អន្តរជាតិ
អាមេរិក ចំណាយជិត៣៩០លានដុល្លារដើម្បីជួយវៀតណាមសម្អាតម្សៅលឿងក្នុងសម័យសង្គ្រាម រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស នៅអតីតមូលដ្ឋាន Bien Hoa (រូបភាព AFP)
× រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស កំពុងស្ថិតនៅទឹកដីវៀតណាមជាលើកទីពីរក្នុងឆ្នាំ២០១៨ ។ អាចថា នេះជារឿងកម្រមួយដែលរដ្ឋមន្ត្រីការពារជាតិធ្វើដំណើរទស្សនកិច្ចញឹកញាប់នៅប្រទេសសមាជិកអាស៊ានមួយនេះ។ លោក ម៉ាធីស បានធ្វើទស្សនកិច្ចអតីតមូលដ្ឋានយោធាអាមេរិកនៅ Bien Hoa ដែលជាឃ្លាំងស្តុកម្សៅលឿងប្រើក្នុងសង្គ្រាមវៀតណាម។ ចាប់ពីឆ្នាំក្រោយ អាមេរិកនឹងចាប់ផ្តើមប្រតិបត្តិការសម្អាតសាធាតុគីមីនេះ និងគ្រោងចំណាយទឹកប្រាក់៣៩០លានដុល្លារ។
នៅថ្ងៃទី១៧ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ Bien Hoa ដែលជាអតីតមូលដ្ឋានទាហានអាមេរិកក្នុងសម័យសង្គ្រាមវៀតណាម។ មូលដ្ឋាននេះហើយជាទីឃ្លាំងស្តុកម្សៅលឿងដ៏ធំរបស់យោធាអាមេរិក ដែលសាធាតុគីមីនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនវៀតណាមរាប់សិបឆ្នាំមកនេះដូចជាជំងឺមហារីក និងអវយវៈមិនគ្រប់គ្រាន់ពីកំណើតជាដើម។
កាលពីសង្គ្រាមវៀតណាមដែលអាមេរិកដកទ័ពនៅឆ្នាំ១៩៧៣ យោធាអាមេរិកបានយកទីតាំងព្រលានយន្តហោះនៅក្បែរទីក្រុងហូជីមិញ ដើម្បីស្តុក និងប្រើប្រាស់ម្សៅពុលមួយនេះ។ សព្វថ្ងៃគេបារម្ភថា សារធាតុនេះបានជ្រាបចូលទៅក្នុងដី ទឹក ទន្លេ និងសង្វាក់ផលិតកម្មអាហារ។ ឥទ្ធិពលអាក្រក់លាក់ខ្លួនក្នុងចំណីអាហារនេះ ធ្វើឲ្យប្រជាជនវៀតណាមជាច្រើនជំនាន់រងគ្រោះ។ មនុស្សវ័យក្មេងជាច្រើនមានបញ្ហាពិការភាពផ្នែកបញ្ញា និងកាយសម្បទា។
បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅឆ្នាំក្រោយអាមេរិកនឹងចាប់ផ្ដើមដំណើរធ្វើឲ្យប្រសើរឡើងវិញអតីតមូលដ្ឋាន Bien Hoa រយៈពេល១០ឆ្នាំដែលដឹកនាំដោយទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ មន្ត្រីអាមេរិកបាននិយាយថា ការសន្យាសម្អាតទីតាំងស្តុកសារធាតុគីមីដែលផ្ដើមគំនិតដោយអតីតរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងត្រូវចំណាយទឹកប្រមាណ៣៩០លានដុល្លារឯណោះ។
លោក ម៉ាធីស ដែលមានបងប្រុសជាកងទ័ពប្រយុទ្ធក្នុងសង្គ្រាមនៅវៀតណាមដែរនោះនិយាយថា អាមេរិកបានសន្យាជួយវៀតណាម ដូចនេះអាមេរិកនឹងរក្សាសម្ដីរបស់ខ្លួនក្នុងការជួយធ្វើឲ្យប្រសើររឿងពីអតីតកាល។ លោកបន្តថា លោកនឹងរៀបរាប់ប្រាប់សភាអាមេរិកពីរឿងរ៉ាវដែលលោកបានឃើញក្នុងដំណើរទស្សនកិច្ចនៅ Bien Hoa នៃអតីតរដ្ឋធានីវៀតណាមខាងត្បូង ដែលអាមេរិកជួយគាំទ្ររហូតដួលរលំនៅឆ្នាំ១៩៧៥ ។
សូមបញ្ជាក់ថា យោធាអាមេរិកបានបាចម្សៅលឿងនេះរហូតដល់ទៅ៨០លានលីត្រពីលើទឹកដីវៀតណាមខាងត្បូងចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧១ សំដៅទប់ស្កាត់ក្រុមកុម្មុយនីស្តវៀតកុង ដែលប៉ុនប៉ងដណ្ដើមវៀតណាមខាងត្បូងវិញ។ ទាហានរបស់វៀតណាមខាងជើងបានប្រើយុទ្ធសាស្ត្រសង្គ្រាមឈ្លប ដោយលាក់ខ្លួនក្រោមស្លឹកឈើដើម្បីបាំងភ្នែកទាហានអាមេរិក។ សារធាតុគីមីនេះធ្វើឲ្យវៀតកុងពិបាករកកន្លែងលាក់ខ្លួន តែឥទ្ធិពលរបស់វាបន្តដល់សព្វថ្ងៃ៕
Tag:
អាមេរិក
វៀតណាម
ជេម ម៉ាធីស
© រក្សាសិទ្ធិដោយ thmeythmey.com