ជាតិ
សង្គមជាតិ
ត្រីចំនួន៥០០ ប្រភេទ មិនផុតពូជ គ្រាន់តែថយចុះ ដោយសារការនេសាទខុសច្បាប់
× ភ្នំពេញ៖ ត្រីចំនួន៥០០ ដែលផ្លាស់ទីនៅទន្លេមេគង្គកម្ពុជា ពុំមានការផុតពូជទេ គ្រាន់តែបរិមាណត្រីថយចុះជាងមុនតែប៉ុណ្ណោះ។ ការថយចុះបែបនេះ ដោយសារតែមានអ្នកនេសាទខុសច្បាប់ និងចាប់ត្រីនៅរដូវត្រីកំពុងពង។ នេះជាការលើកឡើងរបស់លោក ប្រធានរដ្ឋបាលជលផល អេង ជាសាន ដែលបានប្រាប់ដល់អ្នកកាសែត នៅសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកវិស័យក្នុងការគ្រប់គ្រង និងអភិរក្ស ប្រភេទត្រីធ្វើចរាចរក្នុងប្រទេសកម្ពុជា»។
ថ្លែងក្នុងសិក្ខាសាលានេះ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រនៃការងារអភិរក្សត្រីរបស់រដ្ឋបាលជលផល បានកាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន ដែលជាហេតុមិនធ្វើប្រភេទត្រីណាមួយបាត់បង់ឡើយ មានតែថយចុះទៅវិញ ដោយសារការនេសាទខុសច្បាប់ និងបម្រែបម្រួលអាកាសធាតុ និងការចាប់ត្រីក្នុងរដូវត្រីពង ។ ជាពិសេសការប្រើប្រាស់ថ្នាំសម្លាប់ល្អិត ឬជីគីមី និងការកើនឡើងចំនួនអ្នកបរិភោគសាច់ត្រី ដែលបណ្តាលឲ្យបរិមាណត្រីមានការថយចុះ។
លោក អេង ជាសាន បានបន្ថែមថា ការថយចុះបរិមាណត្រី គឺបណ្តាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដែលជាការរារាំងបន្លាស់ទីរបស់ត្រី។ លោក ជាសាន បញ្ជាក់ថា៖ «បើសិនគេចង់សាងសង់វារីអគ្គិសនី គួរណាស់អ្នកវិទ្យាសាស្ត្រ ត្រូវសិក្សាឲ្យច្បាស់ថាតើគួរតែសាងសង់ជណ្តើរត្រីបែបណា ដើម្បីឲ្យត្រីអាចបន្លាស់ត្រីបាន និងអាចបន្តពូជ»។
ត្រីជាង៥០០ ប្រភេទនេះ ផ្លាស់ទីទៅវិញទៅមករវាងដែនទន្លេមេគង្គ កម្ពុជា និងឡាវ ហើយប្រភេទត្រីទាំងនោះរស់នៅដោយពឹងផ្អែកលើ ថ្ម រុក្ខជាតិ ខ្សាច់ និងព្រៃឈើ ដើម្បីបន្តពូជដោយសុវត្ថិភាព។ លោក ជាសានបន្ថែមថា៖ «យើងមានផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់២០២៤ ដើម្បីជំរុញវិស័យការគ្រប់គ្រង និងការអភិរក្សប្រភេទត្រី ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព និងដើម្បីឲ្យប្រភេទត្រីទាំងនេះ ឈានទៅរកទីផ្សារអន្តរជាតិ»។
ដោយសារព្រួយបារម្ភចំនួនត្រីថយចុះ ប្រធានរដ្ឋបាលជលផលរូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ ចូលរួមការពារសម្បត្តិធនធានធម្មជាតិ និងអភិរក្សប្រភេទត្រី កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលនាំឲ្យបាត់បង់ប្រភេទត្រីនៅកម្ពុជា។
ជាមួយគ្នាផងដែរ លោក ជាសាន នឹងប្រកាសឲ្យប្រជាពលរដ្ឋធ្វើត្រីប្រហុក និងប្រមូលត្រី នៅដើមខែឆ្នូ ឆ្នាំ២០១៨ រហូតដល់ខែមករា ឆ្នាំ២០១៩៕
Tag:
ត្រី
ទន្លេមេគង្គ
អេង ជាសាន
© រក្សាសិទ្ធិដោយ thmeythmey.com