ជាតិ
សង្គម​ស៊ីវិល​សុំ EU កុំ​ទិញ​ឈើ​វៀតណាម​ដែល​លួច​ពី​កម្ពុជា​
16, Oct 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖​​ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់​ម្នាក់ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖​​ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់​ម្នាក់ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
ដោយ: VOA
​រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ​នៅក្នុង​ប្រទេស​កម្ពុជា បានស្នើ​សហភាព​អឺរ៉ុប ផ្អាក​កិច្ចសហការ​ជាមួយ​វៀតណាម​ក្នុង​ការនាំ​ឈើ​ចេញពី​ប្រទេស​វៀតណាម​ដែល​ហៅថា​«​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​» ហៅ​កាត់​ថា (VPA) រវាង​ប្រទេស​វៀតណាម និង​សហគមន៍​អឺរ៉ុប ដោយ​បារម្ភ​ពី វិនាសកម្ម​ដែល​អាច​កើតមាន​បន្ថែមទៀត​ទៅលើ​ធនធាន​ព្រៃឈើ​របស់​កម្ពុជា​។ នេះ​បើតាម សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​។​

 
​សេចក្តីថ្លែងការណ៍​ដែល​បាន​ផ្ញើ​ជូនទៅ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​១០ ខែតុលា បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ សហគមន៍​អឺរ៉ុប គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​នេះ ជាមួយ​វៀតណាម​ក្រោម​ដំណើរការ​នៃ​វិធាន​គ្រប់គ្រង​ព្រៃឈើ និង​ការអនុវត្តន៍​ច្បាប់​ការគ្រប់គ្រង និង​អាជីវកម្ម​ឈើ​របស់​សហគមន៍​អឺរ៉ុប (The EUTR and FLEG/T)​។ ទោះបីជា​យ៉ាងណាក៏ដោយ មានការ​ខ្វះចន្លោះ​ជាច្រើន​នៅក្នុង​កិច្ចព្រមព្រៀង​នោះ ដែល​ក្នុងនោះ គឺមាន​លំហូរ​ឈើ​ខុសច្បាប់​ជា​បន្តបន្ទាប់​ចូលទៅ​ទីផ្សារ​វៀតណាម ពី​ប្រទេសជិតខាង​នានា ក្នុងចំណោម​នោះ ភាគច្រើន​មកពី​កម្ពុជា​តែម្តង​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ប្រាំពីរ ដែល​មួយចំនួន​កំពុងធ្វើការ​តស៊ូ​មតិ​ការពារ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា បាន​ពណ៌នា​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​ចុះ​ថ្ងៃទី​១០ ខែតុលា​ថា ឧស្សាហកម្ម​កែច្នៃ​ឈើ​ខ្នាត​ធំ​របស់​វៀតណាម​កំពុង​កំណត់​ទិសដៅ​ធនធាន​ព្រៃឈើ​ដ៏​សម្បូរបែប​របស់​ចាប់តាំងពី​សម័យ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានបញ្ជាក់​ទៀតថា លំហូរ​ឈើ​ដ៏​ធំធេង ដែល​ភាគច្រើន​កើតចេញពី​ការបំពានច្បាប់ និង​បទបញ្ជា​របស់​កម្ពុជា​នេះ ត្រូវបាន​ចងក្រង​ទុកជា​ឯកសារ ជាច្រើនលើក​ច្រើនសារ​។ ការវិវត្តន៍​ថ្មីៗ​នៃ​ការអនុវត្ត​ច្បាប់​ព្រៃឈើ​នៅក្នុង​ប្រទេស​ឡាវ បាន​បង្កើន​សម្ពាធ​រប​ស់​វៀតណាម​មកលើ​ព្រៃឈើ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។ ឈ្មួញ​ឈើ​វៀតណាម​កំពុងតែ​សកម្ម​ក្នុងការ​បំផ្លាញ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា ដោយ​សូកប៉ាន់​មន្ត្រី​រដ្ឋ​នៅ​គ្រប់​កម្រិត​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​រកស៊ី​ឈើ​ដែលមាន​តម្លៃ​ទាំងនេះ ក្រៅពី​ក្របខណ្ឌ​ច្បាប់​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អង្គការ​ស៊ីវិល​បាន​បញ្ជាក់ថា​៖
 
