កីឡាជាតិ
ជាតិ
ទោះបី​ចាញ់​សិង្ហ​បុរី តែ​គ្រូបង្វឹក​កម្ពុជា​ថា កូនក្រុម​មានការ​រីក​ចម្រើន​
17, Oct 2018 , 11:48 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទោះបី​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​កម្ពុជា​លោក Felix Gonzalez Dalmas សង្កេតឃើញថា សមត្ថភាព​កូនក្រុម​ខ្លួន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ បន្ថែម​លើ​នេះ ក្រុម​កម្ពុជា​ទទួលបាន​ការសរសើរ​ពី​គ្រូបង្វឹក​សិង្ហ​បុរី​ថា លេង​បានល្អ​ថែម​ទៀតផង​។​

 
​ទោះបី​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ចាញ់​សិង្ហ​បុរី តែ​ទទួលបាន​ការវាយតម្លៃ​ពី​គ្រូបង្វឹក​ថា ពួកគេ​មានការ​រីកចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​លេង​។ ហើយ​ការបរាជ័យ​នេះ ដោយសារ​សិង្ហ​បុរី​ជា​ក្រុម​ខ្លាំង ដែល​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​។ ម្យ៉ាងទៀត កម្ពុជា​ជា​ក្រុម​ស្ថិតក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍ និង​បង្កើត​ទម្រង់​លេង​ថ្មី​សម្រាប់​ក្រុម​។  
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កម្ពុជា​ចាញ់​សិង្ហ​បុរី ២-១ នៅ​ថ្ងៃទី​១៦ ខែតុលា លោក Felix Gonzalez Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ ពួកយើង​មានការ​រីកចម្រើន​ច្រើន​បើ​ធៀប​នឹង​ការប្រកួត​លើក​មុន ទោះបី​លទ្ធផល​កន្លងមក វា​ហាក់ដូចជា​មិនល្អ​សម្រាប់​ខ្ញុំ អ្នកគាំទ្រ និង​ប្រជាជន​កម្ពុជា​ក៏ដោយ​»​។​
 
​ជាមួយគ្នានេះ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ខាងលើ​នៅតែ​ប្តេជ្ញា​ថា លោក នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បង្កើត​ទម្រង់​លេង​ថ្មី​មួយ​ប្រកបដោយ​សមត្ថភាព​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ខាងមុខនេះ​។ 
 
​លោក Fandi Ahmad គ្រូបង្វឹក​ក្រុម​សិង្ហ​បុរី ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​យកឈ្នះ​ម៉ុង​ហ្គោ​លី និង​ហ្វ៊ី​ជី​ក្នុង​លទ្ធផល ២-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពីពេល​កន្លង​ទៅបាន​សរសើរ​ថា កម្ពុជា​ជា​ក្រុម​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ទម្រង់​លេង​ល្អ តាមរយៈ​ការបង្កើត​បញ្ហា​ជាច្រើន​ដល់​ក្រុម​លោក ពិសេស​បង្ក​គ្រោះថ្នាក់​នៅ​តំបន់​ប្រយុទ្ធ​។ ហើយ​លោក​អរគុណ​ដល់​កម្ពុជា ដែល​បានផ្តល់​ការប្រកួត​មួយ​ដ៏​ល្អ​ដល់​សិង្ហ​បុរី​។  
 
«​ខ្ញុំ​សង្កេតឃើញថា កីឡាករ​កម្ពុ​ជាមាន​ស​ម​ត្ថ​ភាព​និង​មាន​ទម្រង់​លេង​ល្អ​មែនទែន តាមរយៈ​ការបង្កើត​បញ្ហា​ជាច្រើន​ដល់​សិង្ហ​បុរី​ទាំង​តំបន់​បម្រើ​និង​ប្រយុទ្ធ​។ នៅពេល​កម្ពុជា​បើក​ការប្រយុទ្ធ វា​ពិត​ជាមាន​គ្រោះថ្នាក់​សម្រាប់​សិង្ហ​បុរី​។ កម្ពុជា​បាន​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​នៅ​តំបន់​បម្រើ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កូនក្រុម​ខ្ញុំ​មាន​បញ្ហា​នៅ​តង់​ទី​១​។ តែ​ស្ថានការណ៍​ត្រូវបាន​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ខ្ញុំ បាន​ផ្លាស់ប្តូរ​ទម្រង់​លេង​នៅ​តង់​ទី​២»​។ នេះ​ការបញ្ជាក់​របស់លោក Fandi Ahmad គ្រូបង្វឹក​សិង្ហ​បុរី​។​


