ជាតិ
ត្រី​បង់​ឡាវ រក​ចំណី​នៅ​ទឹកប្រៃ​តាម​ឆ្នេរសមុទ្រ មក​ពង​-​កូន​ក្នុង​ទឹកសាប​ក្នុង​ទន្លេមេគង្គ​
17, Oct 2018 , 7:19 pm        
រូបភាព
 ​ត្រី​បង់​ឡាវ «​ត្រី​ប្រា​ស្អាត​» ។ រូបភាពៈ https://ffish.asia/Dinh D. Tran
​ត្រី​បង់​ឡាវ «​ត្រី​ប្រា​ស្អាត​» ។ រូបភាពៈ https://ffish.asia/Dinh D. Tran
ដោយ:
​ត្រី​បង់​ឡាវ «​ត្រី​ប្រា​ស្អាត​» ជា​ប្រភេទ​ត្រី​រស់នៅក្នុង​ទឹកសាប​ផង ទឹកប្រៃ​ផង ដោយ​វា​រក​ចំណី​នៅ​តំបន់ឆ្នេរ​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម​។ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​បណ្តាញ​ទឹកសាប​សំខាន់ៗ ដូចជា​ទន្លេមេគង្គ​ជាដើម ដើម្បី​ពង​-​កូន​។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasius krempfi)​។ ប៉ុន្តែ គេ​មិនដឹងថា វា​ពង​-​កូន​នៅទីណា​ជាក់លាក់់​ទេ តែ​ត្រូវបាន​គេ​សន្មត​ថា វា​ពង​-​កូន​នៅក្នុង​ទន្លេមេគង្គ​ខាងលើ​។ ត្រី​បុ​ង​ឡាវ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១២០ ស​.​ម និង​ទម្ងន់ ១៤​គ​.​ក​។​

 
​ត្រី​បង់​ឡាវ​ស្ថិតក្នុង​អម្បូរ​ត្រី​ប្រា pangasiid តែមួយគត់ ដែល​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត រស់នៅក្នុង​ទឹកប្រៃ ប៉ុន្តែ វា​ធ្វើចរាចរ​ផ្លាស់​ទី​មក​ពង​-​កូន​នៅក្នុង​ទឹកសាប និង​ទន្លេមេគង្គ​។ ត្រី​ប្រភេទ​នេះ ត្រូវបាន​គេ​សន្មត​ថា យ៉ាងហោចណាស់ ក៏មាន​ពីរ​ដំណាក់កាល​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដែរ​។

ដំណាក់កាល​ទីមួយ គឺ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ចាប់ពី​ខែឧសភា ដល់ ខែកញ្ញា ដោយ​ចេញពី​ភាគខាងត្បូង​នៃ​ល្បាក់ខោន ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ តាម​បណ្តោយ​ដង​ទន្លេមេគង្គ ឆៀង​ខុង ជិត​ព្រំដែន ឡាវ​-​ថៃ​-​មី​យ៉ាន់​ម៉ា ដើម្បី​ពង​-​កូន​។ ទី​ពីរ គឺ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ចុះទៅ​ខ្សែទឹក​ខាងក្រោម ចាប់ពី​ខេត្តស្ទឹងត្រែង រហូតដល់​ខេត្តកំពង់ចាម ក្នុង​រដូវ​ពង​-​កូន​ក្នុង​ចន្លោះ​ខែ ឧសភា ដល់​ខែសីហា តែ​មិន​ត្រូវបាន​គេ​ដឹងថា វា​ពង​-​កូន​នៅ​កន្លែង​ណា​ទេ​។

ត្រី​បុ​ង​ឡាវ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Vulnerable) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​កំពុង​រងគ្រោះ ដែល​នឹង​អាចឈាន​ទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​ដ៏​សំខាន់​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ គឺ​ការនេសាទ​ហួស​កម្រិត​ក្នុងពេល​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​រប​ស់វា​ក្នុង​សមុទ្រ​។ ក្រៅពីនេះ ត្រី​បុ​ង​ឡាវ ងាយ​ប្រឈម​នឹង​ទំនប់​វារិ​អគ្គិសនី​នៅតាម​បណ្តោយ​ទន្លេមេគង្គ ដែលជា​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​ដើម្បី​ពង​-​កូន​របស់​វា​ណាស់​។​
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com