អន្តរជាតិ
ថៃ​៖ មេទ័ព​ជើងគោក​ថ្មី​ប្រកាស​រក្សា​អព្យាក្រឹតភាព​ដោយ​មិន​លូកដៃ​ក្នុង​រឿង​នយោបាយ​
18, Oct 2018 , 8:39 am        
រូបភាព
ឧត្តមសេនីយ៍ Apirat Kompongsom មេបញ្ជាការកងទ័ពជើងគោកថៃ (រូបភាព Reuters)
ឧត្តមសេនីយ៍ Apirat Kompongsom មេបញ្ជាការកងទ័ពជើងគោកថៃ (រូបភាព Reuters)
ដោយ:
​មេទ័ព​ជើងគោក​ថ្មី​របស់​ថៃ​នៅ​ថ្ងៃទី​១៧ ខែតុលា បានប្រកាសថា កងទ័ព​ថៃ​នឹង​រក្សា​អព្យាក្រឹតភាព​ឲ្យ​បាន​ម៉ឹងម៉ា់ត់​បំផុត និង​មិន​ធ្វើ​អន្តរាគមន៍​យោធា​ដាច់ខាត ប្រសិនបើមិនមានការផ្ទុះឡើងនៃជម្លោះនយោបាយ ក្រោយរដ្ឋាភិបាល​ស៊ីវិល​ចូលកាន់​តំណែង​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំក្រោយទេនោះ​។

 
 
​ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong ដែល​ទើបបាន​ឡើងកាន់តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កាលពីដើម​ខែតុលា​នេះ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ក្រុង​បាំង​កក​ថា យោធា​ត្រូវបាន​គេ​ឃ្លាំមើល​យ៉ាង​ល្អិតល្អន់  ហើយ​ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង​រក្សា​អព្យាក្រឹតភាព​ឲ្យ​បាន​។ 
 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧ​ត្ត​ម​សេនីយ៍  Apirat បាន​និយាយ​បែបនេះ​៖ «​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​… យើង​មិនអាច​បណ្តែត​បណ្តា​យ​ឲ្យ​នយោបាយ​ប្រើប្រាស់​យើង​បាន​នោះឡើយ​»​។  
 
​ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​ម្នាក់​បាន​ចោទ​សួរថា តើ​លោក​បាន​ត្រៀម​ដឹកនាំ​រដ្ឋប្រហារ​ផ្សេងទៀត​ឬ​យ៉ាងនោះ លោក​ឧ​ត្ត​ម​សេនីយ៍  Apirat បាន​ឆ្លើ​ប​តប​វិញ​ថា​ បើគ្មានជម្លោះ​នយោបាយ​កើតឡើងទេ ក្រុមយោធា​គ្មានហេតុផល​អ្វីត្រូវលូកលាន់ឡើយ។ លោកនិយាយ​បែបនេះ៖ «​ប្រសិនបើ​បញ្ហានយោបាយ​មិនបង្កើត​ជម្លោះ​ដូច​នៅក្នុង​អតីតកាល​នោះទេ វា​គ្មាន​ការចាំបាច់​អ្វីដែល​កងទ័ព​ត្រូវ​ចូល​លូកដៃ​នោះឡើយ​»​។ 
 
​បើ​ពិ​តទៅ ថៃ​ត្រូវបាន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​របប​សឹក ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៤មកម្ល៉េះ​។ រដ្ឋាភិបាល​សឹក​ដែល​ដឹកនាំ​ដោយ​អតីត​មេទ័ព​ជើងគោក​ភូមិន្ទ​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា សព្វ​ថ្ងៃជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ ម្តង​ជា​ពីរដង​ចេះតែ​ពន្យារពេល​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​។ យ៉ាងណាមិញ​ការកំណត់​ចុងក្រោយបង្អស់​នោះ​គឺ​ត្រូវ​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​។  
 
​គួរ​បញ្ជាក់ដែរថា ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​មាន​ប្រវត្តិ​នៃ​ការអន្តរាគមន៍​ពី​សំណាក់​កងទ័ព ចាប់ផ្តើម​ពី​ឆ្នាំ​១៩៣២​មកម្ល៉េះ​។ កាលនោះ​យោធា​បាន​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ (Absolute Monarchy) ដោយ​ប្រើប្រាស់​ការ​បដិវត្តន៍​គ្មាន​ថ្លុកឈាម​។ ចំណែកឯ​ក្នុង​ឆ្នាំ​២០០៦​ឯណោះ​វិញ យោធា​បាន​ទម្លាក់​នាយករដ្ឋមន្ត្រី​ដែល​កើតឡើង​ដោយ​ការបោះឆ្នោត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជា​កំពូល​មហាសេដ្ឋី​វិស័យ​ទូរគមនាគមន៍ និង​ជា​បងប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។ 
 
​លោកស្រី យី​ង​ឡាក់ ត្រូវបាន​រដ្ឋប្រហា​រដែ​ល​ដឹកនាំ​ដោយ​យោធា ទម្លាក់​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០១៤​។ រដ្ឋប្រហារ​នេះដែរ​ជា​ផ្នែក​មួយ​នៃ​ការ​ចលនា​តស៊ូ​ដណ្តើម​អំណាច​យ៉ាងយូរ​អង្វែង​មួយ រវាង​ក្រុម​អ្នកគាំទ្រ​ត្រកូល ស៊ីណាវ៉ាត្រា និង​ក្រុម​ឥស្ស​ជន​រាជានិយម​ដែល​គាំទ្រ​ដោយ​យោធា​៕ 
 

Tag:
 ថៃ​
  យោធា​
  រដ្ឋប្រហារ​
  Apirat Kongsompong
© រក្សាសិទ្ធិដោយ thmeythmey.com