 
​សម្រាប់​ការបរាជ័យ ២-១ ក្រោម​ថ្វី​ជើង​សិង្ហ​បុរី មានន័យថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda មិនទាន់​អាច​ស្វែងរក​ជ័យជម្នះ​លើកដំបូង​នៅឡើយ​ទេ សម្រាប់​៣​ប្រកួត​កន្លងមកនេះ​។ ក្នុងនោះ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ៣-១ ក្នុងជំនួប​ដំបូង និង​ស្មើ ២-២ ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ជំនួប​បន្ទាប់​។​
 
​សម្រាប់​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែការពារ សាត រ៉​ស៊ី​ប របស់​បឹងកេត បាន​បញ្ជូន​បាល់​ទៅ​តំបន់​គ្រោះថ្នាក់ ធ្វើ​ឲ្យ​ខ្សែការពារ​សិង្ហ​បុរី Wai Loon Ho ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ដើម្បី​ជួយ​ឲ្យ​កម្ពុជា​នាំមុខ ១-០ នៅ​នាទី​១៨​។ ក្រោយ​ការទា​ត់បាល់​ពិន័យ​ពី​ចម្ងាយ​របស់ Zulfahmi Arifin ខ្សែបម្រើ Jacob Mahler បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ភ្ញៀវ​សិង្ហ​បុរី ក្រោយ​ការប្រកួត​ដំណើរការបាន​ប្រមាណ​១​ម៉ោង​។​
 
​ឈានដល់​នាទី​៧៥ ខ្សែប្រយុទ្ធ Ikhsan Fandi បាន​ឆាប​បាល់​ចេញពី​ជើង​ខ្សែការពារ ហុង ផេង ដើម្បី​ស៊ុត​បញ្ចូល​ទី​នាំមុខ ម្ចាស់ផ្ទះ ២-១ ។ ប្រធាន​ក្រុម សឿ​យ វិសាល និង​អ្នកចាំទី អ៊ុំ វិចិត្រ មិនអាច​រារាំង​កីឡាករ​រូបនេះ​បានឡើយ​។ ក្រុម​កីឡាករ​សិង្ហ​បុរី បាន​ព្យាយាម​ការពារ ហើយ​រក្សា​លទ្ធផល ២-១ រហូតដល់​បញ្ចប់​ការប្រកួត​។​
 
​ជម្រើស​១១​នាក់​ដំបូង​៖ អ៊ុំ វិចិត្រ (​អ្នកចាំទី​), សាត រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា (​នេន សុធា​រដ្ឋ ៧៤), សឿ​យ វិសាល (​ប្រធាន​ក្រុម​), ហុង ផេង​, គួច សុគ​ម្ភៈ (​សុះ ស៊ូ​ហា​ណា ៧៦), រ៉ឹង ប៊ុន​ហៀ​ង​, ឈិន ឈឿន (​ចាន់ វឌ្ឍនាកា ៥៧), ប្រាក់ ធី​វ៉ា (​ស៊ិន កក្កដា ៨៣), ប៊ិន ចន្ថា​ធា​រី (​អន ចាន់​ប៉ូ​លីន ៦៩), គួច ដា​នី (​ទិ​ត្យ ឌី​ណា ៨០)៕     
​ 

Tag:
 Felix Gonzalez Dalmas
  ជម្រើសជាតិ​កម្ពុជា​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com