ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ឲ្យ​ពលរដ្ឋ​ទៅប្រើ​ប្រាស់​ទឹក​តំបន់​ក្បាលឆាយ​វិញ ព្រោះ​បឹង​ព្រែក​ទប់​កខ្វក់​
18, Oct 2018 , 4:34 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹក​បឹង​ព្រែក​ទប់ លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត សម្រាប់​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប្រើប្រាស់​ទៀតហើយ ។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ដែល​ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅប្រើ​ប្រាស់​ប្រភពទឹក​ពី​តំបន់​ក្បាលឆាយ​វិញ​។​

 
​មូល​ហេតុដែល​អាជ្ញាធរ​លែង​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​បឹង​ព្រែក​ទប់​នេះ ដោយសារ​ទឹកធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ ប្រែក្លាយជា​កខ្វក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​និយាយថា ទឹក​បឹង​ធម្មជាតិ ដែល​ប្រែក្លាយជា​កខ្វក់​នេះ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​កើនឡើង ទើប​ធ្វើ​ឲ្យ​កង្វះ​អនាម័យ គប្បី​ផ្សំ​នឹង​ការសាងសង់​សំណង់​អគារ នៅក្បែរ​តំបន់​នោះ​ផងដែរ​។​
 
​នៅពេល​សួរថា តើ​ទឹក​បឹង​ព្រែក​ទប់ ដែល​ប្រែក្លាយជា​កខ្វក់​នេះ ដោយសារតែ​ក្រុមហ៊ុន​ចាក់ដី​លុប​បឹង​មែន​ទេ​? លោក ឱ សារឿន បដិសេធថា មិនមែន​ដោយសារ​ការចាក់ដី​លុប​បឹង​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា​៖«​បញ្ហា​ទឹកស្អាត​បឹង​ព្រែក​ទប់​នេះ ដោយសារតែ​កំណើន​ពលរដ្ឋ​ច្រើន ពួកគាត់​រស់នៅ​ដោយ​បង្ហូរ​កាកសំណល់​ចូលក្នុង​បឹង​។


រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ

ពីមុន​មាន​ចំនួន​ពលរដ្ឋ​រស់នៅ​តិច ទើប​វា​មិនមាន​ការប៉ះពាល់​ដល់​ទឹក​បឹង ហើយ​យើង​អាច​ឲ្យ​ពួកគាត់​ប្រើប្រាស់​បាន ប៉ុន្តែ​ឥឡូវនេះ ពួកគាត់​រស់នៅ​ច្រើន​ធ្វើ​ឲ្យ​ទឹក​កខ្វក់ ទើប​យើង​មិនអាច​ឲ្យ​ពួកគេ​ប្រើប្រាស់​បាន​ដូច​មុន​ឡើយ​។ ម្យ៉ាង​រៀងរាល់ឆ្នាំ ឲ្យ​តែ​រដូវប្រាំង បើ​វា​មាន​រយៈពេល​ខ្លី ពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​នេះ​បាន ប៉ុន្តែ​បើ​ប្រាំង​រយៈពេល​វែង​វិញ ពលរដ្ឋ​គឺ​ខ្វះខាត​ទឹក​ប្រើប្រាស់​ផងដែរ​»​។​
 
​ដោយសារតែ​បញ្ហា​នេះ ទើប​អាជ្ញាធរ​សម្រេច​រៀបចំ​អាង​ស្តុ​ង​ទឹក​នៅ​តំបន់​ក្បាលឆាយ ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ជំនួស​ទឹក​បឹង​ព្រែក​ទប់​វិញ​។ «​យើង​បាន​សាងសង់​ប្រភពទឹក​ធម្មជាតិ​នៅ​ក្បាលឆាយ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​វិញ ហើយ​យើង​ធានា​ឲ្យ​ពលរដ្ឋ​ទាំងស្រុង ក្នុងការ​ប្រើប្រាស់​»​។ នេះ​បើតាម​លោក ឱ សារឿន ។​


រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
 
​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល បានផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន ដោយ​កាត់​ផ្ទៃ​បឹង​មួយចំណែក​សម្រាប់​ការអភិវឌ្ឍន៍ និង​មួយ​ភាគ​ធំ​ទៀត​សម្រាប់​កែលម្អរ​ឲ្យ​ទៅជា​សួន​រមនីយដ្ឋាន​ទេសចរណ៍ ។ នៅក្នុង​គម្រោង​ដែល​បានគ្រោង​ទុក ក៏មាន​សាងសង់​នូវ​ផ្លូវ​កាត់ ដើម្បី​បញ្ជៀ​ស​ចរាចរ ព្រមទាំង​មានការ​រៀបចំ​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌​ផងដែរ ។

ការរៀបចំ​កែលម្អ​ផ្ទៃ​បឹង​នេះ នឹងត្រូវ​ធ្វើឡើង​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ដើម្បី​ប្រែ​ក្លាយទៅជា​រមនីយ៍ដ្ឋាន​ទេសចរណ៍ កម្សាន្ត​ដែលមាន​ភាព​ទាក់ទាញ​សំរាប់​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​មក​ទស្សនា ។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​
 
​រដ្ឋាភិបាល បានសម្រេច​កាត់​ដី​១១,៥០​ហិកតា ចេញពី​តំបន់​អភិរក្ស «​ទឹកសាប​ព្រែក​ទប់​» ដែលមាន​ទីតាំង​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ការ​កាត់​ដី​នេះ ធ្វើ​ឲ្យ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ នៅសល់​ដី​តែ ៤,៨០ ហិកតា​ប៉ុណ្ណោះ​។ នេះ​បើតាម​អនុក្រឹត្យ ដែល​ចុះ​តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​មក ហើយ​ទើប​ត្រូវបាន​បញ្ចេញ​នាពេល​ថ្មីៗ​នេះ ។ 


រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
 
​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស កាលពី​ឆ្នាំ​២០១៦ ដែលមាន​ផ្ទៃដី​សរុប ១៦,៣០​ហិកតា​។ តំបន់​អភិរក្ស​នេះ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕
 

Tag:
 ​ឱ សារឿន​
  ព្រះសីហនុ​
  ព្រែក​ទប់​
© រក្សាសិទ្ធិដោយ thmeythmey.com