អន្តរជាតិ
ប្រា​យុទ្ធ ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម ខណៈ​យោធា​បន្ត​ហាម​បក្សនយោបាយ​ឃោសនា​តាម​អន​ឡាញ​
17, Oct 2018 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព AFP)
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព AFP)
​មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ធំៗ​ដើម្បី​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ប្រជាជន​ថៃ មុន​ការបោះឆ្នោត​ឆ្នាំក្រោយ​។ កន្លងមក លោក ប្រា​យុទ្ធ តែងតែ​យក​ឱកាស​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចល័ត​នៅតាម​ខេត្ត​នានា​ដើម្បី​ស្ដាប់​ទុក្ខលំបាក​របស់​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ផង​។ សកម្មភាព​របស់​មេដឹកនាំ​យោធា រង​ការរិះគន់ ព្រោះ​លោក​ហាក់​កេងចំណេញ​នយោបាយ ខណៈ​អ្នកនយោបាយ​ផ្សេងទៀត​នៅជាប់​បម្រាម​ឃោសនា​តាម​ប្រព័ន្ធ​អន​ឡាញ​នៅឡើយ​។​

 
​នៅ​ចុង​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ បាន​បើក​ដំណើរការ​ទំព័រ​ផ្លូវការ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ល្បីឈ្មោះ​ជាច្រើន​ដូចជា Facebook, Instagram និង Twitter ។ គោលបំណង​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ត្រូវបាន​លោក ប្រា​យុទ្ធ ប្រកាសថា ដើម្បី​បង្កើត​វេទិកា​ជា​មធ្យោបាយ​ដែល​ប្រជាជន​អាច​រិះគន់ ឬក៏​លើកសរសើរ ហើយ​អ្វីៗ​ដែលមាន​ប្រយោជន៍ រដ្ឋាភិបាល​របស់លោក​នឹង​យកទៅអនុវត្ត​ផងដែរ​។​
 
​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​របស់លោក ប្រា​យុទ្ធ រង​ប្រតិកម្ម​ខ្លាំង ពិសេស​ពី​អ្នកនយោបាយ​។ នេះ​ក៏​ព្រោះតែ​មេដឹកនាំ​របប​សឹក​រូបនេះ​ដែល​មិនទាន់​សម្រេចចិត្ត​ចូល​នយោបាយ​ឬ​យ៉ាងណា អាច​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​បាន​តាមចិត្ត ស្របពេល​ក្រុម​យោធា​បន្ត​ហាមឃាត់​គណបក្សនយោបាយ​ទាំងឡាយ​ពី​ការប្រើប្រាស់​វេទិកា​អន​ឡាញ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​។ លោក ប្រា​យុទ្ធ ហាក់​ឆក់​ឱកាស​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រជាជន​មុន​ផែនការ​បោះឆ្នោត​ឆ្នាំ​២០១៩ ។​
 
​ជុំវិញ​បញ្ហា​នេះដែរ ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ថៃ (EC) លោក Itthiporn Boonprakong លើកឡើងថា សកម្មភាព​តាម​បណ្ដាញ​សង្គម​របស់លោក ប្រា​យុទ្ធ មិនមែនជា​ការទាក់ទាញ​សន្លឹកឆ្នោត ដែល​ផ្ទុយ​បម្រាម​របស់​យោធា​ឡើយ ប៉ុន្តែ​គណៈកម្មការ​លោក​នឹង​ពិនិត្យមើល​ឲ្យ​ដិតដល់​។ លោក​បន្តថា EC នឹង​ប្រមូល​ព័ត៌មាន​ទាក់ទង​សកម្មភាព​របស់​បក្សនយោបាយ និង​ការបោះឆ្នោត ហើយ EC នឹង​ចាត់វិធានការ​បើ​បក្ស​ណា​ធ្វើ​ខុសច្បាប់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Bangkok Post ។ 
 
​លោក ប្រា​យុទ្ធ ឯណោះ​វិញ កំពុង​បន្ស៊ាំ​ខ្លួន​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ ខណៈដែល​ការគាំទ្រ​លើ​ទំព័រ​ថ្មីថ្មោង​នៃ​បណ្ដាញ​សង្គម​កំពុង​កើនឡើង​ខ្លាំង​។ ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៦ ខែតុលា មេដឹកនាំ​រដ្ឋាភិបាលយោធា​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពេល​លោក​ចូល​ប្រើប្រាស់​គណនី លោក​ទទួលបាន​ទាំង​ការសរសើរ ទាំង​ពាក្យរិះគន់​។ តាម​គណនី Twitter របស់ខ្លួន លោក ប្រា​យុទ្ធ អះអាងថា បើ​ការរិះគន់​លើ​រូប​ត្រឹមត្រូវ លោក​នឹង​កែខ្លួន​។​
 
​ទោះជា​យ៉ាងណា មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ បានស្នើ​ឲ្យ​អ្នក​ចូលមក​សរសេរ​លើ​បណ្ដា​ញ​សង្គម​របស់លោក​ឲ្យ​រក្សា​ភាព​គួរសម ជាពិសេស​ក្នុងចំណោម​អ្នកប្រើប្រាស់​វ័យក្មេង​តែម្ដង ដែល​លោក​មើលឃើញថា​ជា​រឿង​មិន​សមរម្យ​។ លោក​ក៏​អំពាវនាវ​ទៅកាន់​ប្រជាជន​ឲ្យ​បន្ត​ចុច Like លើ​គណនី​របស់លោក និង​ដាក់​ជា​សំណើ​ទៅកាន់ ទោះជា​លោក​មិនបាន​តាមដាន​ផ្ទាល់​ក្ដី ក៏​លោក​ឲ្យ​មន្ត្រី​រាយការណ៍​ទៅ​លោក​ដែរ​៕
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com