អន្តរជាតិ
អ៊ីរ៉ង់ថា លោកដូណាល់ត្រាំមិនអាចទម្លាក់តម្លៃប្រេងដោយការសម្លុតបានឡើយ រូបភាព AFP
× រដ្ឋមន្ត្រីប្រេងកាតអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី១៦ ខែតុលាថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនអាចទម្លាក់តម្លៃប្រេង ដោយការសម្លុតប្រទេសដ៏ទៃផ្សេងទៀតបាននោះឡើយ។ រដ្ឋមន្ត្រីរូបអ៊ីរ៉ង់នេះក៏បានអះអាងថា មូលហេតុដែលបណ្តាលឲ្យទីផ្សារមានភាពរង្គោះរង្គើគឺដោយសារតែ ការផ្គត់ផ្គង់ប្រេងនៅក្នុងទីផ្សារបានធ្លាក់ចុះយ៉ាងគំហុក ក្រោយអាមេរិកដាក់គំនាបលើការនាំចេញអ៊ីរ៉ង់។
កន្លងទៅរដ្ឋបាលសហរដ្ឋអាមេរិកបានដាក់គំនាបលើសម្ពន្ធមិត្តរបស់ខ្លួន ដើម្បីកាត់ផ្តាច់ការនាំចូលប្រេងពីក្រុមហ៊ុនអ៊ីរ៉ង់។ លើសពីនេះក្រុងវ៉ាស៊ីនតោន ក៏បានលើកទឹកចិត្តអារ៉ាប៊ីសាអូឌីត, រុស្ស៊ី និងសមាជិកអង្គការ OPEC ផ្សេងទៀតឲ្យបង្កើនការបូមប្រេងបន្ថែមទៀតដើម្បីសមស្របទៅនឹងការធ្លាក់ចុះការផ្គត់ផ្គង់ថ្មីៗនេះ។
យោងតាមទីភ្នាក់ងារព័តមាន Reuters លោក Bijan Zanganeh រដ្ឋមន្ត្រីប្រេងកាតអ៊ីរ៉ង់បាននិយាយថា៖ «ទីផ្សារប្រេងកំពុងរង្គោះរង្គើដោយសារការផ្គត់ផ្គង់មានការធ្លាក់ចុះ ហើយបញ្ហានេះមិនអាចដោះស្រាយបាន ដោយប្រើប្រាស់ត្រឹមតែពាក្យសម្តីនោះឡើយ។ ត្រង់នេះលោក ដូណាល់ ត្រាំ គិតថាលោកអាចទម្លាក់តម្លៃប្រេងបាន ដោយគ្រាន់តែប្រើប្រាស់ការសម្លុត»។
តម្លៃប្រេងបានហក់ឡើងខ្ពស់គឺដោយសារតែ ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងការនាំចេញថាមពលរបស់អ៊ីរ៉ង់។ ហើយបញ្ហានេះអាចនឹងត្រូវដោះស្រាយវិញបាន ដោយគ្រាន់តែក្រុងវ៉ាស៊ីនតោនប្រកាសដកវិធានការទាំងនោះទៅវិញ។ នេះជាការពន្យល់របស់លោក Zanganeh។
កាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងពិចារណាបើកផ្លូវឲ្យម៉ូយទិញប្រេងអ៊ីរ៉ង់ ក្នុងនោះមានឥណ្ឌាជាដើម។ យ៉ាងណាមិញក្រុងវ៉ាស៊ីនតោនក៏បានប្រកាសថា រដ្ឋបាលអាមេរិកនឹងបញ្ឈប់ការនាំចូលប្រេងពីអ៊ីរ៉ង់ទាំងស្រុង ដែលជាប្រទេសផលិតប្រេងធំបំផុតលំដាប់ទីបីនៃអង្គការ OPEC។
ក្រោយពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ រដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើក្រុងតេហេរ៉ង់ ដែលនឹងត្រូវចូលជាធរមាននាថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខ។ គួរបញ្ជាក់បន្តិចដែរថា ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទណ្ឌកម្មអន្តរជាតិស្ទើរតែទាំងអស់ដែលដាក់ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានលុបចោលវិញក្នុងឆ្នាំ២០១៦ ដើម្បីជាថ្នូរនឹង ក្រុងតេហេរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
Tag:
អ៊ីរ៉ង់
ដូណាល់ ត្រាំ
តម្លៃប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com