រដ្ឋអាមេរិកខាងជើង កាណាដានៅថ្ងៃពុធទី ១៧ ខែតុលាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយសម្រេចធ្វើឲ្យការប្រើប្រាស់កញ្ឆាស្របច្បាប់នៅក្នុងប្រទេសទាំងមូល។ កាណាដាដែលក្លាយជាប្រទេសទីពីរលើលោកដែលធ្វើបែបនេះនោះបានអះអាងថា ការអនុញ្ញាតឲ្យប្រជាជនប្រើប្រាស់កញ្ឆាគឺដើម្បីការពារសុខុមាលភាពប្រជាជន និងប្រឆាំងការជួញដូរកញ្ឆាខុសច្បាប់របស់ក្រុមឈ្មួញទុច្ចរិតផង។ ក្រោមគោលនយោបាយនេះ ប្រជាជនកាណាដាអាចរកទិញកញ្ឆាដើម្បីប្រើប្រាស់បានពីហាងដែលអនុញ្ញាតដោយរដ្ឋាភិបាល និងតាមការកំណត់ត្រឹមត្រូវ ខណៈដែលរដ្ឋអាចរកចំណូលពីពន្ធបានរហូតដល់ ៤០០លានដុល្លារក្នុងមួយឆ្នាំឯណោះ។
កាណាដាក្លាយជាប្រទេសទីពីរដែលបានអនុញ្ញតឲ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់។ ការអនុញ្ញាតឲ្យនេះអនុលោមតាមច្បាប់គ្រប់គ្រងគ្រឿងញៀនថ្មីដែលផ្តល់សិទ្ធិឲ្យប្រជាជនអាចប្រើប្រាស់កញ្ឆាបាន។ កាណាដាបានចេញច្បាប់កំណត់ថា ការប្រើប្រាស់កញ្ឆាជារឿងខុសច្បាប់ចាប់ពីឆ្នាំ ១៩២៣ ហើយក្នុងឆ្នាំ ២០០១ កាណាដាបានអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាក្នុងគោលដៅសុខាភិបាល។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រជាជនកាណាដាដែលមានវ័យយ៉ាងតិច ១៨ឆ្នាំអាចមានសិទ្ធិទិញកញ្ឆាបាននៅតាមទីតាំងឬហាងដែលទទួលស្គាល់តាមច្បាប់ចាប់ពីថ្ងៃពុធទី ១៧ តុលាតទៅ។ មនុស្សម្នាក់ៗអាចទិញកញ្ឆាបានត្រឹម ៣០ក្រាមប៉ុណ្ណោះ ហើយបើទិញលើសកំណត់ វានឹងត្រូវចាត់ទុកជាអំពើខុសច្បាប់។
បន្ទាប់ពីមានការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆានេះ ប្រជាជនកាណាដាជាច្រើនបានប្រមូលផ្តុំនៅតាមទីក្រុងដើម្បីអបអរសាទរ។ លើសពីសាទរ ប្រជាជនមួយចំនួនបានអះអាងថា ខ្លួនមិនធ្លាប់គិតថា រឿងបែបនេះកើតឡើងឡើយ ហើយក៏មោទកភាពដែរ ដែលរដ្ឋាភិបាលក្រុងអូតាវ៉ាសម្រេចបែបនេះ។
ភ្លាមៗក្រោយ រដ្ឋាភិបាលបញ្ចប់បម្រាមប្រើប្រាស់កញ្ឆានេះ គេឃើញប្រជាជនកាណាជាច្រើនចាប់ផ្តើមកុម្ម៉ង់ទិញកញ្ឆាដើម្បីប្រើប្រាស់ដែរ។ តាមទីភ្នាក់ងារព័ត៌មាន AP ហាងយ៉ាងតិច ១០០ បានបើកនៅថ្ងៃពុធដើម្បីលក់កញ្ឆានេះ ហើយសហគ្រាសប្រហែល ១២០ ទទួលបានសិទ្ធិក្នុងការដាំដុះកញ្ឆាដើម្បីផ្គត់ផ្គង់ទីផ្សារដែរ។
ក្រៅពីលើកលែងការហាមឃាត់ រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈកាណាដា Ralph Goodale បានប្រកាសផងដែរពីគម្រោងរដ្ឋាភិបាលក្នុងការលើកលែងទោសឲ្យប្រជាជនដែលត្រូវបានកាត់ទោសដោយសារទិញឬប្រើប្រាស់កញ្ឆាក្នុងគោលដៅជក់កម្សាន្តធម្មតា។ ពួកគេក៏អាចមានសិទ្ធិ និងឱកាសប្រសើរជាងមុនក្នុងការទទួលបានការងារ, ការអប់រំ និងលំនៅដ្ឋាន។
យ៉ាងណាមិញ វាមានករណីលើកលែងមួយចំនួនក្នុងការអនុវត្តច្បាប់ថ្មីនេះ។ ខេត្ត Ontario មិនអនុវតច្បាប់ថ្មីនេះភ្លាមៗឡើយ។ គេត្រូវរង់ចាំរហូតដល់មេសាឆ្នាំក្រោយឯណោះ ដោយសារដ្ឋាភិបាលតំបន់ថ្មីប្រចាំខេត្តនេះអះអាងថា ខ្លួនត្រូវការពេលវេលាបន្ថែមសិនដើម្បីរៀបចំការលក់ដូរកញ្ឆានៅក្នុងហាងឯកជន។ ប៉ុន្តែប្រជាជនក្នុងខេត្តនៅតែអាចបញ្ជាទិញកញ្ឆាតាមអនឡាញបាន។
ចំណែកនៅ British Colombia ដែលស្ថិតក្នុងចំណោមខេត្តដែលមានអត្រាអ្នកប្រើប្រាស់កញ្ឆាច្រើនជាងគេនោះនឹងមានហាងទទួលបានសិទ្ធិក្នុងការលក់កញ្ឆាស្របច្បាប់តែមួយប៉ុណ្ណោះ។
-ហេតុអ្វីបានកាណាដាអនុញ្ញាតឲ្យមានការលក់និងប្រើប្រាស់កញ្ឆាស្របច្បាបបែបនេះ?
វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កាណាដា។ មកដល់បច្ចុប្បន្ន កាណាដា ក្លាយជាប្រទេសទីពីរលើពិភពលោកដែលអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់ដូច្នេះបន្ទាប់ពីអ៊ុយរ៉ូហ្កាយ។ ប៉ុន្តែប្រទេសជាច្រើនលើលោករួមទាំងអឺរ៉ុបនោះបានចាប់ផ្តើមអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាក្នុងគោលដៅសុខាភិបាល ខណៈដែលរដ្ឋចំនួន ៩នៅសហរដ្ឋអាមេរិកអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាស្របច្បាប់ដែរ។
តាមពិតទៅ ការសម្រេចឲ្យមានការលក់ដូរកញ្ឆាដោយស្របច្បាប់ជាគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ហើយម្យ៉ាងទៀត វាក៏ជាយុទ្ធសាស្ត្រដើម្បីទាញប្រជាប្រិយភាពមុនការបោះឆ្នោតសភាមកដល់ឆ្នាំ ២០១៩ដែរ។ លោកបានសន្យាធ្វើបែបនេះក្នុងពេលឃោសនាឆ្នាំ ២០១៥ ពេលលោកឈរជាឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ គោលដៅសំខាន់នៃគោលនយោបាយនេះគឺ ការពារឬថែរក្សាសុខភាពយុវជនយុវនារីកាណាដា និងដោះស្រាយបញ្ហាជួញដូរកញ្ឆាខុសច្បាប់នៅក្នុងសង្គមកាណាដាដែលជាបញ្ហាដ៏រសើបនោះ។
លោក ទ្រូដូ បានសង្កត់ធ្ងន់ថា ច្បាប់មានអាយុកាលជាងមួយសតវត្សដែលកំណត់ថាការប្រើប្រាស់ ឬទិញលក់កញ្ឆាខុសច្បាប់នោះ មិនមានប្រសិទ្ធភាពឡើយ ហើយក្រុមឈ្មួញសង្គមងងឹតវិញបានបន្តទាញប្រយោជន៍ច្រើនពីបញ្ហានេះ ព្រោះប្រជាជនកាណាដាច្រើនណាស់ដែលប្រើប្រាស់កញ្ឆាលួចលាក់។
ក្នុងពេលប្រជុំសភា នាយករដ្ឋមន្ត្រីរូបនេះបានពន្យល់ថា ការហាមឃាត់កន្លងមកលើការប្រើប្រាស់កញ្ឆាក្នុងលក្ខខណ្ឌសមស្របនេះ បង្កផលប៉ះពាល់ខ្លាំងលើសហគមន៍នានានៅកាណាដាកន្លងមកជាពិសេសប្រជាជនក្រីក្រដែលនាំគ្នាលួចប្រើប្រាស់កញ្ឆាដោយមិនត្រឹមត្រូវឬសមស្របតាមការកំណត់ត្រឹមត្រូវ។
បើតាមស្ថិតិរដ្ឋាភិបាលកាណាដា ប្រជាជនកាណាដាប្រហែល ៥,៤លាននាក់នឹងទិញកញ្ឆាដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០១៨ ដែលប្រហែល ១៥ភាគរយនៃប្រជាជនកាណាដាទាំងអស់។ ចំណែកប្រជាជន ៤,៩ លាននាក់រួចបានជក់កញ្ឆារួចទៅហើយ។
រដ្ឋាភិបាលលោក ទ្រូដូ ក៏បានព្យាករផងដែរថា ក្រោយការអនុវត្តច្បាប់ថ្មីនេះ រដ្ឋាភិបាលនឹងអាចរកពន្ធបានរហូតដល់ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដោយសារការលក់ដូរកញ្ឆាដោយស្របច្បាប់នេះដែរ៕