អន្តរជាតិ
ចិនខឹងអាមេរិកដែលចោទខ្លួនថា មានចរិតជញ្ជក់ឈាមអ្នកក្រដើម្បីបង្កើនឥទ្ធិពលផ្ទាល់ខ្លួន លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែតុលា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
× ក្រុងប៉េកាំង នៅថ្ងៃទី១៧ ខែតុលា បានបដិសេធពាក្យចោទរបស់មេដឹកនាំអាមេរិកដែលចោទថា ខ្លួនប្រើការទូតបំណុលដើម្បីបង្កើនឥទ្ធិពលពាសពេញពិភពលោក។ តាមរយៈក្រសួងការបរទេស ចិនឆ្លើយតបវិញថា ជំនួយ ឬកម្ចីរបស់ខ្លួន គឺដើម្បីបំពេញតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលក្រខ្សត់ធនធាន ដោយឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមក។ ចិនក៏ប្រាប់ឲ្យអាមេរិកបញ្ឈប់ទង្វើដែលរាំងស្ទះដល់ការជួយគ្នាទៅមករបស់សហគមន៍អន្តរជាតិ។
ការផ្ដល់ជំនួយ និងកម្ចីពីសំណាក់ចិនទៅប្រទេសផ្សេង នៅតែជាប្រធានបទដែលអាមេរិកបន្តវាយប្រហារមិនចេះចប់។ សប្ដាហ៍មុន អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន រិះគន់ថា ចិនកំពុងយកការទូតបំណុលធ្វើជាឧបករណ៍ពង្រាយឥទ្ធិពល ឯរដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស វិញក្នុងដំណើរទស្សនកិច្ចនៅវៀតណាមចោទចិនថា មានចរិតជញ្ជក់ឈាមគេឯងតាមផ្លូវសេដ្ឋកិច្ច ដោយបានផ្ដល់កម្ចីសន្ធឹកសន្ធាប់ដល់ប្រទេសតូចដែលពិបាកសងវិញ។
ចិនបង្ហាញការខកចិត្តចំពោះការអធិប្បាយរបស់មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន និងចាត់ទុកជាការនិយាយកុហក និងដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។ នៅថ្ងៃទី១៧ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន លូ កាង បាននិយាយការពារការផ្ដល់ជំនួយហិរញ្ញវត្ថុរបស់ចិនទៅប្រទេសក្រីក្រ ដែលមានសមត្ថភាពឧស្សាហកម្មទាប កង្វះការពឹងផ្អែកលើខ្លួនឯង ហេដ្ឋារចនាសម្ព័នន្ធអន់ថយ និងជួបបញ្ហាហិរញ្ញវត្ថុផង។
សម្រាប់អ្នកនាំពាក្យរូបនេះ បញ្ហាដែលប្រទេសក្រីក្រទាំងនោះកំពុងជួបប្រទះ ក៏ចិនធ្លាប់ជួបដូចគ្នានាដែរ ដូចនេះចិនដឹងពីតម្រូវការរបស់ពួកគេ ហើយក៏បានធ្វើកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅមកជាមួយប្រទេសទាំងនោះ ដោយអនុវត្តតាមគោលការណ៍យុត្តិធម៌ និងការផ្ដល់ជំនួយដោយគ្មានចំណង។ លោក លូ បានលើកឧទាហរណ៍គម្រោងផ្លូវដែកនៅកេនយ៉ាដែលចិនជួយបង្កើតការងារ៥ម៉ឺនកន្លែង និងគម្រោងច្រករបៀងសេដ្ឋកិច្ចនៅប៉ាគីស្ថានដែលជំរុញកំណើនសេដ្ឋកិច្ច២.៥ភាគរយផង។
នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លូ ក៏ឆ្លៀតរំឭកពីបំណងរបស់ប្រទេសក្រីក្រដែលចង់បានជំនួយពីប្រទេសអ្នកមានរាប់ទាំងអាមេរិកផង ហើយដែលជំនួយទាំងនោះមិនគួរមានលក្ខខណ្ឌអ្វីឡើយ។ ដោយចង់សំដៅអាមេរិក មន្ត្រីក្រសួងការបរទេសចិនដដែលបន្តថា ប្រទេសខ្លះបើមិនអាចជួយដូចក្ដីរំពឹងបាននោះ គួរតែកុំធ្វើជាឧបសគ្គដល់ប្រទេសផ្សេងក្នុងការជួយប្រទេសកំពុងអភិវឌ្ឍ ឬហោចណាស់កុំធ្វើបាបប្រជាជនប្រទេសទាំងនោះអី។
ជុំវិញរឿងបំណុលវិញ លោក លូ ក៏បានអះអាងថា មកទល់ពេលនេះ មិនទាន់មានប្រទេសណាធ្លាក់ក្នុងអន្ទាក់បំណុលដូចការអះអាងរបស់លោកខាងលិចឡើយ ហើយបើមាន ក៏ស្ថិតនៅកម្រិតតិចតួចដែរ។ លោកនិយាយដល់ករណីស្រីលង្កាដែលស្ថិតនៅកណ្ដាលរឿងអាស្រូវបំណុលនេះ ដោយលោកលើកឡើងថា ត្រឹមឆ្នាំ២០១៧ កម្ចីចិនស្មើនឹង១០ភាគរយនៃបំណុលសរុបរបស់ប្រទេសនេះ នៅហ្វីលីពីនវិញមានត្រឹម១ភាគរយប៉ុណ្ណោះ៕
Tag:
ចិន
អាមេរិក
បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com