាំ​ដែល​ប្រកបទៅដោយ​ភាព​រីកចម្រើន​។​
 
​លោក ឆាយ មី​ត បញ្ជាក់ថា​៖«​ឲ្យ​តែ​នឹកឃើញ​ពី​សម័យ​សង្គមរាស្ត្រនិយម គឺ​នឹកឃើញ​ដល់​គាត់​ហើយ​។ ទី​១​ការទាមទារ​ឯករាជ្យ ហើយ​បង្កើត​សម័យ​សង្គមរាស្ត្រនិយម​រយៈពេល​១៥​ឆ្នាំ​ដែលមាន​ការរីកចម្រើន​។ មួយវិញទៀត​ការ​បន្សល់​នូវ​ស្នាដៃ​ធំៗ​ដែលមាន​ដល់​សព្វថ្ងៃ​ដូចជា​សំណង់​អាគារ​ធំៗ ដូចជា​សាលា​ភូមិន្ទ និង​ស្តា​អូ​ឡាំ​ពិ​ជ​ជាដើម​»​។​
 
​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ គឺជា​ក្សត្រ​មួយ​ព្រះអង្គ​ដែល​តែងតែ​ដាក់​ព្រះកាយ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពី​ការទាមទារ​ឯករាជ្យ និង​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះអង្គ​ក៏​ជា​អ្នក​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែលជា​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា​។​
 
​ក្រៅពីនេះ​ព្រះអង្គ​ក៏​ជា​អ្នកសម្របសម្រួល​ឲ្យ​មាន​រដ្ឋាភិបាលចម្រុះ ដែលមាន​សហនាយករដ្ឋមន្ត្រី ដែលជា​ការចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ឆ្នាំ​១៩៩៣​ផងដែរ​។​
 
​ការលះបង់ និង​វីវៈ​ភាព​របស់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ជាច្រើន​បែបនេះហើយ បានធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ​មានការ​ក្ដុកក្ដួល​អាឡោះអាល័យ​ទូទាំងប្រទេស​នា​ម៉ោង​១ និង​២០​នាទី​ព្រឹក ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​វេលា​ព្រះអង្គ​បាន​ចាក​ចេញពី​កូនចៅ ចៅទួត របស់​ព្រះអង្គ​ទូទាំងប្រទេស​ជា​រៀងរហូត​តទៅ​គ្មាន​ថ្ងៃ​យាង​ត្រឡប់មកវិញ ក្នុង​គ្រា​ដែល​ព្រះអង្គ មាន​ព្រះជន្ម ៩០​ព្រះវស្សា​៕
 

Tag:
 ​សម្ដេច​តា​
 ១៥​តុលា​
© រក្សាសិទ្ធិដោយ thmeythmey.com