«​ជារឿយៗ ប្រជាជន​ជនជាតិដើម​ភាគតិច​ត្រូវបាន​គេ​បង្ខិតបង្ខំ និង​ធ្វើបាប​ឲ្យ​យល់ព្រម​លក់​ដីព្រៃ​ដូនតា​របស់​ពួកគេ​ដោយ​តម្លៃ​តិចតួច​»​។​
 
​លោក អ៊ូច ឡេង អ្នកឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា និង​ជា​ប្រធាន អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស (CHRTF) បាន​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​បានស្នើ​ដល់​ភាគី​សហគមន៍​អឺរ៉ុប និង​ភាគី​វៀតណាម​ជាច្រើន​ដង​មកហើយ​អំពី​ភាពមិនប្រក្រតី​នៃ​ការនាំ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម នៅមុន​ភាគី​ទាំងពីរ​គ្រោង​ចុះ​កិច្ចព្រមព្រៀង VPA នៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខនេះ​។​


 រូប​ឯកសារ​៖ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ជ័យលាភី​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំឆ្នាំ​២០១៦ បានផ្តល់​បទសម្ភាសន៍​ជាមួយ​លោក សាយ មុន្នី ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ អំពី​ទទួលបាន​ពានរង្វាន់​ដ៏​ធំ​បំផុត​លើ​ពិភពលោក សម្រាប់​សកម្មជន​បរិ​ស្ថាន ការពារ​ធនធានធម្មជាតិ​នេះ​។ (VOA)​
 
​លោក​មានប្រសាសន៍ថា ប្រសិនបើ​សហភាព​អឺរ៉ុប​គឃ្លើន​ចុះ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ភាគី វៀតណាម​មែន​នោះ នោះ​លោក​នឹង​ប្រមូល​ការគាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប និង​វៀតណាម ឲ្យ​មានការ​កែលម្អ​កិច្ចព្រមព្រៀង​នោះ​។​
 
«​ខ្ញុំ​នឹង​តស៊ូ​ក្រាញននៀល​រហូតដល់​ស​ហគ​មន៍​អឺរ៉ុប គាត់​ធ្វើការ​ផ្លាស់ប្តូរ​ចិត្ត​ហើយ​ទោះបីយ៉ាងណា ទោះបីជា​សហគមន៍​អឺរ៉ុប​គាត់​បាន​ចុះហត្ថលេខា​យ៉ាងណាក៏ដោយ ក៏​យើង​អាច​នឹង​គៀងគរ​ពិភពលោក​ទាំងអស់ ដើម្បី​ស្តីបន្ទោស​ទៅ​សហគមន៍​អឺរ៉ុប​ដែល​គាត់​ធ្វើការ ការពារ​ព្រៃឈើ​ក៏ដូចជា​បរិស្ថាន សំឡឹងមើល​ឃើញតែ​ផលប្រយោជន៍​រាប់​កោដិ​ដុល្លារ​ពី​ព្រៃឈើ ដែល​សុំ​ឲ្យ​គាត់​ផ្លាស់ប្តូរ​ចិត្ត ព្រោះថា អ្វីដែល​យើង​រកឃើញ គឺថា បើ​មិនមាន​អ្នកទិញ​ទេ ក៏​អត់​មាន​អ្នកលក់ ហើយក៏​អត់​មាន អ្នក​កាប់​ដែរ មកពី​អា​អ្នកទិញ​ហ្នឹងហើយ បានធ្វើ​ឲ្យ​មាន វិនាសកម្ម​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​លោក​អ៊ូច ឡេង អះអាងថា លោក និង​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​អាជ្ញាធរ​កម្ពុជា និង​អ្នកកាសែត មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជក់​ថា មានការ​រត់ពន្ធ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម​។​
 
​លោក​និយាយ​បន្ថែមថា​៖
 
«​អ្នកកាសែត​ក្នុងស្រុក​ក៏មាន​ភស្តុតាង អ្នកកាសែត​អន្តរជាតិ​ក៏មាន​ភស្តុតាង មន្ត្រី​រដ្ឋាភិបាល​ក៏មាន​ភស្តុតាង មន្ត្រី​កងរាជអាវុធហត្ថ​រប​ស់​ឯកឧត្តម​សៅ សុខា ក៏​គាត់​មាន​ភស្តុតាង មន្ត្រី ឯកឧត្តម សម្តេច​ក្រឡាហោម ក៏​លោក​មាន​ភស្តុតាង ដែល​លោក​បាន​និយាយ​កន្លងមកហើយ បើ​លោក​អត់​មាន​ភស្តុតាង​លោក​ក៏​លោក​អត់​បាន អត់​ហ៊ាន​និយាយ​ដែរ គឺ​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​អំពី​ការរត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​»​។​
 
