ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ក្របីព្រៃ មានតែនៅកម្ពុជា ឥណ្ឌា និងនេប៉ាល់ រូបភាពពី៖ FA / WWF-Cambodia
× ក្របីព្រៃ ជាប្រភេទសត្វកម្រ វាមានចំនួនតិចតួចបំផុតដែលសេសសល់នៅក្នុងប្រទេសកម្ពុជា ហើយវត្តមានរបស់វាមានតែនៅខេត្តមណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី។ ក្រៅពីកម្ពុជា ក្របីព្រៃ មានប្រទេសឥណ្ឌា និងនេប៉ាល់ផងដែរ។ ក្របីព្រៃ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងតែរងគ្រោះថ្នាក់ជិតផុតពូជជាសកល ដែលត្រូវបានចុះបញ្ជីក្រហម IUCN។ សត្វប្រភេទនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារការបាត់ទីជម្រក ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់ជាដើម។ នេះបើយោងតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។
សៀវភៅថនិកសត្វកម្ពុជាដដែលបានសរសេរថា ក្របីព្រៃ ចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ ក្របីព្រៃ រស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅពេលព្រឹកព្រលឹមនិងល្ងាច វាទំពារអៀងនៅពេលដេក ឬពេលដែលត្រាំទឹក។ ក្របីញីដោយឈ្មោលនៅអំឡុងខែតុលា រហូតដល់ខែវិច្ឆិកា និងបង្កើតកូន១ បន្ទាប់ពីបានពរពោះរយៈពេ ល ១០ខែ។
ក្របីព្រៃ មានរាងដូចទៅនឹងក្របីស្រុកដែរ ប៉ុន្តែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃ មានទម្ងន់ពី៧០០-១២០០គីឡូក្រាម ហើយមានពណ៌ប្រផេះ ឬត្នោតខ្មៅ ក្របីឈ្មោលមានកម្ពស់រហូត ដល់ ២ម៉ែត្រ។ នៅខាងក្រោមកវាមានពណ៌ស រាងជាអក្សរ (V)។ ស្នែងទាំងពីររបស់វាមានរាង សំប៉ែត គន្លាក់ៗបត់ទៅក្រោយ ហើយស្នែងរបស់វាមានគម្លាតធំជាងក្របីស្រុក។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕
© រក្សាសិទ្ធិដោយ thmeythmey.com