អន្តរជាតិ
ពាក់ផ្កាយបីលើស្មា លោកស្រី Richardson ក្លាយជាមេបញ្ជាការស្ត្រីទីមួយនៃទ័ពជើងគោកអាមេរិក ឧត្តមសេនីយ៍ឯក James A. Richardson (រូបភាពពីគេហទំព័រកងទ័ពជើងគោកអាមេរិក)
× ឧត្តមសេនីយ៍ឯក Laura J. Richardson បានក្លាយជាស្ត្រីទីមួយដែលគ្រប់គ្រងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជាអង្គភាពមានទាហានច្រើនជាងគេរបស់កងទ័ពជើងគោកអាមេរិក។ វាជារឿងប្រវត្តិសាស្ត្រមួយសម្រាប់កងទ័ពជើងគោកអាមេរិក ដែលមានស្ត្រីក្ដាប់តំណែងដ៏ខ្ពស់បែបនេះ ហើយដែលមានអំណាចបញ្ជាទាហានចំនួន៧៧ម៉ឺននាក់ និងបុគ្គលិកស៊ីវិលចំនួនជិត១០ម៉ឺននាក់ទៀត។
នេះជាលើកដំបូងដែលបញ្ជាការដ្ឋានកងទ័ពជើងគោក (FORSCOM) មានមេបញ្ជាការជាស្ត្រី តែវាមិនមែនជារឿងប្លែកឡើយសម្រាប់លោកស្រីឧត្តមសេនីយ៍ឯក Laura J. Richardson ដែលបានបំបែកប្រវត្តិសាស្ត្រច្រើនហើយដែរ ក្នុងនាមជាមេបញ្ជាការស្ដ្រីទីមួយរបស់អង្គភាពទ័ពនានាចំណុះទ័ពជើងគោកអាមេរិក។ លោកស្រី នឹងកាន់តំណែងមេបញ្ជាការ FORSCOM ជំនួសនាយឧត្តមសេនីយ៍ Robert B. Abrams ។
បើតាមការផ្សាយរបស់ទូរទស្សន៍ CNN លោកឧត្តមសេនីយ៍ Abrams បានប្រកាសថា លោកនឹងទៅកាន់តំណែងមេបញ្ជាការទ័ពអាមេរិកនៅកូរ៉េខាងត្បូងវិញ។ លោកចាត់ទុករយៈពេលបីឆ្នាំជាមេបញ្ជាការ FORSCOM ជាកិត្តិយសមួយ ហើយបានអរគុណកងទ័ពទាំងឡាយចំពោះការងាររបស់ពួកគេផង។
ងាកទៅមេបញ្ជាការស្ត្រីទីមួយរបស់ FORSCOM វិញ លោកស្រី Richardson បានចូលបម្រើការក្នុងកងទ័ពជើងគោកអាមេរិកនៅឆ្នាំ១៩៨៦ ធ្លាប់បើកយន្តហោះ ធ្លាប់ជាទីប្រឹក្សាយោធាឲ្យអនុប្រធានាធិបតីអាមេរិក និងធ្លាប់ជាមន្ត្រីកិច្ចការកងទ័ពនៅព្រឹទ្ធសភាអាមេរិកផង។ នៅឆ្នាំ២០១២ លោកស្រី ត្រូវបានដំឡើងទៅជាឧត្តមសេនីយ៍ត្រី ហើយជាស្ត្រីទីមួយកាន់តំណែងមេបញ្ជាការរងកងពលទ័ពសេះទីមួយ ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់។
៥ឆ្នាំក្រោយមក មេបញ្ជាការស្ត្រីរូបនេះក៏ពាក់ផ្កាយបី នឹងត្រូវបានតែងតាំងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោកអាមេរិក ដែលការងាររបស់លោកស្រី គឺពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់យោធាក្នុងការពង្រាយនៅថ្ងៃអនាគត និងប្រតិបត្តិការបន្ទាន់។ ជាងមួយឆ្នាំបន្ទាប់មក លោកស្រី Richardson ក៏ត្រូវដំឡើងតួនាទីជាមេបញ្ជាការតែម្ដងទៅ។
សូមបញ្ជាក់ថា FORSCOM គឺជាអង្គភាពដ៏ធំមួយចំណុះកងទ័ពជើងគោកអាមេរិកដែលមានឧត្តមសេនីយ៍ផ្កាយបួន Mark A. Milley ជានាយសេនាធិការ។ អង្គភាពដែលមានមូលដ្ឋាននៅ For Bragg ក្នុងរដ្ឋ North Carolina មួយនេះ មានកងទ័ពចំនួន៧៧៦,០០០នាក់ និងបុគ្គលិកស៊ីវិលចំនួន៩៦,០០០នាក់ផងដែរ៕
Tag:
អាមេរិក
Laura J. Richardson
© រក្សាសិទ្ធិដោយ thmeythmey.com