​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ក្រុមមន្ត្រី​លោក ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ខេត្តបាត់ដំបង​ថា មាន​ភស្តុតាង​បញ្ជាក់​ពី​ការបំផ្លាញ​ឈើ ដែល​ភស្តុតាង​ត្រូវបាន​ប្រមូល​ពី​ប្រព័ន្ធ​ផ្កាយរណប​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ទាក់ទង​នឹង​ការ​គេ​ថត​ពី​ផ្កាយរណប អត់​មាន​លាក់​អី​ជិត​ទេ គេ live [​ផ្សាយ​បន្ត​ផ្ទាល់​] ឲ្យ​យើង​មើល​ហ្មង អា​ដឹកឈើ​ទៅណា ចេញ​ទៅណាៗ​អី គេ​live ឲ្យ​យើង​មើល​ហ្មង ហើយ​តាម​ដឹង​ដូចជា​មណ្ឌលគិរី ឥឡូវ​សុំ​ផ្តាំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី​សុំ​ឲ្យ​មើល បើ​មិន​មើល​ទេ ចៅហ្វាយខេត្ត​ហ្នឹង​ក៏មាន​រឿង​ដែរ មិន​ត្រឹមតែ​មើល​ទេ ដោះស្រាយ​»​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ប្រាំពីរ​ដែល​បាន​ផ្ញើ​ទៅកាន់​សហភាព​អឺរ៉ុប និង​វៀតណាម​ផង​នោះ បាន​បន្ត​ឲ្យ​ដឹងថា «​អភិបាលកិច្ច​ទន់ខ្សោយ និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ នៅតែ​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​នៅក្នុង​ការលើកស្ទួយ​ការគ្រប់គ្រង​ព្រៃឈើ​នេះ​ដដែល​»​។​
 
​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ ថា​មានការ​ឆកល្វែង​នៅតាម​ព្រំដែន ដែល​បង្ក​ឲ្យ​មានការ​រត់ពន្ធ​ព្រៃឈើ ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​។ លោក​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ នឹងមាន​ការជួបប្រជុំ​ជាមួយ​ប្រតិភូ​វៀតណាម​ទទួលបន្ទុក​ព្រៃឈើ ដើម្បី​ពិភាក្សា​អំពី​បទល្មើស​ព្រៃឈើ​នេះ​។​
 
«​ថ្ងៃស្អែក​ហ្នឹង គឺ​ប្រហែល​ខ្ញុំ​ត្រូវ​ជួប​ជាមួយ​ប្រតិភូ​ខាង​វៀតណាម​ហើយ ប៉ុន្តែ​គេ​អត់​ទាន់​ដឹងថា ម៉ោង​ប៉ុន្មាន ហើយ​យើង​ក៏ ក៏​នឹង​ពិភាក្សា​ជាមួយ​ខាង​ភាគី​ប្រតិភូ​វៀតណាម​ដែរ ដើម្បី​ធ្វើ​ម៉េច រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​មាន​លំហូរ​ឈើ ខុសច្បាប់ នៅតាម​ព្រំដែន​ហ្នឹង​បាទ​»​។​
 
​លោក កែវ អូ​ម៉ាលី​ស្ស បាន​ឲ្យ​ដឹង​ទៀតថា លោក​មិនទាន់​ឃើញ​លិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​ជូន​សហភាព​អឺរ៉ុប​នោះទេ​។ ប៉ុន្តែ​លោក​ថា សហភាព​អឺរ៉ុប​មាន​តួនាទី​មួយ​ក្នុងការ​រួមចំណែក​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នៅ​កម្ពុជា និង​វៀតណាម​។​
 
