អន្តរជាតិ
លោក ត្រាំ ស្នើ​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ជើង​អាកាស​ចូលនិវត្តន៍​ឲ្យ​ទទួលខុសត្រូវ​កិច្ចការ​អាស៊ី​
18, Oct 2018 , 10:12 am        
រូបភាព
ឧត្តមសេនីយ៍ជើងអាកាសចូលនិវត្តន៍ David Stilwell (រូបភាពពីគេហទំព័រទ័ពអាកាសអាមេរិក)
ឧត្តមសេនីយ៍ជើងអាកាសចូលនិវត្តន៍ David Stilwell (រូបភាពពីគេហទំព័រទ័ពអាកាសអាមេរិក)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មាន​ផែនការ​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ជើង​អាកាស David Stilwell ឲ្យ​កាន់តំណែង​កំពូល​ទទួលបន្ទុក​កិច្ចការ​អាស៊ី​នៅ​ក្រសួងការបរទេស​។ តំណែង​នេះ​បាន​នៅ​ទំនេរ​ជាង​មួយឆ្នាំ​មកហើយ បើទោះជា​បញ្ហា​នៅ​អាស៊ី​គឺជា​រឿង​ប្រឈម​ដ៏​ធំ​មួយ​របស់​រដ្ឋបាល​លោក ត្រាំ ក៏ដោយ​។ បំណង​របស់លោក ត្រាំ ត្រូវបាន​ស្វាគមន៍ ហើយ​រំពឹងថា អាច​ទទួលបាន​ការយ​ល់​ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​ផង​។​

 
​ក្នុង​សេចក្ដីប្រកាស​របស់​សេត​វិមាន​ថ្ងៃទី​១៧ ខែតុលា ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ បង្ហាញ​បំណង​តែងតាំង​លោក David Stilwell ដែលជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មួយ​ចូលនិវត្តន៍រ​បស់ទ័ព​អាកាស ឲ្យ​កាន់តំណែង​ជា​ឧបការី​រដ្ឋមន្ត្រីការបរទេស​សម្រាប់​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​។ បេក្ខភាព​របស់លោក Stilwell នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ព្រឹទ្ធសភា​សិន ប៉ុន្តែ​លោក​មានសង្ឃឹម​ច្រើន​ដែល​អាច​ឆ្លង​ផុត​ដំណាក់កាល​នេះ​។​
 
​ជា​អតីត​អ្នកបើកបរ​យន្តហោះ​ចម្បាំង​ផង​នោះ ឧ​ត្ត​ម​សេនីយ៍​ត្រី Stilwell អាច​និយាយ​ភាសា​ចិន កូរ៉េ និង​ជប៉ុន​បាន​យ៉ាង​ល្អ ដែល​នេះ​ទំនងជា​ចំណុច​ពិសេស​មួយ​ដែល​លោក ត្រាំ មើលឃើញ និង​ប្រគល់​តួនាទី​ដ៏​សំខាន់​នេះ​ឲ្យ​។ កៅអី​ឧបការី​រដ្ឋមន្ត្រីការបរទេស​នេះ មិនមាន​អ្នក​អង្គុយ​ជាង​មួយឆ្នាំ​ហើយ បន្ទាប់ពី​លោក Daniel Russel លាលែង​នៅ​ខែមេសា ឆ្នាំ​២០១៧ ខណៈ​កូរ៉េខាងជើង​កំពុង​អុកឡុក​ខ្លាំង ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ក៏​កាន់តែ​តានតឹង​ទៅទៀត​។​
 
​សេត​វិមាន​បញ្ជាក់ថា លោក Stilwel ដែល​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៥ ក្រោយ​បំពេញការងារ​៣៥​ឆ្នាំ​។​នៅ​ឆ្នាំ​១៩៨០ លោក​ចូល​បម្រើ​ការងារ​ក្នុង​ទ័ព​អ​កាស​ជា​អ្នកជំនាញ​ភាសា​កូរ៉េ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង មុន​ទទួល​សញ្ញប​ត្រ​ផ្នែក​សិក្សា​អាស៊ី និង​ភាសា​ចិន ក្រោយមក​ធ្វើការ​នៅ​ជប៉ុន និង​ចិន​ដែរ​។ លោក​ជានា​យក​ក្រុមការងារ​ផ្ដោតលើ​យុទ្ធសាស្ត្រ​ចិន​របស់​ទីបញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​មាននៅ​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ និង​ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន East West ។ 
 
​អតីត​ឧបការី Russel បាន​ស្វាគមន៍​គម្រោង​របស់លោក ត្រាំ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Russel និយាយថា លោក​ធ្លាប់​ធ្វើការ​ជាមួយ និង​ស្គាល់​លោក Stilwell យ៉ាងច្បាស់ ហើយ​លោក​រីករាយ​ដែល​លោក ត្រាំ ជ្រើសរើស​អ្នកជំនាញ​កិច្ចការ​អាស៊ី​ឲ្យ​កាន់តំណែង​សំខាន់​មួយ​នេះ​។ លោក​ក៏​សង្ឃឹមថា ព្រឹទ្ធសភា​អាមេរិក​នឹង​យល់ព្រម​ដែរ​។ 
 
​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក រិច ធី​ល័​រ​សិន ធ្លាប់​ស្នើ​បេក្ខភាព​លោកស្រី Susan Thornton ឲ្យ​កាន់តំណែង​នេះ​។ ប៉ុន្តែ​លោកស្រី​ត្រូវបាន​មន្ត្រីរដ្ឋបាល​លោក ត្រាំ ដែលមាន​ជំហរ​តឹងរ៉ឹង​ខ្លាំង មើលឃើញថា ជា​មនុ​ស្សមាន​ជំហរ​ទន់ភ្លន់​ដាក់​ចិន ហើយ​បេក្ខភាព​របស់លោក​ស្រី​ក៏​មិនបាន​ទៅដល់​ព្រឹទ្ធសភា​អាមេរិក​រហូតមក​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  David Stilwell
© រក្សាសិទ្ធិដោយ thmeythmey.com