ជាតិ
សង្គមជាតិ
«​បំបាត់​បក្សពួក ហើយ​បង្កើត​សាមគ្គី​» នៅតែ​ជាការ​ងារ​ចម្បង​របស់​ប្រធាន​គណៈមេធាវី ក្នុង​អាណត្តិ​ថ្មី​
17, Oct 2018 , 12:59 pm        
រូបភាព
លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា
លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា
​ភ្នំពេញ​៖ ការបំបាត់បក្សពួក ដោយជំនួសមកវិញនូវសាមគ្គីភាព និងការជំរុញឲ្យមានតម្លាភាពនៅក្នុងគណៈមេធាវីកម្ពុជា គឺជាចំណុចសំខាន់ៗ ដែលត្រូវអនុវត្ត។ នេះជាសាររបស់លោក សួន វិសាល ដែលបានលើកឡើង ក្រោយពីលោក ត្រូវបានមេធាវីនៅទូទាំងប្រទេស បោះឆ្នោតឲ្យធ្វើជាប្រធានសាជាថ្មី។



ក្រោយ​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណៈមេធាវី​ជា​លើក​ទី​២ តាមរយៈ​ការបោះឆ្នោត នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ លោក សួន វិសាល បាន​ឡើង​ថ្លែង​សារ​ប្រហែលជា​៤-៥​នាទី ទៅកាន់​មេធាវី​ប្រមាណ​១៥០០​នាក់ ជា​សមាជិក​-​សមាជិកា​។ ចាប់ផ្តើម​ដំបូង​នៃ​ការ​ថ្លែង​សារ លោក បានប្រកាស​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​បម្រើ​គណៈមេធាវី ដើម្បី​ជា​ប្រយោជន៍​សម្រាប់​វិជ្ជា​វីវៈ​មេធាវី និង​សង្គមជាតិ​ទាំងមូល​។
   
​បន្ទាប់មក លោក សួន វិសាល ក៏​បង្ហាញ​ពី​គោលជំហរ​និង​ឆន្ទៈ​របស់លោក​ក្នុងនាម​ជា​ប្រធាន​គណៈមេធាវី​។ ឆន្ទៈ​ដ៏​សំខាន់​របស់លោក គឺ​បន្ត​ទប់ស្កាត់​ការបង្កើត​បក្សពួក​នៅក្នុង​ផ្ទៃក្នុង​នៃ​គណៈមេធាវី​។ 
 
​នៅ​ចំពោះមុខ​សមាជិក​-​សមាជិកា លោក សួន វិសាល បាន​លើកឡើងថា កន្លងមក គណៈមេធាវី ធ្លាប់មាន​ការបែងចែក​បក្សពួក​។ ប៉ុន្តែ ពេល​លោក ចូលកាន់​តំណែង​ជា​ប្រធាន​លើក​ទី​១ សម្រាប់​អាណត្តិ​ទី​១១ កាល​ឆ្នាំ​២០១៦  លោក បាន​រំលាយ​វប្បធម៌​បក្សពួកនិយម​នេះ​ចោល ដែល​ធ្វើ​ឲ្យ​ការងារ​ក្នុង​គណៈមេធាវី រីកចម្រើន និង​មាន​ភាពល្អប្រសើរ​។ 
 
​ជំនួស​ឲ្យ​ការបង្កើត​បក្សពួក លោក សួន វិសាល បាន​ព្យាយាម​ជំរុញ​ឲ្យ​សមាជិក​-​សមាជិក​ទាំងអស់ ធ្វើការ​ជាមួយគ្នា​ក្នុង​ក្រុម​តែមួយ​។ លើសពីនេះ លោក បានដាក់​គោលនយោបាយ​ដ៏​សំខាន់​មួយទៀត គឺ​ការធ្វើ​ឲ្យ​មាន​តម្លាភាព នៅក្នុង​គណៈមេធាវី​។ 
 
​នៅក្នុង​ឱកាស​នោះ លោក សួន វិសាល ឆ្លៀត​ណែនាំ​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១២​នេះ ឲ្យ​បំពេញការងារ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​និង​មាន​សាមគ្គីភាព​។ ប្រធាន​គណៈមេធាវី សង្កត់ធ្ងន់​បែបនេះ​ថា​៖«​ខ្ញុំ សង្ឃឹមថា​ក្រុមប្រឹក្សា​ថ្មី នឹង​គោរព​តាម​ប្រពៃណី ដូច​ក្រុមប្រឹក្សា​ចាស់​»​។​
 
​ការបោះឆ្នោត​នេះ មាន​២ គឺ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​១២ និង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩​។ ក្រុមប្រឹក្សា​គណៈមេធាវី មាន​សមាជិក​-​សមាជិក​៣៣​រូប​។ 
 
​មេធាវី​ម្នាក់ អាច​ធ្វើជា​ប្រធាន​គណៈមេធាវី​បានតែ​២​អាណត្តិ​ប៉ុណ្ណោះ ហើយ​ក្នុង​១​អាណត្តិ មាន​រយៈពេល​២​ឆ្នាំ​។ រីឯ អាណត្តិ​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី មាន​រយៈពេល​៣​ឆ្នាំ​។​
 
​លោក សំ សុ​គង់ គឺជា​បេក្ខជន ដែល​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ជា​ប្រធាន​គណៈមេធាវី ជាមួយ​លោក សួន វិសាល​។ ជា​លទ្ធផល លោក សួន វិសាល ទទួលបាន​សំលេងគាំទ្រ​៩៣០ ហើយ​លោក សំ សុ​គង់ ទទួលបាន​សំឡេងគាំទ្រ​២៨៨​។ 
 
​បើតាម​ជីវប្រវត្តិ​ខ្លី ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​គណៈមេធាវី លោក សួន វិសាល មាន​វ័យ​៥៣​ឆ្នាំ ហើយ​លោក បាន​បំពេញ​វិជ្ជាជីវៈ​ជា​មេធាវី តាំងពី​ឆ្នាំ​១៩៩៨​មក​។ ចំណែក លោក សំ សុ​គង់ ដែល​ល្បីឈ្មោះ​ដោយសារតែ​ការពារ​ក្តី​ឲ្យ​គណបក្សប្រឆាំង មាន​វ័យ​៤១​ឆ្នាំ និង​បាន​ស្បថ​ចូល​ធ្វើជា​មេធាវី ក្នុង​ឆ្នាំ​២០០៣៕ 
 
 
 
 
 

Tag:
 គណៈមេធាវី
  សួន វិសាល​
© រក្សាសិទ្ធិដោយ thmeythmey.com