VOA ព្យាយាម​សុំ​ការអធិប្បាយ​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា តែ​មិនទាន់មាន​ការឆ្លើយតប​មកទល់នឹង​ល្ងាច​ថ្ងៃ​ច័ន្ទ​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ផ្ញើ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ទៅ​ស្ថានទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​បន្ថែម​ថាស​ហ​ភាព​អឺរ៉ុប មាន​មោទនភាព​ក្នុងការ​លើកកម្ពស់​បទ​ដ្ឋា​ន​អន្តរជាតិ​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​របស់ខ្លួន​។ VPA ជាមួយ​វៀតណាម នៅមាន​ការខ្វះខាត​បទ​ប្បញ្ញត្តិ​សំខាន់ៗ​មួយចំនួនទៀត ដែល​អ្នកសង្កេតការណ៍​ចាត់ទុកថា​មាន​សារៈសំខាន់​សម្រាប់ VPA ដើម្បី​បំពេញ​គោលបំណង​របស់ខ្លួន​។​
 
​ពួកគេ​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា​៖ «​ការទទួលយក​នូវ​លំហូរ​ឈើ​ខុសច្បាប់​ជា​បន្តបន្ទាប់ ពី​កម្ពុជា​បានដាក់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​វៀតណាម​ឲ្យ​ស្ថិតក្នុង​ការសង្ស័យ និង​លទ្ធភាព​នៃ​ការបង្កើត VPA ដោយ​ខ្លួនឯង​»​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សង្កត់ធ្ងន់ថា ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មិនមែនជា​បញ្ហា​បច្ចេកទេស​ដែល​ត្រូវ​ទុកឱ្យ​មន្ត្រី ព្រៃឈើ​ធ្វើការ​នោះទេ​។ វា​គឺជា​ការ​លួច​ទ្រព្យ សម្បត្តិ​របស់​រដ្ឋ​ទ្រង់ទ្រាយ​ធំ ដែលមាន​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​ជា​រៀង រាល់​ឆ្នាំ​។ ហើយ ក៏​មិនមែនជា​បទល្មើស​ដែល​គ្មាន​ជនរងគ្រោះ​នោះដែរ​។ ក្រៅពី​ការធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល នៃ​ប្រទេស​កម្ពុជា កាន់តែ​ក្រ​ទៅៗ​នោះ ឧ​ទ្យា​នុ​រក្ស​ខ្លះ អ្នក​អភិរក្ស​ខ្លះ និង​អ្នកកាសែត​ជាច្រើន​នាក់ ត្រូវបាន សម្លាប់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទាក់ទង​ទៅនឹង​ការជួញដូរ​ខុសច្បាប់​នេះ​ទៀតសោត​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល បាន​លើក​ជា​អនុសាសន៍​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង VPA «​គួរតែ​ត្រូវបាន​ពន្យារពេល​»​។ វា​គួរតែ​ដាក់​លក្ខខណ្ឌ​លើ​ប្រទេស​វៀតណាម ដោយ​ប្រកាស​ឲ្យ​ផ្អាក​ការនាំ​ឈើ​ចេញ​ទាំងអស់ ពី​ព្រៃ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា រហូតមកដល់​មានការ​កំណត់​តួនាទី​លើ​ប្រព័ន្ធ​ធានារ៉ាប់រង​ឈើ​ស្របច្បាប់ (TLAS) នានា ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​VPA នេះ ឲ្យ​បានច្បាស់លាស់​ជាមុនសិន​។​
 
​អង្គការ​ឃ្លាំមើល​ព្រៃឈើ Forest Trends បាន​ផ្សព្វផ្សាយ​របាយការណ៍រ​បស់​ខ្លួន​កាលពីដើមឆ្នាំ​២០១៨ បាន​បញ្ជាក់ថា ទិន្នន័យ​របស់​គយ​វៀតណាម​បង្ហាញ​អំពី​ការកើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​អំពី​ការ​នាំចូល​ឈើហុប និង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ ២០១៧​។​
 
​ទិន្នន័យ​ដែល​ចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ Forest Trends នោះបាន​បង្ហាញថា ឈើ​ប្រមាណ​ជាង​១៦​ម៉ឺន (១៦៣.០៧១) ម៉ែត្រគូប​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០១៧ ពោលគឺ​មានការ​កើនឡើង​ចំនួន​១៧​ភាគរយ លើសពី​ឆ្នាំមុន ហើយ​តម្លៃ​នៃ​ការនាំចេញ បាន​កើន​ឡើងដល់ ២១​ភាគរយ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា ៤០​លាន​ដុល្លារ​អាមេរិក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com